សង្គម​ស៊ីវិល​ស្នើ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​អនុវត្ត​តាម​អនុសាសន៍​របស់​នាយក​រដ្ឋមន្ត្រី

មន្ត្រី​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​មាន​ទំនាស់​ដីធ្លី​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ សាទរ​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ក្រើន​រំឭក​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ ចាប់​ពី​ថ្នាក់​ភូមិ​រហូត​ដល់​ថ្នាក់​ខេត្ត ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​កង្វល់ និង​តម្រូវ​ការ​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល។

បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ ថ្លែង​ថា នឹង​ពិនិត្យ​ដោះស្រាយ​កង្វល់​ពលរដ្ឋ​ទៅ​តាម​ដំណាក់​កាល ហើយ​ស្នើសុំ​ពេលវេលា​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន មុន​នឹង​ឈាន​ទៅ​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​នៅ​តាម​សហគមន៍​នីមួយៗ។

សារ​ក្រើន​រំឭក​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្ទាល់​ខ្លួន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ដែល​បាន​ដាស់​តឿន​ឲ្យ​មន្ត្រី​នៅ​តាម​មូលដ្ឋាន​ត្រូវ​ងូត​ទឹក ដុស​ក្អែល ឆ្លុះ​កញ្ចក់ ឬ​ព្យាបាល​មើល​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់ ទទួល​បាន​ការ​ស្វាគមន៍​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី​មួយ​ចំនួន​នា​ខេត្ត​ ព្រះសីហនុ។

ព្រម​ជាមួយ​គ្នា​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បាន​ស្នើ​ដល់​អាជ្ញាធរ​ចាប់​ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​អភិបាល​ ស្រុក-ខេត្ត ត្រូវ​ចូលរួម​អនុវត្ត​អនុសាសន៍​ក្រើន​រំឭក​របស់​ប្រមុខ​ដឹក​នាំ​ឲ្យ​មាន​ ប្រសិទ្ធភាព។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បាន​លើក​យក​កង្វល់ ឬ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​របស់​ប្រជាពលរដ្ឋ​សហគមន៍​អូរ​ត្រជាក់​ចិត្ត​ចំនួន ៤៨​គ្រួសារ ស្ថិត​នៅ​ឃុំ​សំរុង ស្រុក​ព្រៃនប់ ស្នើ​ឲ្យ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ និង​លោក ទិត វុទ្ធី អភិបាល​ស្រុក​ព្រៃនប់ ជួយ​ពន្លឿន​សកម្មភាព​កាត់​ឆ្វៀល​ដី​ចម្ការ​ដំណាំ​ចេញ​ពី​គម្រប​ព្រៃ​ឈើ និង​ផ្តល់​ប្លង់​កម្មសិទ្ធិ​ទៅ​តាម​សំណូមពរ​ពលរដ្ឋ​ឲ្យ​ស្រប​តាម​អនុសាសន៍​ ប្រមុខ​ដឹក​នាំ។ លោក ប៊ួន ណារិទ្ធិ ថ្លែង​បន្ត​ថា ល្មម​ដល់​ពេល​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ងាក​មក​អនុវត្ត​អំពើ​ល្អៗ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ និង​ចៀស​ឲ្យ​ផុត​ពី​អំពើ​ពុក​រលួយ ឬ​បក្ខពួក​និយម​ជា​បន្ត​ទៀត។

លោក​បន្ត​ថា បើ​ស្តាប់​តាម​ប្រសាសន៍ ឬ​សារ​របស់​ប្រមុខ​ដឹក​នាំ​ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ ឃើញ​ថា ប្រមុខ​ដឹក​នាំ​ហាក់​បាន​ដឹង​ឮ​ចំពោះ​ទង្វើ​អាក្រក់​របស់​មន្ត្រី​នៅ​តាម​ មូលដ្ឋាន​ភូមិ ឃុំ ស្រុក និង​ខេត្ត​មួយ​ចំនួន ដែល​ធ្វើ​ទង្វើ​អាក្រក់​លើ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នីមួយៗ៖ «ខ្ញុំ​គាំទ្រ​នូវ​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​លើក​ឡើង​មក​នេះ ហើយ​សំណូមពរ​ដល់​លោក​អភិបាល​ខេត្ត​ព្រះសីហនុ និង​អាជ្ញាធរ​ស្រុក ត្រូវ​ជួយ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ទាំងអស់​ដែល​កើត​មាន​នៅ​តាម​សហគមន៍ ​នានា​ក្នុង​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ ហើយ​ត្រូវ​ជួយ​ឲ្យ​មាន​ការ​កាត់​ឆ្វៀល​ដី​ចេញ​ពី​គម្រប​ព្រៃ​ឈើ ឬ​ចេញ​ពី​ក្រុមហ៊ុន​នានា ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ដើម្បី​ឲ្យ​ពលរដ្ឋ​នៅ​សហគមន៍​អូរ​ត្រជាក់​ចិត្ត​ចំនួន ៤៨ បាន​ទទួល​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់​រស់នៅ​បាន​សុខសាន្ត ដូចជា​ប្រជាពលរដ្ឋ​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា»

