​​មន្ត្រី​​រៀបចំដែន​ដី​នគ​រូប​នី​យ​កម្ម៤​ខេត្ត ​​ទទួល​បានការ​ផ្សព្វផ្សាយគោលនយោបាយ​ឯកសារ​គតិ​យុ​ត្ត

ខេត្តក្រចេះ​ ៖​ ​​​វិស័យ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម ​និង​សំណង់ ​នៅតាម​បណ្តារ​ខេត្ត​នៅ​តំបន់​ប៉ែក​ឦសាន្ត​នៃ​ប្រទេស​កំពុង​​ស្ថិត​ក្នុង​សន្ទុះនៃ​កា​រីក​ចម្រើន​ លោក ​ប៉ែន សុផល ​រដ្ឋលេខាធិការ​ ក្រសួង​រៀបចំ​ដែនដី​ នគ​រូប​នី​យ​កម្ម ​និង​សំណង់ ​​បានចាត់​ទុក​ថា ការ​រីក​ចម្រើន​​នេះ ជា​ការ​រួមចំណែក​ក្នុង​ការ​អនុវត្តគោលនយោបាយ​ជាតិ​ ស្តីពី​ការ​រៀបចំ​ដែនដី​ នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ​។

សិក្ខាសាលា​ផ្សព្វផ្សាយ​គោលនយោបាយ និង​ឯកសារ​គតិ​យុ​ត្ត ​ពាក់​ព័​ន្ឋ​ការងារ​រៀបចំដែនដី​នគរ​រូប​នី​យ​កម្ម​ ដល់​មន្ត្រី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​បាន​ជ្រើសរើស​ខេត្ត​ក្រចេះ​ធ្វើជា​ម្ចាស់ផ្ទះ និង​​មានការ​ចូលរួម​ពី​មន្ត្រី​មក​ពី​តាម​បណ្តា​ខេត្ត​ពាក់​ព័​ន្ឋ​ក្នុង​តំបន់​ភូមិភាគឦសាន្ត​ទាំង​៤​ខេត្ត​ចូលរួម ​មាន ​ខេត្តក្រចេះ​ ស្ទឹង​ត្រែង​ ​រតនគិរី​ ​និង​​ខេត្ត​មណ្ឌលគិរី​ ។  

បើ​តាម​ការ​លើក​ឡើង​របស់​ លោក ហឿ ស៊ី​យ៉ែ​ម អភិបាលរង​ខេត្តក្រចេះ ​​​ក្នុង​សិក្ខាសាលា​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា បាន​ឲ្យ​ដឹង​ថា ខេត្ត​បាន​សម្រេច​សមិ​ទ្ធ​ផល ដែល​បាន​មក​ពី​ការ​វាស់វែង​ដី​ពាក់​ព័​ន្ឋ​កាត់​ជូន​ពលរដ្ឋ ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​១៩ក្រុមហ៊ុន ចំនួន​ជាង​៨​ម៉ឺន​ហិ​កតា ក្នុង​នោះ​ មាន​ដី​ព្រៃ​សម្បទាន​ទំហំ​ជាង​២​ម៉ឺន​ហិ​កតា ដី ដែល​មាន​ដីកា​រដក​ហូត​ចំនួន​ជាង​៦​ពាន់​ហិ​កតា ដី​គម្រប​ព្រៃឈើ​ទំហំ​ជាង​១​ម៉ឺន​ហិ​កតា ដី​សម្បទាន សង្គមកិច្ច​ជាង​៥​ម៉ឺន​ហិ​កតា និង​បាន​កាត់​បន្ថយ​​ទំនាស់​​ដីធ្លី​ប្រមាណ៨០%​ ។

លោក​ ប៉ែន សុផល មាន​ប្រសាសន៍​ថ្លែង​បើក​សិក្ខាសាលា បាន​បញ្ជាក់​លើ​នីតិ​វិធី​លម្អិត​នៃ​ការ​រៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដី និង​ផែនការ​ប្រើប្រាស់​ដី​ថ្នាក់ ក្រុង/ស្រុក/​ខណ្ឌ។​ លោក​បញ្ជាក់​ថា អនុវត្ត​លើ​គោលនយោបាយ​ជាតិ ​ស្តី​ពី​ការ​រៀបចំ​ដែនដីនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ក្រសួង​​រៀបចំ​ដែនដី​ បាន​រៀបចំ​ច្បាប់​ថ្មី គឺ​ច្បាប់​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​ថ្មី ច្បាប់​សំណង់​​ថ្មី និង​ធ្វើ​វិ​សោ​ធ​កម្ម​ច្បាប់ភូមិបាល​ថ្មី​ ។ ហើយ​បាន​បញ្ចប់​ដំណើរការ​អន្តរក្រសួង និង​អនុម័ត​ដោយ​រាជរដ្ឋាភិបាលជាមួយ​​​នឹង​​អនុ​ក្រិ​ត្យ​ស្តី​ពី​លិខិតអនុញ្ញាត​សាងសង​ជួសជុល​ និង​រុះរើ និង​ក្រប​ខ័ណ្ឌ​គ​តិ​យុ​ត្ត ឲ្យ​សម​ស្រប​តាម​តម្រូវការ​នៃ​ការ​អភិវឌ្ឍ បច្ចេកវិទ្យា សេដ្ឋកិច្ច សង្គម វប្បធម៌​ និង​ការពារ​បរិស្ថាន ក្នុង​បរិបទ​នៃ​ការ​ប្រែ​ប្រ​សួ​ល​អាកាសធាតុ​ ។

លោក​ ប៉ែន សុផល បាន​សម្តែង​ក្តី​រំពឹង​ថា ការ​វិវឌ្ឍ​នៃ​វិស័យ​រៀបចំ​ដែនដី​នគ​រូបនី​យ​កម្ម ​និង​សំណង់​ ​ដែល​កំពុង​​​មាន​សន្ទុះ​តាម​បណ្តា​ខេត្ត នៅ​តំបន់​ប៉ែក​ឦសាន្ត​នៃ ប្រទេស ជា​ការ​រួមចំណែក​ក្នុង​ការ​អនុវត្តគោលនយោបាយ​ជាតិ​ ស្តី​ពី​ការ​រៀបចំ​ដែនដី​នៃព្រះរាជ​ជា​ណា​ចក្រ​កម្ពុជា​ ៕