រដ្ឋសភា នឹង​ប្រជុំ​នៅ​ថ្ងៃទី​៣០​វិច្ឆិកា ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៦

ភ្នំពេញ: ​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំពេញអង្គ នា​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដើម្បី​ព​ភា​ក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៦ ឬ​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៦​។ នេះ​បើតាម​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ថ្ងៃ​ចន្ទ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេខា​ធិ​ការដ្ឋាន​រដ្ឋសភា ចេញផ្សាយ​នៅ​ថ្ងៃទី​១៦ វិច្ឆិកា​នេះ បង្ហាញថា កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៣០​វិច្ឆិកា ក្រៅពី​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៦ អង្គប្រជុំ​រដ្ឋសភា ក៏​នឹង​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​ស្តីពី សេចក្តីព្រាងច្បាប់ ស្ថិតិ ផងដែរ​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ថវិកាជាតិ​ឆ្នាំ​២០១៦ បាន​កំណត់ថា នៅ​ឆ្នាំ​២០១៦ រដ្ឋាភិបាល គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ៤.២៧៣ លាន​ដុល្លារ គឺ​កើន​លើស​ឆ្នាំ​២០១៥ ចំនួន​ជាង ១៦ ភាគរយ​។ ក្នុងនោះ ក្រសួង​អប់រំ និង​ក្រសួងការពារជាតិ បានទទួល​ថវិកា​ចំណាយ​ច្រើនជាងគេ គឺ​ក្រសួងការពារជាតិ គ្រោង​នឹង​ចំណាយ​ចំនួន ១.៥៥១.២០៧ លាន​រៀល ស្មើ​ប្រមាណ ៣៨០ លាន​ដុល្លារ រីឯ​ក្រសួង​អប់រំ យុវជន និង​កីឡា ចំនួន ២.០២៩.៨៩៧ លាន​រៀល ស្មើ​ប្រមាណ ៤៩៧ លាន​ដុល្លារ​៕​

រដ្ឋសភា នឹង​ប្រជុំ​នៅ​ថ្ងៃទី​៣០​វិច្ឆិកា ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៦