យុវជន​មួយ​ចំនួន​យល់​ថា​វប្បធម៌​សន្ទនា​របស់​បក្ស​នយោបាយ​ទាំង​ពីរ​មិន​មែន​ជា​គំរូ​ល្អ

ក្នុង​ពេល​ដែល​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង និង​អាច​ឈាន​ទៅ​ដល់​ការ​បាត់​បង់​ទៅ​វិញ​នោះ ប្រការ​នេះ​ត្រូវ​បាន​យុវជន​មួយ​ចំនួន​មើល​ឃើញ​ថា វប្បធម៌​នេះ​មិន​មែន​ជា​គំរូ​ល្អ​នោះ​ទេ។

យុវជន​មួយ​ចំនួន​យល់​ឃើញ​ថា កិច្ច​សន្ទនា​នយោបាយ​កំពុង​ក្ដៅ​បច្ចុប្បន្ន​នេះ មិន​មែន​ជា​គំរូ​ដែល​ល្អ​ឲ្យ​យុវជន​ចាប់​យក​ទៅ​អនុវត្ត​សម្រាប់​ពេល​អនាគត​ទេ បើ​ទោះ​ជា​ការ​សន្ទនា​នេះ​មាន​ភាព​វិជ្ជមាន​ផង និង​អវិជ្ជមាន​ផង​ក្តី។

និស្សិត​ផ្នែក​ទស្សនវិជ្ជា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កញ្ញា កុប ច័ន្ទណាំ ថ្លែង​នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា ថា ភាព​ជាក់ស្ដែង​បច្ចុប្បន្ន ភាគ​ច្រើន​គឺ​អ្នក​នយោបាយ​ខំ​ប្រឹង​និយាយ​ហែកហួរ​គ្នា ដើម្បី​ផល​ប្រយោជន៍​ចំណេញ​នយោបាយ​រៀង​ខ្លួន មិន​គិត​ពី​អ្នក​ដទៃ៖ «ចំពោះ​ខ្ញុំ ខ្ញុំ​គិត​ថា​វប្បធម៌​សន្ទនា (គឺ) យើង​មិន​ត្រូវ​ប្រកាន់​ពាក្យ​សម្ដី​មួយ​ចំនួន​ខ្លាំង​ពេក​ទេ។ ជួន​កាល បុគ្គល​ខ្លះ​គាត់​ចង់​ចំណេញ​នយោបាយ ខំ​ប្រឹង​និយាយ​បង្អាប់​បន្ទោស​ខាង​ម្ខាង​ទៀត​ដើម្បី​ចំណេញ។ ប៉ុន្តែ​ម្ខាង​គាត់​ឃើញ​ម្ខាង​ទៀត​និយាយ​អ៊ីចឹង គាត់​ចាប់​ផ្ដើម​ប្រតិកម្ម​ភ្លាម។ ដល់​ពេល​អ៊ីចឹង វា​ជា​គំរូ​មិន​ល្អ​សម្រាប់​យុវជន​ដែរ។ គួរ​តែ​អត់ធ្មត់​ឲ្យ​បាន​ច្រើន ហើយ​ខ្ញុំ​មើល​ឃើញ​ថា ប្រទេស​កម្ពុជា អត់​ទាន់​ចាស់​ទុំ​ទេ​ផ្នែក​នយោបាយ។ ភាគ​ច្រើន​គ្រាន់​តែ​និយាយ​ពាក្យ​សម្ដី​មួយ​ចំនួន ក្ដៅ​ស្លឹក​ត្រចៀក​រៀង​ខ្លួន ដំឡើង​ធ្មុង​ដាក់​គ្នា​រៀង​ខ្លួន ហើយ​ស្រែក​អង្គការ​អន្តរជាតិ​ផ្សេងៗ ថា​ខ្លួន​ឯង​ចាស់​ទុំ​ផ្នែក​នយោបាយ ក៏ប៉ុន្តែ​ខ្ញុំ​មើល​ឃើញ​ជាក់ស្ដែង​អត់​ទាន់​ចាស់​ទុំ​ទេ​ផ្នែក​ហ្នឹង»

