ត្រកូល «ឃីម» ផ្តួលថៃឲ្យសន្លប់ដូចគ្នា តែ ឡុង សុវណ្ណឌឿន សន្លប់យ៉ាងផុយស្រួយ

អ្នក​ប្រដាល់​ជា​បង​ប្អូន​​បង្កើត​គឺ ឃីម ឌីម៉ា និង ឃីម បូរ៉ា បាន​ផ្តួល​កីឡាករ​ថៃ​ឲ្យ​សន្លប់​ដោយ​ក្បាច់​កែង​ដូច​គ្នា ក្នុង​ការ​ប្រកួតមិត្ត​ភាពអន្តរជាតិ នៅ​លើ​សង្វៀន​ខុស​គ្នា កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ ឈឿន ឆៃដែន ​បាន​ប្រើ​ពេល​តិច​ជា​ង​គេ ក្នុង​​ការ​វាយ​ថៃ​ឲ្យ​សន្លប់​ ប៉ុន្តែ លាស់ យីន ត្រូវ​បាន​បញ្ឈប់​នៅ​ទឹក​ទី​៣ ខណៈ​ជើង​ខ្លាំង ឡុង សុវណ្ណឌឿន ត្រូវ ម៉ឺន សុភា ម៉ាត់​ឲ្យ​សន្លប់​យ៉ាង​ផុយ​ស្រួយ​បំផុត។

សម្រាប់​ការ​ប្រកួត នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​៣ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ម្សិល​មិញ អ្នក​ប្រដាល់​ជាយ​ដែន ឃីម បូរ៉ា ដែល​ជា​ប្អូន​ប្រុស ឃីម ឌីម៉ា បាន​ម៉ាត់​កីឡាករ​ថៃ​ចំណូល​ថ្មី  Panya Popol ឲ្យ​ដួល​ផ្ងារ​ជើងនៅ​ចុង​ទឹក​ទី​១ ហើយ​សម្រាប់​ការ​ប្រកួត​បន្ត​នៅ​ទឹក​ទី​២​នោះ ប៉ូរ៉ា បាន​វាយ​កែង​ស្តាំ​ចូល​ពេញ​ផ្ទៃ​មុខ ធ្វើ​ឲ្យ Panya ដួល​ទាំង​វង្វេង និង​បាន​សម្រេច​ចិត្ត​បោះ​បង់​ការ​ប្រកួត​ត្រឹម​ពាក់​កណ្តាល​ទឹក​ទី​២​នេះ​តែ​ម្តង។
1
ផ្ទុយ​ទៅ​វិញ​កីឡាករ លាស់ យីន មិន​អាច​ប្រើ​ប្រាស់​ទម្លាប់​ដើរ​ចូល​វាយ​លុក​មិន​ដក​ថយ ដើម្បី​យក​ឈ្នះ​កីឡាករ​ថៃ Anucha Khitarsa ដែល​ធ្លាប់​ឈ្នះ​ពាន​នៅ​ប្រទេស​ថៃ​បាន​នោះ​ទេ។ នៅ​​ចុង​ទឹក​ទី​២ លាស់ យីន ត្រូវ​បាន Anucha  វាយ​កែង​ឲ្យ​ដួល​ផ្ងា​ជើង​ទាំង​វង្វេង និង​​ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់​ភ្លាមៗ។

នៅ​ក្នុង​ទឹក​ទី​៣ លាស់ យីន បាន​ព្យាយាម​តាម​ម៉ាត់ ទាត់ និង​ចូល​ចាប់​បុក​ជង្គង់ ក្នុង​បំណង​ស្តារ​ស្ថាន​ភាព​ប្រកួត​ឡើង​វិញ ប៉ុន្តែ​ការ​ចូល​របស់​គេ​ត្រូវ​បាន Anucha បុក​មួយ​កែងចំ​ក្បាល​​បណ្តាល​​ឲ្យ​បែក​ឈាម​​ហូរ​ជោគ​មុខ ជា​ហេតុ​ធ្វើឲ្យ​គ្រូ​ពេទ្យ​ប្រចាំ​សង្វៀន​ប៉ុស្តិ៍​លេខ​៣ បញ្ឈប់​ការ​ប្រកួត​របស់ លាស់ យីន តែ​ម្តង។
2
ឡុង សុវណ្ណឌឿន ​ត្រូវ​សន្លប់​ធំ ខណៈ ចៅ ផលឌឿ ចាញ់​ពិន្ទុ​ថៃ

