ប៉ូលិស​បញ្ជូន​បុរស​ម្នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​

តាកែវ: ​ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ឃាត់ខ្លួន កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​។ ជនសង្ស័យ ត្រូវបាន​នគរបាល​ឃាត់ខ្លួន តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​។

​ករណីនេះ បានកើត​ឡើង កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ ស្តិ​ត​ក្នុងភូមិ​នៀល ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ​។​

​លោក ទៀង ម៉ាលី អធិការ​ស្រុក​ទ្រាំង បានអោយដឹងថា ជនសង្ស័យ​ឈ្មោះ ហំ វ៉ន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ បានធ្វើ​សកម្មភាព​ខ្ចី​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា C125 ពណ៌​ខ្មៅ សេរី​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1BU 7709 ពី​ជនរងគ្រោះ​ឈ្មោះ សង រតនៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។ អ្នក​ទាំង​២ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជាមួយគ្នា​។
​ជនរងគ្រោះ​បាន​និយាយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃកើតហេតុ រូបគេ បាន​ជិះ​ម៉ូតូ​ចេញពី​រៀន បាន​ដឹក​មិត្តភក្តិ​ម្នាក់​រស់នៅ​ភូមិ​ជាមួយគ្នា និង​រៀន​ជាមួយគ្នា មក​ផ្ទះ​លុះ​មកដល់​ចំណុច​ផ្លូវលំ​ចំការ​ស្វាយ ស្ថិតក្នុង​ភូមិ​ស្រែ​ច្រក ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ក៏​ជួបនឹង​ជនសង្ស័យ​ឈ្មោះ ហំ រ៉​ន និង​ស្ត្រី​ម្នាក់​ឈ្មោះ ខែម ឆវី ពេលនោះ ឈ្មោះ ហំ រ៉​ន បាន​ខ្ចី​ម៉ូតូ​របស់ខ្លួន​ថា​ដឹក​ឈ្មោះ ខែម ឆវី ជា​ប្រពន្ធ​ទៅ​ពេទ្យ​ព្រៃ​សណ្ដែក​មើលជំងឺ ហើយ​អោយ​ខ្លួន​និង​មិត្តភក្តិ នៅចាំ​ទីនេះ រហូតដល់​យប់​ទើប​ប្រាប់​ឳ​ពុក​ម្ដាយ​។
​ពេលនោះ ឳ​ពុក​ម្ដាយ​របស់​ជនរងគ្រោះ ក៏បាន​ទៅ​តាមរក​ដល់ផ្ទះ​របស់​ឈ្មោះ ហំ រ៉​ន តែ​មិនឃើញ​ទាំង​មនុស្ស​ទាំង​ម៉ូតូ ទើប​មក​ដាក់ពាក្យ​បណ្ដឹង​ទៅ​សមត្ថកិច្ច​។ លុះដល់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង ១៨ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហំ រ៉​ន ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​

ប៉ូលិស​បញ្ជូន​បុរស​ម្នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​