សូម្បី​តែ​ដើម​ធ្នង់​មួយ​ដើម​នៅ​រមណីយដ្ឋាន​វាល​ថ្ម​រំ​ប្លង់​ក៏​មិន​លើកលែង​ដែរ​

ដោយ​៖​ភួង ផុន 

​ខេត្តរតនគិរី​៖​ដើម​ធ្នង់​មួយ​ដើម​ជា​បេះដូង នៃ​រមណីយដ្ឋាន​វាល​ថ្ម​រំ​ប្លង់ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​គ្នា​កាប់​ជីក​រំលើង​ទាំង​ឫស​យកទៅលក់ ខ្លះ​ឆ្លើយថា​មិនដឹង ហើយ​ខ្លះទៀត ឆ្លើយ​ដាក់បន្ទុក​លើ​ក្រុម​អ​គិស​នី​។​

   ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅមក និង​ភ្ញៀវទេសចរ មានការ​ភ្ញាក់ផ្អើល ខណៈពេលដែល​ឈើ​ធ្នង់​ដ៏​ធំ​មួយ​ដើម ដុះ​ប្រប​តាម​ដងផ្លូវ ពី​ស្រុក​អូរ​ជុំ ទៅ​ស្រុក​តា​វែង ស្ថិតក្នុង​ភូមិ​ណង​ឡិ ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ក្នុងព្រៃ​សហគមន៍ ត្រង់ចំណុច​រមណីយ៍ដ្ឋាន វាល​ថ្ម​រំ​ប្លង់ ត្រូវបាន​បាត់​នៅសល់តែ កំទេច​មែក​បន្តិចបន្តួច សូមបីតែ​រណ្ដៅ​ដែល​គេ​យក​គ្រឿងចក្រ​ជីក​កាយ យក​ទាំង​គល់​ទៅនោះ  ក៏​គេ​កាយ​បង្វែងដាន​មើល​មិន​ដឹងផង​។​

   បើតាម​ប្រភពព័ត៌មាន​ពី​អ្នកភូមិ​ណង​ឡិ បានអោយដឹងថា កាលពី​ថ្ង​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដើម​ធ្នង់​មួយ​ដើម​នេះ ត្រូវបាន​ក្រុមហ៊ុន​អគ្គិសនី​កាត់​យក​មួយ​មែក​រួចមកហើយ ដោយ​ថា​មែក​ធ្នង់​នេះ ត្រូវ​ប៉ះចំ​ជួរ​បន្ទាត់​បណ្ដាញ​អគ្គិសនី គ្រាន់តែ​មែក​នោះ មុខកាត់​ប្រហែលជា​៥០​សង់ទីម៉ែត្រ​ឯណោះ​។ រហូតដល់​យប់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ទើប​ដើម​ធ្នង់​នេះ ត្រូវបាន​បាត់ស្រមោល​ទាំងស្រុង​តែម្ដង​។​

   ករណី​ខាងលើនេះ​លោក សៃ យ៉ា ប្រធាន​សហគមន៍​ភូមិ​ណង​ឡិ​ថា គាត់​មិន​បានដឹង​ទេ ពីព្រោះ​គាត់​ទៅ​សិក្ខាសាលា​នៅ​ភ្នំពេញ​ថ្ងៃទី​១១ ចំណែក​លោក យ៉ូ​ម ប្រធានភូមិ​ណង​ឡិ បានអោយដឹងថា ដើម​ធ្នង់​មួយ​ដើម​នេះ​គេ​ថា ទើស​បង្គោល​ភ្លើង គាត់​មិន​បានដឹង​ដែរ ទាល់តែ​សួរ​ទៅ​អភិបាលស្រុក ហើយ​ការ កាប់​គាស់​ចាប់ពី​ពេលណា​គាត់​មិនបាន​ដឹង​ទេ គ្រាន់តែ​ដឹងថា​យប់​ជ្រៅ​ទើប​រួចរាល់​។​

    អ្នកស្រី ហឿង ឃឿ​ង អភិបាលស្រុក​អូរ​ជុំ​ថា ការកាប់​ឈើ​ខាងលើនេះ អ្នកស្រី​គ្រាន់តែ​ទទួលបាន​សេចក្ដីជូនដំណឹង​ពី​ក្រុមហ៊ុន​អគ្គិសនី​តែប៉ុណ្ណោះ ចំណែក​ការកាប់​ឈើ​គឺ​ក្រុមហ៊ុន​អគ្គិសនី​កាប់​ខ្លួនគេ​។​

    ប្រធាន​មន្ទីរ​ទេសចរណ៍ លោក ង៉ែត វិទូរ មិនអាច​សុំ​ការបំភ្លឺ​បានទេ ដោយ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នក​លើក រីឯ​លោក អ៊ិន សា​មិន នាយ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ថា លោក​មិនដឹង​ទេ​។​

