​ប្រជាពលរដ្ឋ​មានទំនាស់​ដីធ្លី​ដុត​កង់ឡាន​តវ៉ា គ្រា​ដែល​ក្រុមហ៊ុន​សុខា​អូរ​តែ​ល​ធ្វើ​របង​លើដី​ទំនាស់

​រាជធានី​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ​រស់នៅក្នុង​សង្កាត់​ជ្រោយចង្វារ ខ័​ណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បានចេញ​មុខ​តវ៉ា​ដោយ​ធ្វើ​ការដុត​កង់ឡាន​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា​នេះ​ដើម្បី​តវ៉ា​រឿង​ទំនាស់​ដីធ្លី​រុំ​ា​រ៉ៃ​ដែល​ពួកគាត់​អះអាងថា ដី​កម្មសិទ្ធិ​របស់គាត់​ត្រូវបាន​ក្រុមហ៊ុន​សុខាអូតែល​រំលោភ​យក ។ ប្រជាពលរដ្ឋ​ទាំង​២​គ្រួសារ​នោះ​រួមមាន​ឈ្មោះ នាង សាឡី និង​នាង លន រស់នៅ​ភូមិ​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ចង្វា ។ 

​តាម​ការបញ្ជាក់​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ឲ្យ​ដឹងថា ពួកគាត់​បាន​កាន់កាប់​គ្រប់គ្រង​ដី​កម្មសិទ្ធិ​មួយកន្លែង​ដែលមាន​ទីតាំង ដូចខាងលើ​តាំងពី​ឆ្នាំ​១៩៧៩​មកម្ល៉េះ ពោលគឺ​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ពួកគាត់​បានមក​រស់​នៅ​និង​គ្រប់គ្រង​លើដី​ខាងលើនេះ​។ លុះដល់​ឆ្នាំ​២០០១ សាលា​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក ជា សុផារ៉ា បាន​លើក​គម្រោង​អភិវឌ្ឍន៍​តំបន់​នោះ ហើយ​បាន​ចាក់ដី​លុប​លើ​ផលដំណាំ​ក្នុង​ដី​របស់​ពួកគាត់ គ្រា​ដែល​គាត់​បានធ្វើ​ការតវ៉ា​យ៉ាង​តឹងតែង​ចំពោះ​ករណី​ចាក់ដី​រំលោភ​នេះ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ​បាន​អះអាងថា ឲ្យ​ចាក់ដី​លុប​សិន​ចុះ ហើយ​ចាំ​ដោះស្រាយ​គ្នា​ពេល​ក្រោយ​ទៀត ដោយ​មិន​ឲ្យ​បាត់បង់​ដី ឬ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​នោះឡើយ ។​

​     ប្រជាពលរដ្ឋ បាន​បន្តថា ដោយមាន​ការអូសបន្លាយ​ពេលវេលា​នៃ​ការដោះស្រាយ​ដីធ្លី​របស់​ពួកគាត់​នេះ ខ​ណះ​ដែល​លោក ជា សុផារ៉ា ក៏​ត្រូវបាន​ផ្លាស់ប្តូរ​តំណែង​អភិបាលក្រុង​ទៅកាន់​តំណែង​ផ្សេងទៀត ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​លំបាក​ក្នុងការ​ដោះស្រាយ​ទំនាស់​ខាងលើ​នេ ។ ពួកគាត់​អះអាងថា ដី​ដែល​ពួកគាត់​គ្រប់គ្រង​នេះ គឺ​ត្រូវបាន​រដ្ឋអំណាច​ប្រកាស​ឲ្យ​ដាក់​ពាក្យសុំ​កាន់កាប់​តាំងពី​ឆ្នាំ ១៩៨៩ ហើយ​ផ្តើម​ពី​នោះ​ពួកគាត់​ក៏បាន​ដាក់​ពាក្យសុំ​កាន់កាប់ ហើយក៏​ទទួលបាន​លិខិត​យល់ព្រម​និង​ទទួលស្គាល់​ពី​ការិយាល័យ​កសិកម្ម​ស្រុក ឫស្សីកែវ​នា​ឆ្នាំ​២០០១ ។​

