តំណាងរាស្រ្តCNRP​ បញ្ចប់កិច្ចប្រជុំ​នៅមុននេះបន្តិច ​សម្រេចសុំឲ្យលោក​ សម រង្ស៊ី​លើកពេលវិលចូលប្រទេស

រាជធានីភ្នំពេញ ៖​ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ​ លោក អេង ឆៃអ៊ាង ​បានបា្រប់គេហទំព័រកោះសន្តិភាព​នៅប៉ុន្មាននាទីមុននេះថា​ ​ក្រុមតំណាង​រាស្រ្តគណបក្ស​សង្គ្រោះ​ជាតិ​ (CNRP) ​បានបើកកិច្ចប្រជុំមួយ​ដែលទើបនឹងបិទបញ្ចប់​នៅមុននេះបន្តិច​ដោយសម្រេចសុំឲ្យលោក​ សម រង្ស៊ី ​លើកពេលវិលត្រឡប់​ចូលប្រទេសកម្ពុជា ។

បើតាមលោកប្រធានគណៈ​កម្មការទី១នៃរដ្ឋសភា ​ការលើកពេលពីរបីថ្ងៃនេះ​គឺដើម្បីបញ្ចៀសការប្រឈម​អំពើហិង្សាដែលអាចនឹង​កើតមាននោះ ។ យ៉ាងណា​ក៍ដោយ ការ​លើកឡើងខាងលើនេះ​ គ្រាន់តែជាការសម្រេចរបស់​ក្រុមតំណាងរាស្រ្តតែប៉ុណ្ណោះ​ ប៉ុន្តែមិនទាន់មានការឆ្លើយតបពីលោក ​សម រង្ស៊ី ​នៅឡើយទេ​ ព្រោះកន្លង​មកមេបក្ស​ប្រឆាំងរូបនេះ​បានប្រកាសពីប្រទេស​កូរ៉េខាងត្បូងមកថា ​លោកនឹងមកកម្ពុជាទោះត្រូវចាប់ខ្លួនក៍ដោយ ។

ជាការកត់សម្គាល់​ការបើកកិច្ចប្រជុំនឹង​សម្រេចរបស់ក្រុមតំណាងរាស្រ្ត ​CNRPនេះដែរ ​បានធ្វើឡើងបន្ទាប់ពីរដ្ឋសភាជាតិ​បានបញ្ចប់សិទ្ឋិ​និង​បុព្្វសិទ្ឋិរបស់​លោកសម រង្ស៊ី​ជាតំណាងរាស្រ្តកាលពីព្រឹកមិញ ដើម្បីបើកផ្លូវឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់​៕