ដោយ​ឡែក សម្រាប់​ការ​ប្រកួត​ដណ្តើមខ្សែ​ក្រវាត់គូបូតា ទម្ងន់​៦៩​​គីឡូ​ក្រាម នៅ​សង្វៀន​បាយ័ន​បឹង​ស្នោ កាល​ពី​ថ្ងៃ​អាទិត្យ ម្សិល​មិញ​​ដែរ ជើង​ខ្លាំង ឡុង សុវណ្ណឌឿន ត្រូវ​បាន​អ្នក​លេង​កណ្តាប់​ដៃ ម៉ឺន សុភា ម៉ាត់​ឆ្វេង​ចំថ្គាម​បណ្តាល​ឲ្យ​ដួល​សន្លប់​ធំ ខណៈ​ការ​ប្រកួត​ទើប​​តែ​ចាប់​ដំណើរ​ការ​បានពាក់​កណ្តាល​ទឹក​ទី​១​នោះ។
3
ការ​​សន្លប់​យ៉ាង​ផុយ​ស្រួយ​របស់ ឡុង សុវណ្ណឌឿន ​បាន​​ធ្វើ​ឲ្យ ម៉ឺន សុភា ទទួល​បាន​៣ពិន្ទុ​មុខ​គេ ខណៈ ឡៅ ស៊ីណាត និង វង្ស ណយ ត្រូវ​​ប្រកួត​ជម្រុះ​លើក​ដំបូង​ក្នុង​កម្ម​វិធី​នេះ នៅ​សប្តាហ៍​ក្រោយ។ ចំណែក ចៅ ផលឌឿ ដែល​ត្រូវ​​បាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Luksue Sor.Sommay នៅ​សង្វៀន​នោះ​ដែរ បាន​ចាញ់​កីឡាករ​ថៃ​ម្នាក់​នេះ​ដោយ​ពិន្ទុ បន្ទាប់​ពី​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​៥​ទឹក​ពេញ​បាន​បញ្ចប់។
4
ចំពោះ​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ ​នាយប់​ថ្ងៃ​អាទិត្យ ម្សិល​មិញ កីឡាករ ឃីម ឌីម៉ា ​​បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ ​Daw Dein Tha Sor.Roumyang ក្នុង​ទឹក​ទី​៤។ សម្រាប់​ការ​​ប្រកួត​៣​ទឹក​ដំបូង Daw Dein Tha ​ហាក់​មានប្រៀប​លើ​ ឌី​ម៉ា​ ប៉ុន្តែ​ឈាន​​ចូល​ដល់​ទឹក​ទី​៤ ឌី​ម៉ា បាន​​វាយ​បុកយ៉ាង​​ខ្លាំង​ និង​ប្ដូរ​កែង​ផង​ដែរ ធ្វើ​ឲ្យ​​ថៃ​រូប​នេះ​បាត់​ភាព​​ម្ចាស់ការ និង​ភ្លាត់ស្នៀត​ត្រូវ ​ឌី​ម៉ា បុក​កែង​ត្រូវ​ចុង​ចិញ្ចើម​ខាងឆ្វេង​បណ្ដាល​ឲ្យ​បែក​ហូរឈាម ជា​ហេតុ​នាំ​ឲ្យ​អ្នក​ឲ្យ​ទឹក​ខាង​ថៃ​ ​សុំ​បញ្ឈប់​ការប្រកួត​តែម្តង។​ ចំណែក ឈឿន ឆៃ​ដែន ​បាន​​ប្រើ​ពេល​តែមួយ​ទឹក​ប៉ុណ្ណោះ ក្នុង​ការ​​ផ្ដួល​អ្នក​ប្រ​ដាល់​ថៃ​Hawhan kor.Bang Kouy ឲ្យ​សន្លប់​ធំ​ក្នុង​ទឹក​ទី​១៕