ទោះ​ជា​ដូច្នេះ​ក្ដី កញ្ញា កុប ច័ន្ទណាំ យល់​ឃើញ​ថា វប្បធម៌​សន្ទនា គឺ​ជា​វប្បធម៌​មាន​ប្រយោជន៍​សម្រាប់​យុវជន​រៀន​សូត្រ និង​យក​ទៅ​អនុវត្ត​នៅ​ថ្ងៃ​អនាគត។ កញ្ញា​បន្ត​ថា នៅ​ពេល​ដែល​យុវជន​ក្លាយ​ជា​អ្នក​តំណាង​រាស្ត្រ យុវជន​គប្បី​ប្រកាន់​យក​គោល​ជំហរ​វប្បធម៌​សន្ទនា​គ្នា ដើម្បី​កុំ​ឲ្យ​ប្រទេស​ជាតិ​ចលាចល។

ដោយឡែក យុវជន សុខ ណាឡែន ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​ច្បាប់ យល់​ថា យុវជន​មួយ​ចំនួន​នៅ​មិន​ទាន់​យល់​ច្បាស់​អំពី​វប្បធម៌​សន្ទនា ហើយ​បញ្ចេញ​មតិ​មិន​សមរម្យ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook)។ លោក​ចង់​ឲ្យ​យុវជន​ប្រើ​ការ​គិត ច្រើន​ជាង​ការ​ប្រើ​អារម្មណ៍ ដើម្បី​កុំ​ឲ្យ​ក្លាយ​ទៅ​ជា​កំហឹង៖ «យុវជន​មួយ​ចំនួន គាត់​ចេះ​តែ​ខំមិន (comment) ប្រើ​ពាក្យ​ភាសា​មិន​សមរម្យ​ទាក់ទង​វប្បធម៌​សន្ទនា គ្រាន់​តែ​ថា​សង្គ្រោះ​ជាតិ​ចាញ់​បោក​គណបក្ស​ប្រជាជន គណបក្ស​ប្រជាជន​ចង់​កូរ​យ៉ាង​ម៉េច​ស្រេច​តែ​ចិត្ត ពីព្រោះ​យើង​ឃើញ​ថា លោក កឹម សុខា ត្រូវ​ទម្លាក់​ចេញ​ពី​តំណែង វា​ធ្វើ​ឲ្យ​ប៉ះពាល់​វប្បធម៌​សន្ទនា។ អ៊ីចឹង​អ្នក​មិន​សូវ​យល់​វប្បធម៌​សន្ទនា យើង​ចេះ​តែ​ចាញ់​បោក​គេៗ។ យុវជន​យើង​គួរ​តែ​សិក្សា​ឲ្យ​បាន​ច្បាស់​ថា វប្បធម៌​សន្ទនា​ហ្នឹង​មាន​ប៉ុន្មាន​ចំណុច មុន​នឹង​យើង​សម្រេច​ចិត្ត​បញ្ចេញ​មតិ។ អ្នក​ខ្លះ​អត់​ទាន់​ថា​វប្បធម៌​សន្ទនា​ហ្នឹង​វា​មាន​ខ្លឹមសារ​យ៉ាង​ម៉េច​ទេ ប៉ុន្តែ​កេង​យក​ចំណេញ​គណបក្ស​រៀងៗ​ខ្លួន ដូចជា​គណបក្ស ស៊ី.អិន.អ.ភី (CNRP) គាត់​ថា​វប្បធម៌​សន្ទនា​ហ្នឹង​អ៊ីចេះ ឬ​អ៊ីចុះ ដល់​ពេល​គណបក្ស ស៊ី.ភី.ភី (CPP) គាត់​ថា​វប្បធម៌​សន្ទនា​ហ្នឹង​ធ្វើ​ឡើង​ដើម្បី​រក្សា​គោល​ជំហរ​ប្រទេស​ជាតិ​អី គឺ​របៀប​អ៊ីចឹង»

