​រាយ​ខ្សែ​លួស​តចរន្ត​អគ្គិស​នី​ឆក់​កណ្តុរក្នុង​ស្រែ​ភ្លាត់​ស្នៀត​ដើរ​ជាន់​ឆក់​ខ្លួន​ឯងស្លាប់​

ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់​រាយ​ខ្សែ​លួស​ត​ចរន្ត​អគ្គិ​សនី​ឆក់​កណ្តុរ​ក្នុង​ស្រែ​ភ្លាត់​ស្នៀត​ឆក់​ខ្លួន​ឯង​ស្លាប់ កាល​ពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៥ នៅ​ចំណុច​ដី​ស្រែ​ប្រាំង​ខាង​ក្រោយ​ភូមិ​ចុង​ខ្សាច់ ឃុំ​ឈើ​ខ្មៅ ស្រុក​កោះ​ធំ​។

នគរ​បាល​ស្រុក​កោះ​ធំ​ដែល​ចុះ​ទៅ​ពិនិត្យ​សព​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ឈឹម ធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ មុខ​របរ​ជា​កសិករ រស់នៅ​ភូមិ​-ឃុំកើត​ហេតុ​ខាងលើ​។

នគរ​បាល​បាន​ឱ្យ​ដឹង​ទៀត​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៥ ​វិច្ឆិកា ជន​រង​គ្រោះ​បាន​រៀប​ចំ​ឧប​ករណ៍​សម្រាប់​ឆក់​កណ្តុរ​ ហើយ​បាន​ចេញ​ពី​ផ្ទះ​ទៅ​ឆក់​កណ្តុរ​នៅ​ដី​ស្រែ​ប្រាំង​ខាង​ក្រោយ​ភូមិ​ចម្ងាយ​ជាង​១០០​ម៉ែត្រ​ពីផ្ទះ​។

ដល់​ពេល​យប់​ជ្រៅ ប្រពន្ធ​ជន​រង​គ្រោះ​មិន​ឃើញ​ប្តី​មក​ផ្ទះ​វិញ​ក៏​បាន​ពឹង​បង​ប្អូន​អ្នក​ជិត​ខាង​ទៅ​រក​នៅ​កន្លែង​ឆក់​កណ្តុរ។ ពេល​ទៅ​ដល់​ដី​ស្រែ​ប្រាំង​ស្រាប់​តែ​ឃើញ​ជន​រង​គ្រោះ​​ដេក​ស្លាប់​ដោយជើង​ជាន់​លើ​ខ្សែ​លួស​​ក៏​បាន​ផ្តាច់​ចរន្ត​អគ្គិសនី​ពី​អាគុយ​ និង​បាន​ស្រែក​ឆោ​ឡោ​ហៅ​អ្នក​ភូមិ​ និង​រាយ​ការណ៍ទៅ​នគរ​បា​ល​ឱ្យ​ចុះ​ពិនិត្យ​តែ​ម្តង​៕