អគ្គិភ័យ​លេប​ត្របាក់​តូប​ស្នាក់​នៅ​របស់​យាយជី​ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ ខូចខាត​ជិត​៨០%

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​​អគ្គិភ័យ​​កើតឡើង​ទាំង​កណ្តាលថ្ងៃត្រង់ បណ្តាល​ឱ្យ​ឆាបឆេះ​តូប​ស្នាក់​នៅ​របស់​យាយជី​ ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​ចំនួន​១​តូប​ខ្ទេច​ទាំងស្រុង និង​តូប​ស្នាក់​នៅ​ចំនួន​២​តូប​ទៀត ​រង​ការ​ខូចខាត កាលពី​វេលា​ម៉ោង០១​ និង១០​នាទីរសៀល​ថ្ងៃ​ទី១៦ ​​វិ​ច្ចិ​កា ២០១៥ ។

តាម​​ប្រភព​​​ពី​យាយជី​​ដែល​ស្នាក់​នៅ​ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ​បានឱ្យ​​ដឹង​ថា តូប​ស្នាក់​នៅ​ដែល​រងការ​ឆាបឆេះ​ខ្ទេច​ទាំងស្រុង​នោះ​ គឺ​រោង​លេខ១៤ មាន​ម្ចាស់​ស្នាក់​នៅ​ឈ្មោះចាន់ ស្រី​កែវ ភេទ​ស្រី អាយុ​៣០ឆ្នាំ ។ ​ហើយ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​តូប​ស្នាក់​នៅ​នេះ​បាន​​បិទ​ទ្វារ​ចោល​ ដោយ​ពុំ​មាននៅ​ក្នុង​តូប​ឡើយ លុះដល់​ម៉ោង​១រសៀល​ស្រាប់តែ​ប្រជាពលរដ្ឋ​ និង​​ព្រះសង្ឃ ​បានឃើញ​ផ្សែង​ហុយ​​ចេញពី​ក្នុង​វត្ត​ស្ទឹង​​មាន​ជ័យ ក៏​បាន​មក​មើល​ឃើញ​អណ្តាតភ្លើង ​កំពុង​ឆាបឆេះ​ឡើង​យ៉ាង​​សន្ធោសន្ធៅចេញពី​តូប​លេខ១៤ ។ ភ្លាម​ៗ​នោះ ព្រះសង្ឃ ​ក៏​​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​សុំ​ការ​អន្តរាគមន៍​បាញ់​ពន្លត់​អគ្គិភ័យ​នេះ ។

ក្រោយ​ពី​ទទួល​បាន​​សេចក្តីរាយការណ៍​ភ្លាម​ៗ ​អាជ្ញាធរ​មូលដ្ឋាន​បាន​​សហការ​ជាមួយ​កងកម្លាំង​បង្ក និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​ដ្ឋាន​​នគរបាល​រាជធានី​​ភ្នំពេញ​បញ្ជារថយន្តទឹក​ចំនួន​៦​គ្រឿងចុះ​មក​បាញ់​ទឹក​ពន្លត់​​អណ្តាតភ្លើងដែល​កំពុងតែ​ឆេះ ប៉ុន្តែ​ជុំវិញ​ការ​អន្ត​រាគមន៍​បាញ់​ពន្លត់​ខាងលើ​នេះ ​សមត្ថកិច្ច​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​តែ​២​រថយន្ត​ទើប​ទប់ស្កាត់ និង​ពន្លត់​អគ្គិភ័យ​រលត់​សូន្យសុង​ទៅ​វិញ​ភ្លាម​ៗ​ ។

​ជុំវិញ​ទំហំ​ការ​ខូចខាត​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​ សមត្ថកិច្ច​នៅ​មិន​ទាន់​បាន​បញ្ជាក់​ទេ ដោយសារ​កំពុង​សួរនាំ ប៉ុន្តែ​សមត្ថ​កិច្ច​បានឱ្យ​​ដឹង​ថា​ តូប​មួយ​ខ្នង​ដែល​ធ្វើ​អំពីឈើ ប្រក់ស័ង្កសីត្រូវ​ឆេះ​ម៉ត់ទាំងស្រុង ។ ចំណែក​២​តូប​ទៀត​ ក៏​រង​ការ​ខូចខាត​ផង​ដែរ ។ ហើយ​ជា​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ និង​អាជ្ញាធរ គឺ​អគ្គិភ័យ​នេះ​កើតឡើង​មក​ឆ្លង​ចរន្តអគ្គិសនី ព្រោះ​ពេល​កើតហេតុ​ម្ចាស់​តូប​មិន​នៅទេ​ ចាក់សោរ​ទ្វារ​​ចោល ៕