លោក ប៊ួន ណារិទ្ធិ បន្ត​ថា នា​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ​មាន​សហគមន៍​មាន​ទំនាស់​ដីធ្លី​ជិត ២០​សហគមន៍ បាន​រង​នូវ​ភាព​អយុត្តិធម៌​ដោយ​ការ​ឃុបឃិត​របស់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ ខ្លះ ចាប់​ពី​ថ្នាក់​ភូមិ ឃុំ ស្រុក រហូត​ដល់​ថ្នាក់​ខេត្ត បាន​ឃុបឃិត​ជាមួយ​ឈ្មួញ និង​មន្ត្រី​មាន​អំណាច រំលោភ​យក​ដី​លំនៅឋាន និង​ដី​ចម្ការ​ពលរដ្ឋ​នា​ពេល​កន្លង​មក។ លោក​ថា ដោយ​សំអាង​ទៅ​លើ​ការ​ផ្តល់​ប្លង់​កម្មសិទ្ធិ​មាន​ការ​ឃុបឃិត​ជា​លក្ខណៈ​ជា​ ប្រព័ន្ធ​របស់​មន្ត្រី​នៅ​តាម​មន្ទីរ និង​ខេត្ត​ព្រះសីហនុ នា​ពេល​កន្លង​មក ទើប​ឈាន​ដល់​ឈ្មួញ និង​មន្ត្រី​មាន​អំណាច អាច​ប្រើ​ប្រព័ន្ធ​តុលាការ និង​កម្លាំង​ប្រដាប់​អាវុធ គំរាម​ចាប់​ដាក់​គុក​ច្រវាក់ រំលោភ​យក​ដី​ដោយ​ស្រប​ច្បាប់​នា​ប៉ុន្មាន​អាណត្តិ​មក​មក​នេះ៖ «ទាក់ទិន​ករណី​ដីធ្លី​នៅ​សហគមន៍​អូរ​ត្រជាក់​ចិត្ត​នេះ គឺ​នៅ​ពេល​ខ្ញុំ​បាន​ចុះ​ទៅ​ស្រាវជ្រាវ​ឃើញ​ថា ដីធ្លី​របស់​ពួក​គាត់​ជា​ប្រភេទ​ដី​ចម្ការ និង​ដី​លំនៅឋាន។ ជាង​នេះ​ប្រជាពលរដ្ឋ​មាន​ដាំ​ដំណាំ​មាន​ស្វាយ ខ្នុរ និង​ប្រភេទ​នៅ​លើ​ដី​នោះ។ ដី​សហគមន៍​អូរ​ត្រជាក់​ចិត្ត​នេះ​ពី​មុន មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ឋានសួគ៌​ដែល​មាន​តំណាង​ដោយ លោក ឆាយ សុគុន្ធដា មាន​តំណែង​ជា​អភិបាល​ស្រុក​ស្ទឹងហាវ បច្ចុប្បន្ន និង​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី យឹម ឆៃលី ថែម​ទៀត»

លោក ប៊ួន ណារិទ្ធិ សង្កត់​ធ្ងន់​ថា ទំនាស់​ដីធ្លី​នៅ​តាម​សហគមន៍​ខ្លះ​បាន​អូស​បន្លាយ​ពេល​ជិត ២០​ឆ្នាំ​ទៅ​ហើយ នៅ​ឡើយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ មិន​បាន​ដោះស្រាយ​ជូន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ទេ។

ផ្ដើម​ពី​បញ្ហា​នេះ លោក ប៊ួន ណារិទ្ធិ ក៏​បាន​សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​បញ្ចេញ​កណ្ដាប់​ដៃ​ដែក​របស់​លោក ជំរុញ​ឲ្យ​ថ្នាក់​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​នា​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​តាម​សហគមន៍​នានា​មាន​ប្លង់​ កម្មសិទ្ធិ​ដីធ្លី ចៀស​ផុត​ពី​ការ​រំលោភ​បំពាន​ពី​មន្ត្រី​មាន​អំណាច ឬ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ។

