ជម្លោះ​ក្នុង​ពិធីមង្គលការ ខាង​កូន​ក​ម្លោះ​និង​ភ្ងៀ​វ ព្រួត​គ្នា​វាយ​ម្ចាស់​ភ្លេង​របួសធ្ងន់​២​នាក់​

កណ្តាល: ជម្លោះ​រឿង​ភ្លេង​ជិត​ដល់​ម៉ោង​ឈប់​បង្ក​ទៅជា​អំពើហិង្សា ភាគី​ម្ចាស់​ដើមការ​ខាង​ក្រុមកូន​ក​ម្លោះ​បាន​ព្រួត​គ្នា​វាយ​ម្ចាស់​ភ្លេង​ពីរ​នាក់​ឪពុក​និង​កូនរង របួសធ្ងន់​កាលពីវេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ស្ថិតនៅ​ចំណុចភូមិ​កណ្ដាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល​។​

 ភាគី​ជនរងគ្រោះ​ទី​១-​ឈ្មោះ​លី ម៉ន ភេទ​ប្រុស អាយុ ប្រហែល ៥៥​ឆ្នាំ មានមុខរ​បរជាអ្នក​ចាក់​ភ្លេង រងរបួស ត្រង់​ក្បាល​ធ្ងន់ធ្ងរ និង​ទី​២-​ឈ្មោះ ឈាង សុង​ម៉េង ភេទប្រុស អាយុ​៣៨​ឆ្នាំ មានមុខ របរ​ជាម​ន្ដ្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រងរបួស ធ្ងន់ធ្ងរលើ​ក្បាល​និង​ដងខ្លួន ដោយ​ពួកគេ ទាំងពីរ​នាក់​ជា​ឪពុក​និង​កូន មាន​ទីលំនៅ​ភូមិព្រែក​តា​ហ៊ីម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្ដ​កណ្ដាល ។ ចំណែក​ភាគី​បង្ក​មាន​គ្នា​ជាង២០​នាក់ ជា​ក្រុម​កូន​ក​ម្លោះ​និង​ភ្ញៀវ​មក​ចូលរួម​ង្គ​ល​ការ​។​

​នៅ​មុនពេល​កើតហេតុ នៅ​ចំណុច​ផ្ទះ កើតហេតុ ខាង​កូន​ម្លោះ​មាន​រៀបចំ​ពិធី​មង្គលការ ដោយ​កូន​ក​ម្លោះ​ឈ្មោះ​ផាត សុគា និង កូនក្រមុំ ឈ្មោះ​ផូ ស្រី​ភី​ម ហើយក៏បាន​ជួល វង់ភ្លេង​របស់​ជនរ​ង​គ្រោះ​មកលេង​រាំ​កំសាន្ដ​។​

 លុះដល់​ម៉ោង​១១ ដែលជា​ម៉ោង​ត្រូវ​បិទ បញ្ចប់​នោះ ក្រុម​ភាគី​កូន​ក​ម្លោះ​បាន​ប្រាប់​ឱ្យម្ចាស់​ភ្លេង​លេង​ថែម​ម៉ោង​បន្ដ ហើយ​ក្រុម ភ្លេង​ក៏បាន​លេង​បន្ដ​រហូត​​ដល់​ម៉ោង​១១​និង ៤៥​នាទី ភ្លេង​ក៏បាន​ឈប់ ស្រាប់តែ​ភាគី​កូន ក​ម្លោះ​និង​ភ្ញៀវ​ក៏​បានមក​ប្រាប់​ឱ្យលេង​បន្ដ ទៀត ហើយ​ភាគី​ជនរងគ្រោះ​មិន​ព្រម​លេង បន្ដ ដោយ​អះអាងថា លើសជាង​កន្លះ​ម៉ោង ហើយ ក៏​ធ្វើឱ្យ​ភាគី​ទាំងពីរ​មានការ​ប៉ះពារ ពាក្យសំដី រហូតឈានទៅដល់​ការ​ឈ្លោះ ប្រកែក​គ្នា ហើយ​ភាគី​ក្រុម​ខាង​កូន​ក​ម្លោះ និង​ភ្លៀវក៏បាន​នាំគ្នា​ព្រួត​វាយ​ជនរងគ្រោះ​ជា ឪពុក​រងរបួស​ជា​ទម្ងន់ ។​

 ចំណែក​កូនប្រុស ឃើញ​ដូច្នេះ ក៏បាន​ដក​កាំភ្លើងខ្លី​បាញ់​ឡើង លើ​មួយ​គ្រាប់ ដើម្បីគំរាម​កុំឱ្យ​វាយ​ឪពុក​ខ្លួន តទៅទៀត តែ​ភាគី​ក្រុម​បង្ក​ស្ទុះ​មក​ប្រតាយ ប្រតប់ដណ្ដើម​កាំភ្លើង​បាន ក៏បាន​នាំគ្នា​ព្រួត វាយ​បុរស​ជា​កូន បណ្ដាលឱ្យ​រងរបួស​ដេកដួលសន្លប់ នៅ​កន្លែងកើតហេតុ​ទាំងពីរ​នាក់ ឪពុក​និង​កូន​តែម្ដងទៅ នេះ​តាមការអះអាង ពី​ភាគី​ក្រុមអ្នកលេង​ភ្លេង ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះទៅ អន្ដរាគមន៍​ចាត់​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​តាម​ចាប់​ភាគី​បង្ក​តែ​ភាគី​ម្ចាស់ផ្ទះ​រៀបចំ​មង្គលការមិន បាន​សហការ​ជាមួយ​សមត្ថកិច្ច​នោះទេ ៕​