ទន្ទឹម​គ្នា​នេះ នាយក​ប្រតិបត្តិ​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា ថ្លែង​ថា ការ​សន្ទនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ សព្វថ្ងៃ​នេះ ខាង​លោក​ជា​យុវជន​មិន​ហៅ​ថា​ជា​វប្បធម៌​សន្ទនា​នៅ​ឡើយ​ទេ៖ «ព្រោះ​ដោយសារ​ថា តែ​កាលណា​យើង​និយាយ​ពាក្យ​ថា​វប្បធម៌ មាន​ន័យ​ថា វា​ក្លាយ​ទៅ​ជា​ទម្លាប់​ក្នុង​ការ​ជជែក​ដេញដោល​ជាមួយ​គ្នា។ ប៉ុន្តែ​ស្រុក​យើង​កាលណា​មាន​រឿង​កាន់​តែ​រសើប កាន់​តែ​ក្ដៅ ហិង្សា​កាន់​តែ​ធំ។ ប៉ុន្តែ​ចុង​ក្រោយ​ទៅ​វិញ​ទេ ដែល​ជ្រើសរើស​យក​ការ​សន្ទនា​មក​ធ្វើ​ជា​ដំណោះស្រាយ​គ្រប់​ដំណាក់​នៃ​នយោបាយ​ទាំងអស់ ទោះ​បី​ការ​រួបរួម​ជាតិ​ជាមួយ​ខ្មែរ​ក្រហម​ចុង​ក្រោយ គឺ​មាន​ការ​ចរចា​សន្ទនា​គ្នា​គ្រប់​ភាគី​ទាំងអស់​នៅ​ក្នុង​នយោបាយ។ អ៊ីចឹង​កន្លែង​ហ្នឹង​ហើយ​ដែល​មើល​ទៅ​ហាក់​ដូចជា​មាន​ប្រយោជន៍ ឬ​ឥទ្ធិពល​អី​ទូលំទូលាយ​ទៅ​ដល់​មហាជន​ទេ ហើយ​ហាក់​ដូចជា​មិន​ផ្ដល់​នូវ​គំរូ​ភាព​ល្អ​ក្នុង​ការ​សន្ទនា​ទៅ​ដល់​យុវជន​ទេ។ យុវជន មិន​អាច​ចាប់​យក​គំរូ​ភាព​របស់​អ្នក​នយោបាយ ក្នុង​ប្រើប្រាស់​ការ​សន្ទនា​ហ្នឹង​ឲ្យ​ក្លាយ​ទៅ​ជា​ទម្លាប់​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទេ»

លោក ជាង សុខា មាន​ប្រសាសន៍​បន្ត​ថា ការ​ដោះស្រាយ​នយោបាយ​ដោយ​ការ​ប្រើប្រាស់​កម្លាំង ឬ​ប្រើប្រាស់​អំពើ​ហិង្សា ហាក់​ដូចជា​ការ​ដាក់​សម្ពាធ​លើ​ការ​ចរចា​គ្នា ហើយ​មើល​ទៅ​ដូចជា​អ្នក​នយោបាយ​ខ្មែរ​ពិបាក​រក​ពាក្យ​ខ្មែរ​យក​មក​អង្គុយ​និយាយ​គ្នា ដើម្បី​ឲ្យ​យុវជន​មើល​ឃើញ​គំរូ និង​ចាប់​យក​មក​ប្រើប្រាស់ នៅ​ពេល​ដែល​យុវជន​ក្លាយ​ជា​អ្នក​នយោបាយ ឬ​ជា​ពលរដ្ឋ​សកម្ម​នៅ​ក្នុង​សង្គម។ លោក​បន្ត​ថា វប្បធម៌​សន្ទនា មិន​មែន​ជា​រឿង​ថ្មី​ទេ​នៅ​ក្នុង​សង្គម​ខ្មែរ ប៉ុន្តែ​ដោយសារ​តែ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ដើម្បី​ប្រយោជន៍​ក្រុម​បក្ស​ម្ខាងៗ ទើប​ធ្វើ​ឲ្យ​រំលោភ​លើ​វប្បធម៌​ដែល​ខ្មែរ​មាន។

ទោះ​ពុំ​សូវ​មាន​ជំនឿ​លើ​វប្បធម៌​សន្ទនា​របស់​អ្នក​នយោបាយ​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន​ក្ដី ប៉ុន្តែ​ក្រុម​យុវជន​ទាំង​នេះ បាន​រៀបចំ​ឲ្យ​មាន​ជំនួប​គ្នា​មួយ​ជាមួយ​មន្ត្រី​គណបក្ស​នយោបាយ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ វិច្ឆិកា ដើម្បី​ពង្រឹង​នូវ​វប្បធម៌​សន្ទនា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។