    ជុំវិញ​ករណី​ចោទប្រកាន់ថា ក្រុមហ៊ុន​អគ្គិសនី កាប់​ដើម​ធ្នង់​ដ៏​ធំ​ខាងលើ លោក ហៀ​ង សៅ​ឌី​ន ប្រធាន​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​ខេត្តរតនគិរី បដិសេធថា ការ​ចោទថា​លោក​កាប់​ដើម​ធ្នង់ និង​យក​មែក​ធ្នង់​ទៅធ្វើ​ថូផ្កា​នោះមិន​ពិត​ទេ ពីព្រោះ​ក្រុមហ៊ុន​លោក​គ្រាន់តែ​រាយ​ខ្សែភ្លើងពេលដែល​គេ​ដាំ​បង្គោល​រួច​។ បញ្ហា​នេះ​សូម​សួរ​ទៅ​ក្រុមហ៊ុន អ៊ីវ​ម៉េង ពីព្រោះ​ក្រុមហ៊ុន​នេះ​មាន​គោលការណ៍​ចរាចរណ៍​ពី​រាជរដ្ឋាភិបាលគេ​បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​ដែនដី ហើយ​ក៏មាន​លិខិត​ជូនដំណឹង​ដល់​អាជ្ញាធរខេត្ត​ដែរ​។​

    លោក សាក គឹម​សន ហៅ​ម៉ៅ មេការ​ក្រុមហ៊ុន​អ៊ីវ​ម៉េង បាន​បដិសេធ​យ៉ាង​ដាច់​អា​ហាំង​ការ​ថា ក្រុមហ៊ុន​លោក​ពុំមាន​ពាក់ព័ន្ធ​ការកាប់បំផ្លាញ​ព្រៃឈើ​តំបន់ស​គម​ន៍​នោះទេ គឺ​អាជ្ញាធរ​មូលដ្ឋាន​កាប់បំផ្លាញ​ដោយ​ខ្លួនឯង​។ ចំណែក​ដើម​ធ្នង់​យក្ស​ដ៏​ធំ​នោះ ក៏​មិន​ប៉ះពាល់​ចូល​គន្លង​បង្គោល​អគ្គិសនី​ដែរ ប៉ះពាល់​តែ​មែក​មួយ​ប៉ុណ្ណោះ  ហើយ​ធ្នង់​មួយ​មែក​នោះ ខាង​អាជ្ញាធរ​មូលដ្ឋាន​ក៏​ជា​អ្នក​កាប់​ដែរ ចំពោះ​ការកាប់បំផ្លាញ​ដើម​ធ្ន​ង​បន្តទៀត ជា​រឿង​របស់​អាជ្ញាធរ​មូល​ដ្ឋា​ន​។​

    គួរ​បញ្ជាក់ថា ក្រោយពី​ដើម​ធ្នង់​ដ៏​ធំ​ត្រូវគេ​កាប់បំផ្លាញ យកទៅលក់​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះ ព្រៃ​សហគមន៍​នៅ​ភូមិ​ណង​ឡិ ដែលជា​តំបន់​រមនីយ៍ដ្ឋាន​ទេសចរណ៍ កំពង់​រង​នូវ​ការកាប់បំផ្លាញ​ជា​បន្ត​យ៉ាង​រង្គៀល ពី​សំណាក់​ប្រជា​សហគមន៍ ដោយ​ពួកគាត់​អះអាងថា គេ​អ្នកមានអំណាច​កាប់​ដើម​ធ្នង់​យកទៅលក់​យកលុយ​ដាក់​ហោប៉ៅ​ចេះ​បាន​? គ្រាន់តែ​ពួកគាត់​កាប់​ដើម​ស្រឡៅ​យកទៅ​ធ្វើ​ផ្ទះ​ម៉េច​ក៏​មិនបាន​? ៕

សូម្បី​តែ​ដើម​ធ្នង់​មួយ​ដើម​នៅ​រមណីយដ្ឋាន​វាល​ថ្ម​រំ​ប្លង់​ក៏​មិន​លើកលែង​ដែរ​
សូម្បី​តែ​ដើម​ធ្នង់​មួយ​ដើម​នៅ​រមណីយដ្ឋាន​វាល​ថ្ម​រំ​ប្លង់​ក៏​មិន​លើកលែង​ដែរ​
សូម្បី​តែ​ដើម​ធ្នង់​មួយ​ដើម​នៅ​រមណីយដ្ឋាន​វាល​ថ្ម​រំ​ប្លង់​ក៏​មិន​លើកលែង​ដែរ​