​រដ្ឋមន្ត្រី​៖ និស្សិត​ពេទ្យ ត្រូវខិតខំ​ប្រឹងប្រែង​រៀនសូត្រ ប្រកបដោយ​វិជ្ជាជីវៈ

ភ្នំពេញ: ​លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង  បាន​ណែនាំ​ដល់​និស្សិត ដែល​កំពុង​សិក្សា នៅ​សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល ទាំងអស់ ត្រូវ ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ឲ្យ​អស់ពី​កម្លាំងកាយ និង​កម្លាំងចិត្ត ដើម្បី​ស្រូបយក​នូវ​ចំណេះដឹង និង​ចំណេះធ្វើ និង​ខិតខំ​លើកកម្ពស់ និង​គោរព​ឲ្យ​បាន​ខ្ជាប់​ខ្ជូ​ន នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ នៅពេលដែល​ចុះ​ធ្វើ​កម្មសិក្សា ឬ​ចេញទៅ​ប្រកប​វិជ្ជាជីវៈ ដើម្បី​ក្លាយជា​បញ្ញវ័ន្ត​មួយរូប​ដ៏​ពូកែ​។​

​ក្នុងឱកាស​បើក​បវេសនកាល ឆ្នាំ​សិក្សា​២០១៥-២០១៦ របស់​សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល បាន​មានប្រសាសន៍ថា ដើម្បី​បន្ត​ពង្រឹងសមត្ថភាព របស់​មន្ត្រី​សុខាភិបាល ទាំង​នៅ​ស្ថាប័នរដ្ឋ និង​ឯកជន ក្នុង​ការផ្តល់សេវា​សុខភាព ជូន​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់ ឲ្យ​មានគុណ​ភាពល្អ សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល ជាពិសេស​លោក​លោកស្រី សាស្ត្រាចារ្យ​ទាំងអស់ ត្រូវខិតខំ​ប្រឹងប្រែង ធ្វើការ​ស្រាវជ្រាវ​បន្ថែមទៀត ធ្វើ​បច្ចុប្បន្នភាព ចំណេះដឹង​របស់ខ្លួន ទាំង​ចំណេះដឹង​បច្ចេកទេស សុខាភិបាល និង​ចំណេះដឹង គរុកោសល្យ ក្នុងការ​បង្រៀន ដើម្បី​ធ្វើយ៉ាងណា អាច​ផ្ទេរ​ចំណេះដឹង​របស់ខ្លួន ជូន​និស្សិត​ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់​។​

​លោក​រដ្ឋមន្ត្រី បាន​បន្តថា សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល ត្រូវ​អភិវឌ្ឍ​ខ្លួន​កាន់តែ​ប្រសើរឡើង តាម​ផែនការ​យុទ្ធសាស្ត្រ ៥ ឆ្នាំ (២០១៤-២០១៨) ដើម្បី​ត្រៀមលក្ខណៈ​ជា​ជំហានៗ ផលិត​នូវ​អ្នកជំនាញ​សុខាភិបាល ដែល​អាច​ទទួលស្គាល់​បាន ដោយ​សហគមន៍​អាស៊ាន និង​អន្តរជាតិ ជាពិសេស​ត្រូវខិតខំ​ស្វះស្វែង រក​កិច្ចសហប្រតិបត្តិការ បន្ថែមទៀត ជាមួយ​ដៃគូ​អភិវឌ្ឍ និង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ផ្សេងៗ ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស បណ្តា​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន ដើម្បី​សិក្សា​បទពិសោធន៍ និង​ចងសម្ព័ន្ធភាព​។​

​លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា "​ដើម្បី​ផលិត​បាន​នូវ​បញ្ញវ័ន្ត មួយរូប​ដ៏​ពូកែ យើង​ត្រូវមាន​គ្រូ​ពូកែ ហើយ​កាន់តែ​មិនអាច ខ្វះ​បាន​ទៀត​នោះ គឺ​យើង​ត្រូវមាន​និស្សិត ដែល​ព្យាយាម ឆ្លាត​វៃ និង​មាន​វិន័យ​។ ដូច្នេះ​ខ្ញុំ​សូម​ក្រើនរំលឹក ដល់​ក្មួយៗ​និស្សិត​ទាំងអស់ ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ឲ្យ​អស់ពី​កម្លាំងកាយ និង​កម្លាំងចិត្ត ដើម្បី​ស្រូបយក​នូវ​ចំណេះដឹង និង​ចំណេះធ្វើ និង​ខិតខំ​លើកកម្ពស់ និង​គោរព​ឲ្យ​បាន​ខ្ជាប់​ខ្ជូ​ន នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ នៅពេលដែល​ចុះ​ធ្វើ​កម្មសិក្សា ឬ​ចេញទៅ​ប្រកប​វិជ្ជាជីវៈ​"​។​

