ចាក់​សម្លាប់​បុរស​ម្នាក់​រួច​ដឹក​សព​មក​ប្លុង​ចោល​ក្នុង​ព្រៃ​ចម្ការ​កៅស៊ូ

ខេត្ត​ត្បូងឃ្មុំ ៖ មនុស្ស​មួយ​ក្រុម​អាច​មាន​គ្នា​ចាប់ពី​២​នាក់​ឡើង​ទៅ​ បាន​ចាក់​បុរស​ម្នាក់​លិច​១​កាំបិត​ចុង​ស្រួច​ចំ​ដើមទ្រូង​ស្លាប់ រួច​ដឹក​យក​​ទៅ​ប្លុង​ចោល​នៅ​ក្នុង​រណ្តៅ​ដី​មួយ​កន្លែង​ក្នុង​ចំការ​ព្រៃ​កៅស៊ូ  ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រហែល​៨​ព្រឹក ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ភូមិ​ត្រ​សិត ឃុំ​ក្រែក ស្រុក​ពញាក្រែក ។

សព​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដែល​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​របស់​សមត្ថកិច្ច​ គឺ​​សង្ស័យ​ជា​ករណី​សម្លាប់​ប្លន់​យក​ម៉ូតូ ឬ​ក៏​ពាក់ព័ន្ធ​នឹង​គំនុំ​ណាមួយ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវ​ដើម្បី​ទៅ​ចៀរ​ជ័រកៅស៊ូ​នៅ​ត្រង់​ភូមិ​ត្រ​សិត​នា​ព្រឹក​ថ្ងៃ​ទី​១៦ វិច្ឆិកា ក៏​ស្រាប់តែ​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ពាក់អាវ​ពណ៌​ខ្មៅ ស្លៀកខោ​ខូ​វ​ប៊​យ​ជើងវែង នៅ​ក្នុង​រណ្តៅ​ដី​ដែល​មាន​ជម្រៅ​ជាង​១​ម៉ែត្រ បន្ទាប់​មក​ប្រញាប់​រាយការណ៍​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រែក​ជា​បន្ទាន់​ផង​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​ទទួល​បាន​ព័ត៌មាន​នេះ នាយ​ប៉ុស្តិ៍​បាន​រាយការណ៍​បន្ត​ទៅ​លោក​អធិការ​នគរបាល​ស្រុក​ពញាក្រែក ហើយ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឲ្យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ដឹកនាំ​កម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេស​ចុះ​ទៅ​ពិនិត្យ​សព​ជា​បន្ទាន់ ។ តាម​រយៈ​ការ​ពិនិត្យ​សព​ឃើញ​មាន​ស្នាម​ចាក់​ត្រង់​ដើមទ្រូង​១​កូន​កា​បិត​ចុង​ស្រួច ហើយ​តាម​រយៈ​ប្រជាពលរដ្ឋ​ដែល​បាន​នាំ​គ្នា​មក​មើល​សព​នោះ ពុំ​មាន​អ្នក​ណា​ម្នាក់​បាន​ស្គាល់​ពី​អត្តសញ្ញាណ​សព​ឡើយ ។ ដូច្នេះ​សព​បុរស​​មាន​វ័យ​ប្រហែល​ជាង​២០​ឆ្នាំ​ខាងលើ​សង្ស័យ​មនុស្ស​មួយ​ក្រុម​សម្លាប់​ប្លន់​យក​ម៉ូតូ ឬ​ក៏​ដោយ​​គំនុំ​ណាមួយ​ ដោយ​សម្លាប់​ពី​កន្លែង​ឆ្ងាយ​ រួច​ដឹក​យក​មក​ប្លុង​ចោល​នៅ​ក្នុង​ព្រៃ​ចំការ​កៅស៊ូ​នេះ ដើម្បី​បំបិទ​ភស្តុ​តាង​មិន​ឲ្យ​អ្នក​ណា​ដឹង ។

សមត្ថកិច្ច​មូលដ្ឋាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា រហូត​មក​ដល់​ថ្ងៃត្រង់​ទៅ​ហើយ សព​បុរស​ខាងលើ​នៅ​តែ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ដដែល ជាមួយ​គ្នា​នោះ​លោកស្នងការ​នគរបាល​ខេត្ត​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បាត់​សមាជិក​មាន​ភិនភាគ​ដូច​ខាងលើ សូម​ប្រញាប់​មក​ទំនាក់ទំនង​ជាមួយនឹង​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក​នឹង​បានដឹង​នូវ​ព័ត៌មាន​ពិស្តារ​បន្ថែម​ទៀត ។

សូម​បញ្ជាក់​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ក៏​ធ្លាប់​មាន​មនុស្ស​មួយ​ក្រុម​បាន​សម្លាប់​បុរស​ម្នាក់​រួច​បាន​ដឹក​យក​មក​ទម្លាក់​ចូល​ក្នុង​ទឹក​អណ្តូង​មួយ​កន្លែង​នៅ​ក្រុង​សួង ជាប់​ព្រំប្រទល់​ជាមួយ​ស្រុក​ពញាក្រែក ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​ដូច​គ្នា ៕