ឃាត​កម្ម​២នាក់ប្តី-​ប្រពន្ធ​ ម្ចាស់ដេប៉ូ​ចែកចាយបារីសេក ពុំទាន់​មានពន្លឺ

ខេត្តកំពត ៖ ជុំវិញ​ករណី​ការ​កាប់សម្លាប់​ប្តី និង​ប្រពន្ធ​ស្លាប់​យ៉ាង​អ​ណោ​ច​អាធ័ម ដោយ​ប្រ​ព​ន្ឋ​ស្លាប់​ក្នុងផ្ទះ រីឯ​ប្តី​រង​របួសធ្ងន់ បញ្ជូន​ដល់​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​នោះ​បាន​ស្លាប់ ហើយ​ក៏​ប​ញ្នូ​ន​មក​កាន់​លំនៅ​ឋាន ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ​នៅ​ថ្ងៃ​ទី​១៥-១៦ វិច្ឆិកា ២០១៥ នេះ ។

អស់​រយៈពេល​៣​ថ្ងៃ តាំងពី​ថ្ងៃ​កើតហេតុ​មក​ដល់​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៥ នេះ សមត្ថកិច្ច​ចម្រុះ​នៅ​ក្នុង​ខេត្ត ពុំ​ទាន់​ផ្តល់​ព័ត៌មាន​ជាក់​ណាមួយ​ឱ្យ​ដឹង​ពីមុខ​សញ្ញា​ជនល្មើស​នៅឡើយ​ទេ ។

លោក​វរសេនីយទោ ងឹ​ម វ៉េ​ត អធិការ​នគរបាល​ក្រុង​កំពត បានឱ្យ​កោះសន្តិភាព​ដឹង កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៥ នេះ​ថា​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​កាលពី​វេលា​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា នោះ កម្លាំង​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ដល់​ផ្ទះ​កើតហេតុ ពេល​នោះ សមត្ថកិច្ច​បាន​នាំ​ខ្លួន​កម្មករ​៧​នាក់ ដែល​ធ្វើការ​នៅ​ក្នុងផ្ទះ​កើតហេតុ ទៅ​ធ្វើការ​សាកសួរ ។ ប៉ុន្តែ​ក្រោយ​ពី​ការ​សាកសួរ​សមត្ថ​កិច្ច​ពុំ​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​ណា​ម្នាក់​នោះ​ទេ ដោយ​ពុំ​ទាន់​ប្រាកដប្រជា​នៅឡើយ ។

លោក​វរសេនីយឯក គង់ សុ​ខន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ថា ករណី​ឃាតកម្ម​លើ​ម្ចាស់​ដេប៉ូ​ចែកចាយ​បារី​សេក ដែល​ឃាតករ​ជា​ជនល្មើស​បាន​កាប់​ប្រហារ​ឱ្យ​ស្លាប់​ប្រពន្ធ និង​ប្តី​ស្លាប់ បន្ទាប់​ពី​បញ្ជូន​ដល់​មន្ទីរពេទ្យ​នោះ សមត្ថកិច្ច​ស្រាវជ្រាវ​អស់​រយៈពេល​៣​ថ្ងៃ​ហើយ មិន​ទាន់​មាន​ពន្លឺ​ច្បាស់លាស់​នៅឡើយ​សមត្ថកិច្ច​កំពុង​តែ​ដុតដៃដុតជើង​ក្នុង​ករណី​នេះ ។

លោក​បន្ត​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៥ វិច្ឆិកា ២០១៥ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​កណ្តាល​នគរបាល​យុត្តិធម៌​ក្រសួងមហាផ្ទៃ​ក៏​បាន​​ចុះ​មក​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​ស្នងការ​ខេត្ត ដើម្បី​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​យ៉ាង​ក្តៅ​គគុក ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ កម្លាំង​សហការ​ចម្រុះ​កំពុងធ្វើការ​ស្រាវជ្រាវ​ពិនិត្យ​ស្លាកស្នាម​លំនៅ​ឋាន​ដែល​នៅ​ក្បែរ​ផ្ទះ​កើតហេតុ​បន្ត​ទៀត​នា​ពេល​នេះ ។

ជុំវិញ​ទិដ្ឋភាព​នៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ​ឯណោះ​វិញ គេ​ឃើញ​កូន​ៗ​និង​សាច់​សារ​លោហិត​ជន​រង​គ្រោះ​កំពុង​រៀបចំ​ធ្វើ​បុណ្យឧទ្ទិស​កុសល​​ជូន​ជន​រង​គ្រោះ ដោយ​តាំង​ម្ឈូស​សព​ទាំង​២​នាក់​ប្តី​ប្រ​ព​ន្ឋ​ដាក់​ទន្ទឹម​គ្នា ក្រោម​សំឡេង​ទ្រ​ហ៊ោ​យំសោក​ស្តាយ​គួរ​ឱ្យ​សង្វេគ​ក្រៃ​លែង ៕