ទាក់ទិន​បញ្ហា​នេះ លោក សំ សុផាត ប្រធាន​សហគមន៍​អូរ​ត្រជាក់​ចិត្ត ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​សំរុង សព្វថ្ងៃ​នេះ មាន​ចំនួន​សរុប ៤៨​គ្រួសារ និង​មាន​ផ្ទៃ​ដី​ដាំ​ដំណាំ​ហូប​ផ្លែ​ចំនួន ១៦០​ហិកតារ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​ពួក​គាត់​បាន​រង​នូវ​ការ​បំភិតបំភ័យ និង​រង​នូវ​ការ​រំលោភ​បំពាន​ពី​សំណាក់​អាជ្ញាធរ និង​ក្រុមហ៊ុន​នា​មូលដ្ឋាន​នេះ​ជា​បន្តបន្ទាប់ ដោយ​សំអាង​ថា ពួក​គាត់​បាន​មក​រស់នៅ និង​កាប់​ព្រៃ​ក្នុង​តំបន់​រដ្ឋ​ហាម​ឃាត់។

លោក សំ សុផាត បន្ត​ថា ពលរដ្ឋ​ពួក​គាត់​បាន​មក​រស់នៅ​លើ​ដី​សហគមន៍​នេះ​តាំង​ពី​ឆ្នាំ​១៩៩៣ មក​ម្ល៉េះ និង​មាន​ដំណាំ​ហូប​ផ្លែ​មាន​ដូចជា​ស្វាយ ខ្នុរ និង​ដំណាំ​ហូប​ផ្លែ​ជាច្រើន​ប្រភេទ​ទៀត។ លោក​បន្ត​ថា ករណី​នេះ ប្រជាពលរដ្ឋ​ពួក​គាត់​ធ្លាប់​ដាក់​ពាក្យ​ស្នើសុំ​ទៅ​អភិបាល​ស្រុក​ព្រៃនប់ លោក ទិត វុទ្ធី ដើម្បី​សុំ​គោល​នយោបាយ​កាត់​ឆ្វៀល​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ កំពុង​រស់នៅ​លើ​ដី​ជាក់ស្តែង​ជាច្រើន​លើក​ច្រើន​សា ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប​ទេ។

ផ្ដើម​ពី​បញ្ហា​នេះ លោក សំ សុផាត បាន​ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ជួយ​កាត់​ឆ្វៀល​ដី​ចម្ការ​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់​ឲ្យ​បាន​ ឆាប់ ដើម្បី​ចៀស​ផុត​ពី​ការ​រំលោភ​បំពាន​ពី​សំណាក់​មន្ត្រី​មាន​អំណាច​មួយ​ចំនួន និង​ក្រុមហ៊ុន​វិនិយោគ​នា​មូលដ្ឋាន​នេះ។

បន្ថែម​លើ​នេះ ស្ត្រី​មាន​រូប​រាង​ស្គមស្គាំង ឈ្មោះ ស៊ុន មួយ ជា​ប្រជាពលរដ្ឋ​ម្នាក់​ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​រស់នៅ​ភូមិ​អូរ​ត្រជាក់​ ចិត្ត ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ លោកស្រី​ក៏​បាន​សំណូមពរ​ដល់​ប្រមុខ​ដឹក​នាំ ជួយ​អន្តរាគមន៍​កាត់​ឆ្វៀល​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់​ឲ្យ​បាន ​ឆាប់។ ស្ត្រី​រូប​នេះ​បន្ត​ថា ពលរដ្ឋ​ពួក​គាត់​ធ្លាប់​ត្រូវ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​នេះ គំរាម​ចាប់​ដាក់​គុក​ច្រវាក់ និង​គំរាម​បណ្ដេញ​ពី​ដី​ចម្ការ​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេល​នេះ។

