អភិបាលស្រុក​ពួករៀបចំពិធី​ប្រណាំងទូក​​​នៅ​ទំនប់​កិល

ខេត្តសៀមរាប ៖ ​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ពួក ខេត្តសៀមរាប ​បានសម្តែង​ការ​​រី​រាយដោយ​សារ​ស្រុក​មួយ​នេះពុំ​ធ្លាប់​មាន​ប្រារព្ធ​ពិធី​​ប្រណាំងទូក​នោះ​ទេ បើ​ទោះជា​ស្ថិត​ក្នុង​ប្រភេទ​ទូក​ខ្នាត​ណា​ក៏​ដោយ​។​

អ្នកស្រុក​ពួកនៅ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក ​គឺ​មិន​ដែល​អាក់ខាន​ទេ កម្មវិធី​អកអំបុក បណ្តែត​ប្រ​ទី​ប សំពះ​ព្រះ​ខែ និង​​បាន​ធ្វើ​ឡើង​ដោយ​ភាព​សប្បាយរីក​រាយ​​តាម​ទំនៀមទម្លាប់​ប្រពៃណី គួប​ផ្សំ​ជាមួយនឹង​ជំនឿ​ផ្សេង​ៗ​ផង​ដែរ ដោយ​ប្រជាពលរដ្ឋ​បាន​ប្រារព្ធ​ឡើង​នៅ​តាម​បណ្តា​ទី​អារាម​នានា ហើយ​ពិធី​បណ្តែតប្រទីប នឹង​ត្រូវ​បាន​ធ្វើ​ឡើងនៅ​ក្នុង​បណ្តា​ស្រះ​នានា​ក្នុង​ទី​អារាម​ទាំងនោះ ។  

លោក ឈឹ​ម ធា អភិបាលរង​ស្រុក​ពួកបាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ កាល​ពី​រសៀល​ថ្ងៃ​ទី​១៥ ​វិច្ឆិកា​នេះ នៅ​ក្នុង​ពិធី​​​ប្រណាំងទូក​ស្មាច់ ចំណុះ​កីឡាករ​៤​នាក់ ដែល​បាន​រៀបចំ​ឡើង​នៅ​ទំនប់​កិល សម្តេច​តេ​ជោ ហ៊ុន សែន ភូមិ​ប្រយុទ្ធ ឃុំ​ពួក ស្រុក​ពួក ​។

កម្មវិធី​នេះ​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​ស្រុក ឃុំ សហការ​ជា​មួយមជ្ឈមណ្ឌល​គ្រឹស្ត​​បរិស័ទ​ខ្មែរ ព្រម​ជាមួយនឹង​ការ​ឧ​បត្ត​ម្ភ​ដោយ​សប្បុរសជន ។  លោក​អភិបាលរង​ស្រុក​ពួកបាន​ឲ្យ​ដឹង​បន្ថែម​ថា ​កម្មវិធី​ប្រណាំងទូក​ស្មាច់​នេះ បាន​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ ហើយ​ថ្ងៃ​ទី​១៥ វិច្ឆិកា​នេះ គឺជា​ថ្ងៃ​ផ្តាច់ព្រ័ត្រ ដោយ​មាន​កីឡាករ​អុំទូក​ចូលរួម​ចំនួន៣២​ក្រុម ១៦​គូប្រកួត ស្មើនឹង​១២៨​នាក់ ទី​ព្រ័ត្រ​នៃ​ចម្ងាយ​អុំ​ប្រណាំង២០០ម៉ែត្រ ។

ក្រុមកីឡា​ករទាំង​អស់នេះ រួម​មាន​ក្រុម​យុវជន  ប្រជាពលរដ្ឋ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក អធិការដ្ឋាន​នគរបាល​ស្រុក វិស័យ​ឯកជន បណ្តា​សមាគម អង្គការក្រៅរដ្ឋាភិបាល​ផង​ដែរ៕
       ​