​ម៉ូតូ​បុក​ម៉ូតូ​ស្លាប់​ម្នាក់​ របួស​ធ្ងន់​២នាក់​ នៅ​ស្រុក​ពញាឮ

​ខេត្ត​កណ្តាល​ ៖ យ៉ាង​ហោចណាស់​ក៏​មាន​មនុស្ស​ម្នាក់​​ស្លាប់ភ្លាមៗ​នៅ​នឹង​កន្លែង​ និង​២នាក់ទៀត​របួស​ធ្ងន់​ ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​​រវាង​ម៉ូតូ​បុក​ជា​មួយ​ម៉ូតូ​កាល​ពី​វេលា​ម៉ោង​១១នាទី​យប់​​​ថ្ងៃទី​១៥ វិច្ឆិកា ២០១៥ ​ស្ថិត​នៅ​ក្នុងភូមិ​ស្លែង ឃុំជ្រៃលាស់ ស្រុក​ពញាឮ​ ។​

មន្ត្រីនគរ​បាល​ស្រុក​ពញាឮ ​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេឃើញ​ម៉ូតូ​២​គ្រឿង ​ជិះ​នៅ​លើ​ផ្លូវ​លំ​​​បញ្ច្រាស​ទិស​គ្នា លុះ​មក​ដល់​ចំណុច​​កើត​ហេតុ​ក៏​បុក​គ្នា​​​ពេញ​ទំហឹង​បណ្តាល​ឱ្យ​អ្នក​បើក​បរ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ​ធុន​សេ​១០០​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CQ-0387 ​​​មួយ​គ្រឿង ​ឈ្មោះ ​តាក់ ហេង ភេទ​ប្រុស អាយុ​៥៣ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ពពែ ឃុំ​ជ្រៃ​លាស់ ​(ស្លាប់​នៅ​នឹង​កន្លែង) ។ ចំណែក​ ម៉ូតូ​ម៉ាក​CBR ពាក់​ស្លាក​លេខ​​ភ្នំពេញ 1BU-1510 បើក​បរ​ដោយ​ឈ្មោះ រ៉េត សិទ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​មាន​​ទីលំនៅ​​ភូមិ​ដំបូក​មានល័ក្ខ ឃុំ​ទំនប់ធំ (របួស​ធ្ងន់) ​និង​មាន​អ្នក​រួម​​ដំណើរ​ឈ្មោះ រ័ត្ន ​ភេទ​ប្រុស ​អាយុ​២០ឆ្នាំ​ នៅ​ភូមិ​ជាមួយ​គ្នា (រងរបួស​ធ្ងន់) ។

​ក្រោយ​កើតហេតុ ម៉ូតូ​ទាំង​២​គ្រឿង​រង​ការ​ខូច​ខាត​យ៉ាងដំណំ ត្រូវ​បាន​នគរ​បាល​នាំ​យក​ទៅ​រក្សា​​ទុក​​អធិការដ្ឋាន​នគរ​បាល​ ដើម្បី​រង់​ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