​      ប្រជាពលរដ្ឋ​បាន​លើកឡើងថា ពួកគាត់​បានធ្វើ​ការតវ៉ា​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​អាជ្ញាធរ​រួមទាំង​ក្រុមហ៊ុន​ដោះស្រាយ​ឲ្យ​បាន​សមស្រប​ចំពោះ ការទូទាត់​លើដី​កម្មសិទ្ធិ​ដែល​ពួកគាត់​បាន​គ្រប់គ្រង​ស្របច្បាប់ ។ ប៉ុន្តែ រហូតមកដល់​ពេលនេះ ពួកគាត់​មិន​ទទួលបាន​នៅ​ដំណោះស្រាយ​សមស្រប​ណាមួយ​នៅឡើយ​ទេ ។ 

​    ​ទន្ទឹមនឹងនោះ ក្រុមហ៊ុន សុខា បាន​ថែមទាំង​ធ្វើ​របង​ព័ទ្ធ​ដី​របស់គាត់​រួមទាំង បញ្ជូន​កម្លាំងប្រដាប់អាវុធ​ឲ្យ​ទៅ​ការពារ​ថែមទៀត ដោយ​ពួកគាត់​គិតថា នេះ​ជាការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើដី​កម្មសិទ្ធិ​ស្របច្បាប់ និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ការពារ​ដោយ​ច្បាប់ ។ 

​    ​ដោយ អស់សង្ឃឹម​និង​ទទួលបាន​យុត្តិធម៌​ពី​ទំនាស់​ដីធ្លី​ខាងលើនេះ ទើប​ពួកគាត់​សម្រេចចិត្ត​ធ្វើការ​តវ៉ា​ដោយ​ដុត​កង់ឡាន​ដើម្បី​បង្ហាញ សាធារណមតិ​ជាតិ និង​អន្តរជាតិ​សំខាន់​អាជ្ញាធរ​ដែនដី និង​ក្រុមហ៊ុន សុខា ឲ្យ​បានដឹង​អំពី​ការរំលោភបំពាន​លើដី​កម្មសិទ្ធិ​របស់​ពួកគាត់ ហើយ​ឲ្យ​មានការ​ពិចារណា ដើម្បី​អន្តរាគមន៍​និង​ជួយ​ដោះស្រាយ​រក​យុត្តិធម៌​ឲ្យ​ពួកគាត់​ដែលជា​ជន​រង់ គ្រោះ​៕

​ប្រជាពលរដ្ឋ​មានទំនាស់​ដីធ្លី​ដុត​កង់ឡាន​តវ៉ា គ្រា​ដែល​ក្រុមហ៊ុន​សុខា​អូរ​តែ​ល​ធ្វើ​របង​លើដី​ទំនាស់
​ប្រជាពលរដ្ឋ​មានទំនាស់​ដីធ្លី​ដុត​កង់ឡាន​តវ៉ា គ្រា​ដែល​ក្រុមហ៊ុន​សុខា​អូរ​តែ​ល​ធ្វើ​របង​លើដី​ទំនាស់
​ប្រជាពលរដ្ឋ​មានទំនាស់​ដីធ្លី​ដុត​កង់ឡាន​តវ៉ា គ្រា​ដែល​ក្រុមហ៊ុន​សុខា​អូរ​តែ​ល​ធ្វើ​របង​លើដី​ទំនាស់
​ប្រជាពលរដ្ឋ​មានទំនាស់​ដីធ្លី​ដុត​កង់ឡាន​តវ៉ា គ្រា​ដែល​ក្រុមហ៊ុន​សុខា​អូរ​តែ​ល​ធ្វើ​របង​លើដី​ទំនាស់