សម្តេច​ក្រឡាហោម ដាក់​វិធានការ ផាកពិន័យ ចំពោះ​បុគ្គល​ណា ចោល​សំរាម នៅ​ទីសាធារណៈ​

ភ្នំពេញ: សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាស​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ឲ្យ​ប្រជាពលរដ្ឋ រួមសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន អនុវត្ត​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​សំរាម និង​សំណល់​រឹង​នៅ​ទីប្រជុំជន ឲ្យ​បាន​គ្រប់ៗ​គ្រប់គ្នា ដើម្បី​រួមគ្នា​ថែរក្សា​សម្អាត​បរិស្ថាន នៅក្នុង​មូលដ្ឋាន​ឲ្យ​មាន​ភាពល្អប្រសើរ​។​

​នៅក្នុង​អនុក្រឹត្យ​នោះ បាន​កំណត់ថា សម្រាប់​បុគ្គល​ដែល​មិន​គោរព​ការវែកញែក វេច​ខ្ចប់​សំរាម បែងចែក​សំរាម ដាក់​ទុក​សម្រាម​តាម​ដងផ្លូវ មិន​សម​ស្របតាម​ពេលវេលា​ដែល​បានកំណត់ ការ​បោះចោល​សំរាម​តាម​ទីសាធារណៈ ដងផ្លូវ​ការដុត​សំរាម​នៅ​ទីប្រជុំជន​សាធារណៈ មិនបាន​ត្រឹមត្រូវ​ម្ចាស់​អ្នកគ្រប់គ្រង​ផ្សារ ទីតាំង​អាជីវកម្ម ក្រុមហ៊ុន​សហគ្រាស​ជាដើម ដែល​មិន​រៀបចំ​មាន​ធុងសំរាម​ត្រឹមត្រូវ ការ​វេច​ខ្ចប់​ដោយមាន​លាយ ជាមួយ​សំណល់​រឹង​ឧស្សាហកម្ម ឬ​សំណល់​រឹង​គ្រោះថ្នាក់ នឹងត្រូវ​ទទួលបាន​កា​រ​ផាកពិន័យ​ជា​ប្រាក់​ចាប់ពី​១​ម៉ឺន​រៀល ទៅ​២០​ម៉ឺន​រៀល​ទៅតាម​ប្រភេទ​សំរាម​។​

​ក្នុងករណី​បុគ្គល​បង់ប្រាក់​ពិន័យ​មិន​តាម​ពេលវេលា​កំណត់ ការ​ពន័យ​នឹងត្រូវ​បង់ពិន័យ​កើន​ចំនួន​ពី​២​ដង ទៅ​៣​ដង ហើយ​បើ​មិន​បង់​ក្នុង​រយៈពេល​៩០​ថ្ងៃ អាជ្ញាធរ​នឹង​រៀបចំ​សំណុំ​ឯកសារ​ប្តឹងទៅ​តុលាការ​។​

​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​សំរាម  និង​សំណល់​រឹង​នៅ​ទីប្រជុំ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​ថ្ងៃ​ដដែល​នេះដែរ សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង មានប្រសាសន៍ថា បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន នៅ​គ្រប់​ក្រុង​ស្រុក​ខណ្ឌ រាជធានី​ខេត្ត​ទាំងអស់ ត្រូវ​កំណត់​គោលការណ៍​ណែនាំ​របស់ខ្លួន​ឲ្យ​សមស្រប​ដាក់ជូនទៅ​ប្រជាពលរដ្ឋ បណ្តា​ម្ចាស់​អាជីវកម្ម និង​សហគ្រាស​នានា​នៅក្នុង​មូលដ្ឋាន សំដៅ​កំណត់​ពី​របៀប​គ្រប់គ្រង​ទុកដាក់ វេច​ខ្ចប់ វែកញែក​សំរាម និង​សំណល់​រឹង រាវ ឲ្យ​បាន​ត្រឹមត្រូវ និង​សម្របសម្រួល​កិច្ចដំណើរការ​សេវា​សំអាត ប្រមូល​ដឹកជញ្ជូន ទុកដាក់​សំរាម​ឲ្យ​ល្អប្រសើរ​។​

​នៅ​ឆ្នាំ​២០១៥​នេះ ក្រសួងបរិស្ថាន រួមសហការ​ជាមួយ​ក្រសួង​សេដ្ឋ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងមហាផ្ទៃ បានសម្រេច​ចិត្ត​បង្កើត​កញ្ចប់​ថវិកា សេវា​អនាម័យ​បរិស្ថាន ទម្លាក់​កញ្ចប់​ថវិកា​ប្រមាណ​៥​ពាន់​លាន​រៀល​ជូនទៅ​រដ្ឋបាល​ក្រុង ស្រុក នៅ​ទូទាំងប្រទេស  សម្រាប់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់នោះ អនុវត្ត​មុខងារ គ្រប់គ្រង​សំរាម សំណល់​រឹង រាវ​នៅ​ទីប្រជុំជន​។​

​សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់ថា សម្រាប់​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​រដ្ឋ​ផ្ទេរ​ទៅ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន អនុវត្ត​ផ្ទាល់​នេះ ប្រសិនបើ​អនុវត្តបាន​ជោគជ័យ រដ្ឋបាល​ថ្នាក់ជាតិ នឹង​បង្កើន​ការផ្ទេរ​មុខងារ និង​ថវិកា​ថែមទៀត​ដើម្បី​សម្រេច​គោលដៅ​ការគ្រប់គ្រង កា​អភិវឌ្ឍន៍​របស់​ប្រទេសជាតិ ៕

សម្តេច​ក្រឡាហោម ដាក់​វិធានការ ផាកពិន័យ ចំពោះ​បុគ្គល​ណា ចោល​សំរាម នៅ​ទីសាធារណៈ​