​ក្នុងឱកាស​នោះដែរ លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ សកលវិទ្យា​ធិ​ការ សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល បាន​ប្រសាសន៍ថា ក្នុង​ឆ្នាំ​សិក្សា​២០១៤-២០១៥ កន្លងមកនេះ សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល បាន​បណ្តុះបណ្តាល​និស្សិត មាន​ចំនួន ៧.៦៦៥ នាក់ (​ស្រី​៤.០០៥​នាក់​) និង​និស្សិត​ចំនួន ៧៦២​នាក់ ទទួល​អាហារូបករណ៍ របស់​រាជរដ្ឋាភិបាល​។​

​លោក​ក៏បាន​លើកឡើង ពី​ការសម្រេចបាន នូវ​សមិទ្ធផល និង​ការកំណត់​គោលដៅ​យុទ្ធសាស្ត្រ យ៉ាងច្បាស់​លាស់​ទាំងអស់ ដែលជា​ការខិតខំ​ប្រឹង​ប្រែង របស់​មហាវិទ្យាល័យ និង​សាលា​ទាំងអស់ ចំនួន​១២​ចំណុច​ធំៗ ទាក់ទង​ទៅនឹង​ការលើកកម្ពស់ គុណភាព​នៃ​ការរៀន និង​បង្រៀន ការ​ទំនើបកម្ម​ការងារ​គ្រប់គ្រង ការត្រៀមខ្លួន​ធ្វើ សមាហរណកម្ម​អាស៊ាន នា​ចុងឆ្នាំ​២០១៥ ការកែលម្អ​កម្មវិធីសិក្សា នៅ​គ្រប់​មហាវិទ្យាល័យ សាលា ឲ្យ​ទៅជា​កម្មវិធីសិក្សា​ដែល​ផ្អែកលើ​សមត្ថភាព​ជំនាញ ដោយ​ធ្វើការ​កែសម្រួល បង្កើត​នូវ​កម្មវិធី​មួយ ដែល​ផ្សារភ្ជាប់​ការសិក្សា​ទ្រឹស្តី ជាមួយនឹង​ការអនុវត្ត​បង្ហាញ​ត្រាប់ មុននឹង​ធ្វើការ​អនុវត្ត​លើ អ្នកជំងឺ​ផ្ទាល់​នៅតាម​គ្លីនិក មន្ទីរពេទ្យ ឬ​មន្ទីរពិសោធន៍​ផ្សេងៗ​។ ទន្ទឹមនឹងនេះ យើង​បានរៀបចំ បំពាក់​ឧបករណ៍​ទំនើបៗ និង​សម្ភារៈ​ផ្សេងៗ សម្រាប់​មន្ទីរពិសោធន៍ បង្ហាញ​ត្រាប់​របស់ មហាវិទ្យាល័យ​វេជ្ជសាស្ត្រ មហាវិទ្យាល័យ ឱសថ​សាស្ត្រ និង​ទន្តសាស្ត្រ​៕V

​រដ្ឋមន្ត្រី​៖ និស្សិត​ពេទ្យ ត្រូវខិតខំ​ប្រឹងប្រែង​រៀនសូត្រ ប្រកបដោយ​វិជ្ជាជីវៈ

​រដ្ឋមន្ត្រី​៖ និស្សិត​ពេទ្យ ត្រូវខិតខំ​ប្រឹងប្រែង​រៀនសូត្រ ប្រកបដោយ​វិជ្ជាជីវៈ

​រដ្ឋមន្ត្រី​៖ និស្សិត​ពេទ្យ ត្រូវខិតខំ​ប្រឹងប្រែង​រៀនសូត្រ ប្រកបដោយ​វិជ្ជាជីវៈ