សហព័ន្ធស្រូវអង្ករកម្ពុជា ប្រកាសស្វែងរកប្រភពថា វៀតណាមនាំចូលអង្ករ ធ្វើពីប្លាស្ទីក ចូលកម្ពុជា

ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានប្រកាសថា នឹងធ្វើកិច្ចសហប្រតិបត្តិការ ស្វែងរកប្រភពដែលបានលើកឡើងថា ឈ្មួញបាននាំចូលអង្ករ ដែលធ្វើពីប្លាស្ទីក ពីវៀតណាមចូលមកកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី វេទិកាស្រូវអង្ករកម្ពុជាលើកទី៥ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា នាក្រុមហ៊ុន សោម៉ាគ្រុប លោកឧកញ៉ា គឹម សាវុធ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា លោកសូមអំពាវនាវដល់សារព័ត៌មានទាំងអស់ត្រូវជួយផ្សព្វផ្សាយ កុំឲ្យបំពុលបរិស្ថានសង្គម។ ជាក់ ស្តែងផ្លាសស្ទីក ១តោន ជាង២ពាន់ដុល្លារ ហើយតម្លៃនេះ មិនទាន់កែច្នៃនៅឡើយទេ បើយកមក កែច្នៃត្រូវបូកជាមួយសោហ៊ុយកែច្នៃទៀត គឺច្រើនជាង២ពាន់ដុល្លារ។

លោកបានលើកជាសំណួរថា អ្នកដែលធ្វើអង្ករពីប្លាស្ទីកហ្នឹង គាត់ធ្វើដើម្បីចំណេញ ឬធ្វើដើម្បីបំពុលបរិយាកាសសង្គម?។

លោកថា “បើសិនជាអង្ករប្លាស្ទីកមែន កុំភ្លេចឲ្យខ្ចប់គំរូនឹងមកបើប្លាស្ទីកមែន ទុក១០ឆ្នាំ ក៏វាអត់ផ្អូមដែរ។ បើបាយអង្ករយើងទុកអត់កើតទេវាផ្អូម អាហ្នឹងមិនមែនផ្លាសស្ទីកទេ តែផ្លាសស្ទីកមែនគឺទុកអត់ផ្អូមទេ សូមទុកមកដើម្បីយើងរកភស្តុតាង។ យើងរកប្រភពអ្នកដែលបំពុលបរិយាកាសសង្គមយើង អ្នកដែលធ្វើឲ្យប្រជាជនយើងអស់ជំនឿ ធ្វើឲ្យអ្នកទទួលទានមានកង្វល់។ អីចឹងសូមកុំព្រួយបារម្ភពីអង្ករប្លាស្ទីក គឺមិនអាចអ្នកជំនួញណា ទៅធ្វើវត្ថុតម្លៃជាង ២ពាន់ដុល្លារក្នុង ១តោន មកជំនួសអា ១តោន ៥០០ដុល្លារទេ”។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ បានលើកឡើងថា រហូតមកដល់ពេលនេះ សហព័ន្ធស្រូវអង្ករកម្ពុជា មិនដែលបានជួបផ្ទាល់អំពីករណីនេះនៅឡើយទេ ដូច្នេះអ្នកដែលបាន ដឹងនិងឃើញសូមយកមកបង្ហាញឲ្យបានច្បាស់លាស់ផង។ តើព័ត៌មាននេះចេញមកពីប្រភពណា? ដើម្បីឲ្យកុំប៉ះពាល់ដល់អង្ករកម្ពុជា ព្រោះថា ករណីដែលកើតឡើងអត់មានឫសគល់ប្រភពច្បាស់លាស់ មិនគួរលើកមកនាំឲ្យប៉ះពាល់ដល់អង្ករកម្ពុជាទាំងមូលនោះទេ។

 លោក បានបញ្ជាក់ថា បើមានករណីនេះកើតឡើងមែននោះ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងទប់ស្កាត់មិនឲ្យកើតឡើងឡើយ។

សូមបញ្ជាក់ថា កន្លងមក នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការបង្ហោះរូបភាពផ្សេងៗ ដោយបង្ហាញថា ឈ្មួញវៀតណាម បានផលិតអង្ករធ្វើពីផ្លាសស្ទីក នាំចូលមកកម្ពុជា ហើយ បានធ្វើឲ្យរំជើបរំជួលមែនទែនពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលបានដឹងពីព័ត៌មាននេះ៕

សហព័ន្ធស្រូវអង្ករកម្ពុជា ប្រកាសស្វែងរកប្រភពថា វៀតណាមនាំចូលអង្ករ ធ្វើពីប្លាស្ទីក ចូលកម្ពុជា