សហព័ន្ធ ស្រូវអង្ករកម្ពុជា ប្តេជ្ញាចិត្ត ទប់ស្កាត់ មិនឲ្យមានការ បន្លំសញ្ញាអង្ករខ្មែរ នាំចេញក្រៅ

ភ្នំពេញ៖ លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានធ្វើការប្តេជ្ញាចិត្តថា នឹងមិនឲ្យមានការយកអង្ករបរទេស មកបន្លំជាអង្ករខ្មែរនាំចេញទៅក្រៅប្រទេស ដែលនាំឲ្យអាប់ឱនកិត្តិយសខ្មែរនោះឡើយ។

ការថ្លែងពីការប្តេជ្ញាចិត្តនេះ បានធ្វើឡើងបន្ទាប់ពី លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៨ តុលា ឆ្នាំ២០១៥ បានធ្វើការ អំពាវនាវ និងសំណូមពរឲ្យសហព័ន្ធ សមាគម និងអ្នកនាំអង្ករចេញ កុំយកអង្ករបរទេស មកបន្លំជារបស់ខ្មែរក្នុងការនាំចេញ។

លោក សុខ ពុទ្ធីវុធ បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់សន្និសីទសារព័ត៌មាន ស្តីពីវេទិកាស្រូវអង្ករកម្ពុជាលើកទី ៥   នៅព្រឹកថ្ងៃទី ១៦ វិច្ឆិកា  នៅការិយាល័យសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) ក្រុងភ្នំពេញថា “សហព័ន្ធស្រូវ-អង្ករកម្ពុជាយើង ក៏មានវិធានការក្នុងការរៀបចំ ឲ្យមានក្រុមការងារយើង កុំឲ្យមានការករណីនេះ (បន្លំអង្ករ) កើតឡើង និងមានការរៀបចំក្រុមវិន័យ ដើម្បីជួយទៅលើក្រុមត្រួតពិនិត្យផ្ទៃក្នុងសហព័ន្ធ និងមានការសហការជាមួយស្ថាប័ន និងក្រសួងនានា បើសិនការងារនេះ លើសពីសមត្ថភាព របស់សហព័ន្ធស្រូវអង្កររបស់យើង”។

លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ប្រាប់ ក្រុមអ្នកសារព័ត៌មានបន្ទាប់ពី បញ្ចប់កិច្ចពិភាក្សាតុមូល អំពីប្រធាន បទ “ការដាក់ម៉ាកយីហោ ត្រឹមត្រូវមួយ អាចផ្តល់ផលប្រយោជន៍អ្វីខ្លះ សម្រាប់ការនាំអង្ករចេញរបស់កម្ពុជា” ថា មិនត្រូវយកអង្ករពីប្រទេសជិតខាង មកលាយជាមួយអង្ករខ្មែរ ហើយមកបន្លំថាជាអង្កររបស់ដើម្បី នាំចេញទៅក្រៅ ប្រទេស ដែលធ្វើបែបនេះមិនបានចំណេញអ្វីទេ មានតែនាំឲ្យខ្មែរខូចកេរ្តិ៍ឈ្មោះតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា អង្ករខ្មែរ បានជាប់ចំណាត់ថ្នាក់លេខមួយ៣ឆ្នាំជាប់គ្នា ដែលនេះសបញ្ជាក់ថា អង្ករខ្មែរមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានការទទួលស្គាល់នៅទូទាំងពិភពលោក៕

សហព័ន្ធ ស្រូវអង្ករកម្ពុជា ប្តេជ្ញាចិត្ត ទប់ស្កាត់ មិនឲ្យមានការ បន្លំសញ្ញាអង្ករខ្មែរ នាំចេញក្រៅ