កាប់ឆៅ! បញ្ចុះតម្លៃសល់ ៤០ដុល្លារ ដឹងអីពេលចេញវិក័យប័ត្រ មកអស់ ៨១៦ដុល្លារ អ្នកបម្រើស្រី ភ្ញាក់ផ្អើល

សឹង្ហបុរី៖ នារីជាអ្នកបម្រើតាមផ្ទះ និងជាជនជាតិម៉ាឡេស៊ីម្នាក់ បានស្លុតស្មារតីជាខ្លាំង នៅពេលដែល បានទទួលវិក័យប័ត្រ ដែលមាន ចំនួនលើសពីប្រាក់ខែរបស់នាង មួយខែទៀត។

តាមប្រភពព័ត៌មានពីសឹង្ហបុរី បានឲ្យដឹងថា ស្រីជាអ្នកបម្រើឈ្មោះថា យ៉ាទី អាយុខ្ទង់ ៣០ឆ្នាំ បានប្រញាប់ប្រញាល រត់រក ម្ចាស់ខ្លួន ក្រោយពីនាងមានលុយតែ ១០០ដុល្លារក្នុងកាបូបលុយ ខណៈដែលនាងត្រូវបង់ថ្លៃសេវា សាក់ចិញ្ចើម រហូតល់ ៨១៦ដុល្លារ។ នៅក្នុងនោះ បានឲ្យដឹងថា ដំបូងឡើងនាង បានដើរផ្សារ នៅក្នុងតំបន់ Toa Payoh​ រួចក៏ប្រទះឃើញ ហាងសាឡនមួយកន្លែង បញ្ចុះតម្លៃសាក់ចិញ្ចើមត្រឹមតែ ៤០ដុល្លារប៉ុណ្ណោះ ឃើញបែបនេះ នាងក៏មានគំនិតចង់សាក់ ដោយសារតែកាលពី៦ខែមុន នាងក៏ធ្លាប់សាក់ចិញ្ចើមដែរ ដែលមានតម្លៃ ៦០ដុល្លារ និងមើលទៅស្រស់ស្អាត ដូចនេះ នាងក៏សម្រេចចិត្ដសាក់ ជាថ្មីម្ដងទៀត។

នៅពេលដែលនាងដើរចូលទៅក្នុងសាឡននេះ ក៏សួរបញ្ជាក់ទៅកាន់បុគ្គលិក ពីតម្លៃសាក់ចិញ្ចើមនេះ ថាត្រឹមតែ ៤០ដុល្លារមែនទេ? នារីជាបុគ្គលិកក៏និយាយថា ពួកគេយកតែ ៤០ដុល្លារទេ។ នៅពេលដែលចាប់ផ្ដើមធ្វើ បុគ្គលិកនៅទីនោះ បានណែនាំនាង ឲ្យជ្រើសរើស ពីការសាក់ចិញ្ចើមបែបកូរ៉េ ដែលកំពុងតែ ពេញនិយម និងអាចទុកបាន រហូតដល់៣ឆ្នាំ ហើយពួកគេនឹងបញ្ចុះតម្លៃឲ្យ ៥០ភាគរយ។ ភ្លាមៗ យ៉ាទីក៏យល់ព្រម ហើយនាងក៏ត្រូវបាន បុគ្គលិកសាឡន បញ្ចុះបញ្ចូល ឲ្យទិញផលិតផល ថែរក្សាស្បែក មិនឲ្យឆ្លងមេរោគពេលសាក់នេះ។ 

ក្រោយពីធ្វើចប់ យ៉ាទីស្លុតចិត្ដ ជាខ្លាំងនៅពេលដែលឃើញ វិក័យប័ត្រ ដែលមានចុះទឹកលុយសរុប ៨១៦ដុល្លារ ដែលនាងត្រូវតែបង់។ តម្លៃសរុប ៨១៦ដុល្លារនេះ មានដូចជា ៦៨០ ដុល្លារទៅលើការសាក់ចិញ្ចើម និង ១៣៦ដុល្លារ ទៅលើផលិតផល ថែរក្សាស្បែក។ ឃើញបែបនេះ នាងមិនដឹងធ្វើជាយ៉ាងណា ក៏ទូរស័ព្ទរកជំនួយពីម្ចាស់ស្រីរបស់ខ្លួន ដែលឈ្មោះថា Madam Zheng អាយុ ៣៩ឆ្នាំ ជាគណនេយ្យករ មកជួយនាង។

នេះបើតាមសម្ដីអ្នកស្រី Madam Zheng បានឲ្យដឹងថា អ្នកបម្រើនាងប្រហែលជាត្រូវគេ បោកប្រាស់ ដែលបុគ្គលិកនោះ បានត្រឹមតែបញ្ជាក់ថា បញ្ចុះ ៥០ភាគរយ តែមិនបញ្ជាក់តម្លៃពិតប្រាកដ។ មួយវិញទៀត​ប្រាក់ខែរបស់ យ៉ាទីគឺបាន ត្រឹមតែ ៥០០ ដុល្លារក្នុងមួយខែប៉ុណ្ណោះ តើនាងអាចនឹង យល់ព្រមជាមួយនឹង បុគ្គលិកសាឡននោះ ដោយរបៀបណាទៅ?  

ទោះជាយ៉ាងណា ជាចុងក្រោយ ហាងសាឡន​ បានបញ្ចុះតម្លៃឲ្យ ពាក់កណ្ដាលទៅលើសេវា សាក់ចិញ្ចើមនេះ នៅសល់ត្រឹម ៤០០ដុល្លារ និងយ៉ាទីត្រូវ បង្វិលផលិតផល ថែរក្សាស្បែកនោះ ទៅហាងវិញ។ យ៉ាងណាមិញ អ្នកស្រី Madam Zheng  នឹងកាត់ប្រាក់ខែនាង ២០០ ដុល្លារក្នុងមួយខែ ទៅលើបញ្ហាមួយនេះ។

នេះមិនមែនជាលើកទីមួយ ដែលមានលេចលឺរឿងអាស្រូវបែបនេះ ក៏ដូចជាក៏ធ្វើឲ្យភ្ញាក់ផ្អើល ដល់មនុស្សគ្រប់គ្នាផងដែរ៕

កាប់ឆៅ! បញ្ចុះតម្លៃសល់ ៤០ដុល្លារ ដឹងអីពេលចេញវិក័យប័ត្រ មកអស់ ៨១៦ដុល្លារ អ្នកបម្រើស្រី ភ្ញាក់ផ្អើល
រូបភាព នារីជាអ្នកបម្រើឈ្មោះ យ៉ាទី និងវិក័យប័ត្រ

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត