ឈុន​ហេង ​បាក់​ជើង​,​ កាយាក់ ​បាក់ដៃ​ ​ត្រូវ​ការ​ជំនួយ​ដូច​គ្នា


ឈុន​ហេង ​បាក់​ជើង​,​ កាយាក់ ​បាក់ដៃ​ ​ត្រូវ​ការ​ជំនួយ​ដូច​គ្នា

​ជើង​ខ្លាំង​ប្រភេទ​ទម្ងន់​ស្រាល​ ហុន ឈុន ហេង ​បាន​រង​របួស​បាក់​ជើងដោយសារ​ឡាន​បុក​​កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​កីឡាករ ប៉ាង កាយាក ​វិញ​បាន​រង​របួស​បាក់​ដៃ​ កាល​ពី​ថ្ងៃ​សៅរ៍​ បន្ទាប់​ពី​បាន​ផ្ដួល​កីឡាករ​ថៃ​នៅ​សង្វៀន CTN ។ ដោយ​ពេល​នេះ ពួកគេ​ទាំង​ពីរ​នាក់ សុទ្ធ​តែ​ត្រូវ​ការ​ជំនួយ​ដូច​គ្នា។

 

 ឈុន​ហេង ​បាក់​ជើង​,​ កាយាក់ ​បាក់ដៃ​ ​ត្រូវ​ការ​ជំនួយ​ដូច​គ្នាកីឡាករ ហុន ឈុន ហេង

 

​ជើង​ខ្លាំង​របស់​កម្ពុជា​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម​ ​ ហុន ឈុន ហេង បាន​ឲ្យ​ដឹង​ថា ​​ប្រាក់​តម្លៃ​ខ្លួន​​ចំនួន៤០០ ​ដុល្លារ​អាមេរិក​ដែល​វៃ​បាន​កាល​ពី​ថ្ងៃ​សៅរ៍​​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ កន្លង​ទៅ​​ នៅ​សល់​តែ​ជាង​១​០០ដុល្លារ​ប៉ុណ្ណោះ​ព្រោះ​ត្រូវ​បង់​ថ្លៃ​ថ្នាំ​ និង​ការ​ព្យាបាល​ផ្សេងៗ។ ចំពោះ​ជន​​​​បើក​ឡាន​បុក​កីឡាករ​រូប​នេះ​ឲ្យ​បាក់​ជើង​ ដែល​​បាន​សង​ប្រាក់​ចំនួន ៦០​ម៉ឺន​រៀល​​នោះ​ រូប​គេ​មិន​ទទួល​យក​ឡើយ ​ពី​ព្រោះ​​រូប​គេ​​ចង់​ទទួល​​បាន​​ភាព​យុត្តិធម៌​ដោយ​ជួយ​​ចេញ​ថ្លៃ​ព្យាបាល។

 

​បុរស​កូន​មួយ​រូប​នេះ​ប្រាប់​​ទៀត​ថា ពេល​នេះ​រូប​គេ​​កំពុង​ខ្វះខាត​ និង​ត្រូវ​ការ​ប្រជា​ពល​រដ្ឋ​ជួយ​​ឧបត្ថម្ភ​ដើម្បី​បាន​ព្យាបាល​​បន្ត​ទៀត។ ប្រាក់​នៅ​​ក្នុង​ខ្លួន​ជិត​អស់​​ខណៈ​​​ការ​​ចំណាយ​មាន​ចំនួន​ច្រើន​ទៀត​ ​ដូច​នេះ​​រូប​គេ​​គ្មាន​លទ្ធភាព​​ឡើយ​។ ​បច្ចុប្បន្ន​​អ្នក​ប្រដាល់​រូប​នេះ​មិន​ទាន់​មាន​ផ្ទះ​​ផ្ទាល់​ខ្លួន​ឡើយ ដោយ​ស្នាក់​នៅ​ជាមួយ​ម្ដាយ​នៅ​កំពង់​ស្ពឺ​ ហើយ​ប្រពន្ធ​នៅ​កូន​តូច​មិន​អាច​ធ្វើ​ការ​បាន​។

 

​កីឡាករ ​ ហុន ឈុន ហេង ត្រូវ​សម្រាក់​រយៈ​ពេល​ ១​ឆ្នាំ​មិន​អាច​ប្រកួត​រង់ចាំ​របួស​បាន​ជាសះស្បើយ​ឡើង​វិញ​។ ប្រសិន​បើ​ប្រជាពលរដ្ឋ​ចង់​ចូល​រួម​ជួយ​ឧបត្ថម្ភ​ដល់​កីឡាករ​ដែល​កំពុង​​មានការ​ខ្វះ​ខាត​រូប​នេះ​សូម​ទំនាក់​ទំនង​តាម​រយៈ​ទូរសព្ទ​​លេខ 096 750​ 64 29។

 

ចំណែក​ឯ កាយាក់ ​វិញ របួស​បាក់​ដៃរបស់​គេ​កើត​ឡើង​អំឡុង​ពេល​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ថា​ Phetroi Et នៅ​សង្វៀន​ CTN ។ ដោយ​ដៃ​របស់​កីឡាករ​រូប​នេះ​បាក់​តាំង​ពី​ទឹក​ទី​២​ ម៉្លេះ ប៉ុន្តែ​រូបគេ​បាន​ព្យាយាម​ តស៊ូ រហូត​ដល់​ទឹក​ទី​៤ ហើយ​ថែម​ទាំង​បាន​ផ្ដួល​កីឡាករ​ថៃ​ឱ្យ​សន្លប់​វិញ​ទៀត​ផង។ បច្ចុប្បន្ន កាយាក់ កំពុង​សម្រាក​ព្យាបាល​នៅ​វៀតណាម ហើយ​ខាង​ក្លិប​របស់​គេ​ក៏​កំពុង​ស្វែង​រក​ជំនួយ​ ដើម្បី​ជួយ​គេផង​ដែរ។ ប្រិយមិត្ត​អាច​ជួយ​ឧបត្ថម្ភ​ដល់​កីឡាករ​រូប​នេះ​បាន​តាម​រយៈ​លេខ​ទូរសព្ទ 010403059 ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​