និយាយ​ដោយ​សម្ដី​ខ្លាំងៗ លោកស្រី ស៊ុន មួយ មាន​ចម្ងល់​ថា មូលហេតុ​អ្វី​បាន​ជា​មន្ត្រី​មាន​អំណាច និង​ក្រុមហ៊ុន​មាន​សិទ្ធិ​កាន់​កាប់​ដី​នៅ​ជាប់​ទីតាំង​ដី​ចម្ការ​ពួក​គាត់​ ដោយ​រលូន ប៉ុន្តែ​ហេតុ​អ្វី​ពលរដ្ឋ​ពួក​គាត់​ត្រូវ​រង​ការ​គំរាម​បណ្ដេញ និង​ចោទ​ប្រកាន់​គ្រប់​រូបភាព​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​នា​ មូលដ្ឋាន​នេះ៖ «ខ្ញុំ​ក្តៅ​ក្រហាយ​ចំពោះ​អ្នក​មាន​អំណាច​រាល់​ថ្ងៃ​នេះ បាន​មក​ជិះ​ជាន់​រំលោភ​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ខ្ញុំ​ ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ។ ខ្ញុំ​មិន​សូវ​ចេះ​និយាយ​អ្វី​ទេ ប៉ុន្តែ​ស្នើសុំ​ឲ្យ​សម្ដេច ហ៊ុន សែន ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី និង​ជួយ​កាត់​ឆ្វៀល​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​នៅ​តំបន់​អូរ​ត្រជាក់​ ចិត្ត​ជូន​ពួក​ខ្ញុំ​ទាំង ៤៨​គ្រួសារ​ឲ្យ​មាន​សុវត្ថិភាព​ផង ព្រោះ​រាល់​ថ្ងៃ​នេះ របរ​ស៊ី​ឈ្នួល​គេ​បាន​មួយ​ថ្ងៃ​សម្រាប់​មួយ​ថ្ងៃ​របស់​ពួក​ខ្ញុំ មាន​ការ​លំបាក​លំបិន​បំផុត ហើយ​បើ​នៅ​ជាប់​រវល់​តែ​នាំ​គ្នា​តវ៉ា​ទៅ​លើ​សកម្មភាព​រំលោភ​ដីធ្លី​ពី​ សំណាក់​មន្ត្រី​មាន​អំណាច និង​ក្រុមហ៊ុន រំលោភ​មក​លើ​ដីធ្លី​របស់​ខ្លួន​ជា​រហូត​ទៀត​នោះ ពួក​ខ្ញុំ​នឹង​ដាច់​បាយ​ហើយ»

ដោយ​មាន​លាយឡំ​សំឡេង​យំ​ខ្សឹកខ្សួល​ផង​នោះ លោកស្រី ស៊ុន មួយ បាន​ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​កាត់​ឆ្វៀល​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់​ឲ្យ​មាន​ សុវត្ថិភាព៖ «រាល់​ថ្ងៃ​នេះ ពួក​ខ្ញុំ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​មាន​ការ​ពិបាក ដោយ​ស៊ី​ឈ្នួល​គេ។ ប៉ុន្តែ​ដោយសារ​តែ​ការ​តវ៉ា​ការពារ​ដី​ដែល​ត្រូវ​មន្ត្រី​មាន​អំណាច និង​មេ​ព្រៃ​ប្ដឹង ក៏​ត្រូវ​តុលាការ​កោះ​បាន​កោះ​ហៅ​ទៅ​ឆ្លើយ​បំភ្លឺ​ជា​រៀង​រាល់​ខែ ដើម្បី​ឆ្លើយ​បំភ្លឺ​ទៅ​លើ​បណ្ដឹង​របស់​មន្ត្រី​មាន​អំណាច និង​មេ​ព្រៃ​នៅ​តំបន់​នេះ​ប្ដឹង។ ទំនាស់​នេះ ពួក​ខ្ញុំ​ក៏​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​ស្នើ​ឲ្យ​ជួយ​អន្តរាគមន៍​ជា​ បន្តបន្ទាប់ ប៉ុន្តែ​អាជ្ញាធរ​ស្រុក​ព្រៃនប់ មិន​បាន​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពួក​ខ្ញុំ​ទេ ដោយ​លាក់​ទុក ឬ​ផ្អឹប​សំណុំ​រឿង​ដីធ្លី និង​សំណើ​របស់​ពួក​គាត់​ទុក​ចោល​មិន​ចាត់​ការ​ទេ»

ទាក់ទិន​បញ្ហា​នេះ លោក ទិត វុទ្ធី អភិបាល​ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹង​ថា មូលដ្ឋាន​នេះ​មាន​សហគមន៍​ទំនាស់​ដីធ្លី​ជាច្រើន​សហគមន៍​ដែល​អាជ្ញាធរ​មិន​ បាន​ដោះស្រាយ​ឲ្យ​រួច​រាល់​ជា​ស្ថាពរ​ទេ។ លោក​ថា មាន​ទំនាស់​ដីធ្លី​ខ្លះ​វា​ហួស​ពី​សមត្ថកិច្ច​ថ្នាក់​ស្រុក​ត្រូវ​ដោះស្រាយ ហើយ​ស្រុក​ក៏​ស្នើសុំ​គោលការណ៍​ដោះស្រាយ​ពី​ថ្នាក់​ខេត្ត ឬ​ថ្នាក់​ជាតិ ជួយ​រក​ដំណោះស្រាយ​បន្ត ទើប​មិន​ទាន់​ឆ្លើយ​តប​ពលរដ្ឋ និង​មាន​ការ​យឺតយ៉ាវ។ លោក ទិត វុទ្ធី បាន​បដិសេធ​ថា មិន​បាន​ផ្អឹប​សំណុំ​រឿង ឬ​សំណើ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី ទុក​ចោល​មិន​ចាត់​ការ​ដូច​ការ​ចោទ​នោះ​ទេ។

