​ត្រូវ​ត្រៀម​ខ្លួន មុន​ពេល​ចង់​បាន​កូន​

​ត្រូវ​ត្រៀម​ខ្លួន មុន​ពេល​ចង់​បាន​កូន​

​មាន​រឿង​ជាច្រើន គួរតែ​កើតឡើង ក្នុងពេល​បង្ក​កំណើត ព្រោះ​ពេល​វេលា ពិត​ជា​សំខាន់​ណាស់ សម្រាប់​អ្វីៗ​គ្រប់យ៉ាង​។ ដូច្នេះ ដើម្បី​បង្កើន​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​បាន ចូរ​ធ្វើការ​រួម​ភេទ ឲ្យនៅ​ចន្លោះ​មុន​ផ្ទុះអូវុល ៧២ ម៉ោង និង​ក្រោយ​ផ្ទុះ​អូវុល ២៤ ម៉ោង​។ (​ការធ្វើ​បែប​នេះ គឺ​ដើម្បី​ផ្តល់​លទ្ធភាព ដល់​មេ​ជីវិត​ឈ្មោល ព្រោះ​ការរស់រាន​របស់​មេជី​វិត​ឈ្មោល អាច​បន្ត​រហូត​ដល់ ៧២ ម៉ោង ហើយ​មេ​ជីវិត​ញី មិន​អាច​ចាំ​មេ​ជីវិត​ឈ្មោល ឲ្យលើស​ពី ២៤ ម៉ោង​បាន​ទេ​)​។ ឥឡូវនេះ មិនមែន​ជា​ពេលវេលា ដែល​ត្រូវ​អៀនខ្មាស់​នោះទេ ប៉ុន្តែ ចូរ​ប្រាកដថា ដៃគូ​របស់​អ្នក បាន​យល់​ច្បាស់​អំពី​ពេលវេលា​របស់​គេ ហើយ​អ្នក​ទាំង​ពីរ ក៏​មាន​ពេលវេលា​ច្រើន ដើម្បី​រួម​ភេទ​ជាមួយ​គ្នា​ផង​ដែរ​។

​ចូរ​គិតថា មុនពេល​ឡើង​លើ​គ្រែ ធ្វើ​ប្រតិបត្តិការ អ្នក​គួរតែ​ធ្វើ​ការងារ​មួយចំនួន​សិន ដូចជា ការអាន​សៀវភៅ​ទាក់ទង​នឹង​ការ​រក​មើល​ពេលវេលា​ផ្ទុះ​អូវុល ដើម្បី​អាច​មានឱកាស​ច្រើន​។ ចូរ​ស្វែងយល់​នូវ​ព័ត៌មាន​នានា ដែល​ទាក់ទង​នឹង​ក្បាច់​រួមភេទ​ទាំងឡាយណា ដែល​ជួយ​ឲ្យ​អ្នក ឆាប់​មាន​ផ្ទៃពោះ និង​របៀប​ធ្វើយ៉ាងណា ទើប​បាន​កូន​ដូច​ប្រាថ្នា (​ភេទ​របស់​កូន​)​។ អ្វី​ដែល​គួរ​ធ្វើ​នោះ​គឺថា ចូរ​ធ្វើ​យ៉ាងណា​ក៏ដោយ ដើម្បី​កុំឲ្យ​អ្នក និង​ដៃគូ មាន​បញ្ហា​ថប់​អារម្មណ៍​កើតមាន​។

បើសិន​ជា​អ្នក កំពុង​តែ​ព្យាយាម​ចង់​មាន​ផ្ទៃពោះ ហើយ​អ្នក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នោះ វា​គួរតែ​ជា​ពេលវេលា​ត្រឹមត្រូវ​ហើយ ក្នុង​ការផ្តាច់​គ្រឿង​ស្រវឹង ឈប់​ជក់បារី និង​ការ​ញ៉ាំ​ថ្នាំ​នានា (​ទោះបីជា​ថ្នាំ គ្មាន​វេជ្ជបញ្ជា​ក៏ដោយ​)។ ប៉ុន្តែ បើសិន​ជា​អ្នក កំពុង​តែ​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឲ្យ​ប្រាកដថា អ្នក​គួរតែ​បន្ត​ប្រើ​វា​ទៀត ឬក៏​អត់​។ មួយវិញទៀត អ្នក​មិន​ត្រូវ​ភ្លេច​ប្រើ​ថ្នាំ​វីតាមីន​ចម្រុះ ដែល​មាន​វីតាមីន B9 (​អាស៊ីតហ្វូលិ​ក​) យ៉ាងហោចណាស់ ៤០០ ម៉ៃក្រូ​ក្រាម ឡើយ (​យក​ល្អ គួរតែ​ចាប់ផ្តើម​ប្រើ រយៈពេល ៣ ខែ មុន​ពេល​អ្នក​ចង់​មាន​ផ្ទៃពោះ​) ដើម្បី​កាត់បន្ថយ ការប្រឈមមុខ​នឹង​បញ្ហា កូន​កើត​មក​ខូច​អវៈយវៈ​។

​បង្កើត​បរិយាកាស​រ៉ូ​ម៉ែន​ទិច
​កញ្ញា សុ​ចិន្តា បាន​រៀបរាប់​ប្រាប់ គេហទំព័រ​យើង​ថា “​នៅពេល​យើង កំពុង​តែ​ព្យាយាម​ចង់​មាន​ផ្ទៃពោះ យើង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​បន្ថែម ដើម្បី​ឲ្យ​បរិយាកាស​រួម​ភេទ​នោះ កាន់តែ​សប្បាយរីករាយ​។ យើង​យល់​ថា ការ​រួមភេទ​នោះ គួរតែ​មាន​លក្ខណៈ​ល្អប្រសើរ ហើយ​មិន​អាច​បង្ក​ឲ្យមាន​ការឈឺចាប់​ទេ​។ ដូច្នេះ យើង​បាន​បង្កើត​ជា​ការ​ញ៉ាំ​អាហារ ពេលយប់​ដ៏​រ៉ូ​ម៉ែន​ទិច និង​អស្ចារ្យ​មួយ បន្ទាប់មក មាន​ពន្លឺ​ភ្លើងទៀន ព្រមទាំង​សន្លឹក​ផ្កាកូឡាប រោយ​ពីលើ​គ្រែ​គេង​ទៀតផង​។ អញ្ជឹង​គិត​ទៅ​មើល​ថា​តើ មាន​នរណា​ខ្លះ​ដឹងថា យើង​យ៉ាង​មាន​ភាពស្និទ្ធស្នាល នឹង​គ្នា​ប៉ុណ្ណា​នោះ​? ប្រហែល​ជា​ការធ្វើ​បែប​នេះ មាន​ប្រសិទ្ធភាព​ហើយ ព្រោះ​ក្រោយពី​ព្យាយាម​រយៈពេល​ពីរ​បី​ខែ​ក្រោយ​មក ឥលូវ​នេះ យើង​កំពុងតែ​រំពឹងថា អាច​នឹង​មាន​កូន​ដំបូង​ទៀតផង​”៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។