ទោះ​ជា​បែប​នេះ​ក្តី ពលរដ្ឋ​សហគមន៍​អូរ​ត្រជាក់​ចិត្ត បាន​ចោទ​ថា អាជ្ញាធរ​ស្រុក​ព្រៃនប់ នា​ពេល​កន្លង​មក មិន​បាន​ជួយ​រក​ដំណោះស្រាយ​កង្វល់​របស់​ពួក​គាត់ ដែល​ស្នើសុំ​កាត់​ឆ្វៀល​ដី និង​ស្នើ​ប្លង់​កម្មសិទ្ធិ ដាក់​ជូន​ទៅ​ដល់​ដៃ​ប្រមុខ​ដឹក​នាំ​ជួយ​ដោះស្រាយ​ទេ ទើប​ជម្លោះ​បាន​បន្ត​អូស​បន្លាយ​មក​ដល់​ពេល​នេះ។

យ៉ាង​ណា​ក៏ដោយ​ចុះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា នឹង​ពិនិត្យ​ដោះស្រាយ​កង្វល់ ឬ​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍ និង​តាម​មូលដ្ឋាន​នីមួយៗ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៖ «សំណើ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​លើ​ករណី​ទំនាស់​ដីធ្លី​នៅ​តាម​សហគមន៍​ នីមួយៗ ត្រង់​ចំណុច​ណា​ខ្ញុំ​អាច​ដោះស្រាយ​បាន គឺ​យើង​ដោះ​ភ្លាមៗ​មិន​ទុក​យូរ​ទេ ប៉ុន្តែ​ពេល​ខ្លះ ខ្ញុំ​ក៏​មិន​អាច​ឆ្លើយ​តប​ភ្លាមៗ​ទៅ​កាន់​ប្រជាពលរដ្ឋ​បាន​ដែរ គឺ​ទាក់ទង​នឹង​បញ្ហា​ផ្លូវ​ច្បាប់ ឬ​បញ្ហា​បច្ចេកទេស​ជាដើម។ តែ​ទោះ​ជា​យ៉ាង​ណា បញ្ហា ឬ​កង្វល់​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​មក​ដៃ​ខ្ញុំ​ ហើយ ខ្ញុំ​នឹង​ចាត់​ចែង​ដោយ​មិន​ទុក​ឲ្យ​យឺតយ៉ាវ​ដោយសារ​រូប​ខ្ញុំ​ទេ»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗ​នេះ​បាន​ក្រើន​រំឭក​ដល់​មន្ត្រី​ក្រោម​ឱវាទ ជាពិសេស​មន្ត្រី​នៅ​តាម​មូលដ្ឋាន​មាន​ដូចជា មេ​ភូមិ មេ​ឃុំ ចៅហ្វាយ​ស្រុក-ក្រុង និង​ចៅហ្វាយ​ខេត្ត​ជាដើម ត្រូវ​ចិត្ត​ទុក​ដាក់​ដោះស្រាយ​កង្វល់ ឬ​បញ្ហា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា។ បើ​ពុំ​នោះ​ទេ មន្ត្រី​ទាំង​នោះ​នឹង​មិន​មាន​ឱកាស​មក​បម្រើ​ប្រជាពលរដ្ឋ​ទៀត​ទេ​នា​ពេល​ខាង ​មុខ។ បន្ថែម​លើ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ភ្ជាប់​ទំនាក់ទំនង​របស់​លោក​ជាមួយ​ប្រជាពលរដ្ឋ​តាម​រយៈ​បណ្ដាញ​ សង្គម​ហ្វេសប៊ុក ឃើញ​មាន​ពលរដ្ឋ​ជាច្រើន​បាន​ផ្ញើ​ព័ត៌មាន​ផ្សេងៗ​មាន​ទាំង​រូបថត សំឡេង និង​របាយការណ៍​ដែល​រូប​លោក​មិន​ធ្លាប់​ឃើញ ឬ​មិន​បាន​ដឹង​ឮ​ពី​មុន ហើយ​លោក​ក៏​បាន​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ជូន​ពលរដ្ឋ​ដែល​ជួប​រឿង​ អយុត្តិធម៌ ផ្ដើម​ដោយសារ​មន្ត្រី​ខិលខូច ឬ​មន្ត្រី​អាក្រក់​មួយ​ចំនួន​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។