លោក​អូ​បា​ម៉ា និង​លោកពូ​ទី​ន ព្រមព្រៀង​គ្នា​សម្រាប់​ការ​ឆ្លងកាត់​នយោបាយ​នៅ​ស៊ី​រី

ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន និង​សម​ភាគី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ជួប​គ្នា​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល G-20 នៅ​តួ​ក​គី​បាន​ព្រមព្រៀង​គ្នា​សម្រាប់​ការ​ឆ្លងកាត់​នយោបាយ​មួយ​នៅ​ស៊ី​រី ។

ក្នុង​ឱកាស​នៃ​ការ​ជួប​គ្នា​ក្រៅផ្លូវការ​រយៈពេល​៣៥​នាទី​នេះ មេដឹកនាំ​នៃ​មហាអំណាច​ទាំង​២​បាន​ពិភាក្សា​គ្នា​ពី​ជម្លោះ​នៅ​ស៊ី​រី និង​នៅ​អ៊ុយ​ក្រែ​ន ។

កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា កន្លង​មកនេះ សហរដ្ឋ​អា​មេ​រិ​ក រុ​ស្ស៊ី និង​បណ្តា​មហាអំណាច​តំបន់​បាន​ព្រមព្រៀង​គ្នា​លើ​កាលបរិច្ឆេទ​នៃ​ការ​បង្កើត​រដ្ឋាភិបាលបណ្តោះអាសន្ន​មួយ​នៅ​ស៊ី​រី ហើយ​រៀបចំ​ការ​បោះ​ឆ្នោត​ក្នុង​រយៈពេល​១៨​ខែ តែ​ពុំ​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ លើ​អនាគត​របស់​ប្រធានាធិបតី​ស៊ី​រី​លោក​បា​ចា អាល់​អាសា​ដ ឡើយ ។

លោក​អូ​បា​ម៉ា និង​លោកពូ​ទី​ន បាន​ព្រមព្រៀង​គ្នា​លើ​ភាព​ចាំបាច់​សម្រាប់​ការ​ឆ្លងកាត់​នយោបាយ​មួយ​រៀបចំ​ឡើង​ដោយ​ប្រជាជន​ស៊ី​រី តាម​រយៈ​ការ​ចរចា​គ្នា រវាង​ពួក​ប្រឆាំង និង​របប​ស៊ី​រី ក្រោម​ការ​ធ្វើ​អាជ្ញាកណ្តាល​របស់ អ​.​ស​.​ប ព្រមទាំង​ពី​បទ​ឈប់​បាញ់​គ្នា​មួយ ។

ម្យ៉ាងវិញទៀត បើ​តាម​មន្ត្រី​ម្នាក់​នៃ​សេត​វិមាន​ថា លោក​អូ​បា​ម៉ា បាន​ស្នើ​ជា​ថ្មី​ឱ្យ​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​មីន​ស្ក៍ ដើម្បី​បញ្ចប់​ជម្លោះ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ។

ចំណែក​ទីប្រឹក្សា​របស់​លោកពូ​ទី​ន ទទួល​បន្ទុក​កិច្ចការបរទេស លោក​យូ​រី អ៊ូ​សា កូវ ថ្លែង​នៅ​មុខ​សារព័ត៌មាន​ថា លោកពូ​ទី​ន និង​លោក​អូ​បា​ម៉ា បាន​ពិភាក្សា​គ្នា​ជា​ពិសេស​ពី​វិបត្តិ​ស៊ី​រី ព្រមទាំង​លើក​ឡើង​ផង​ដែរ ពី​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស ។

ប្រធានាធិបតី​ទាំង​២​បាន​ព្រមព្រៀង​គ្នា​លើ​បណ្តា​ទិស​ដៅ​យុទ្ធសាស្ត្រ​លើ​ការ​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ក៏​ប៉ុន្តែ​ខ្វែងគំនិត​គ្នា​លើ​យុទ្ធវិធី ។

លោក BENJAMIN RHODES ទីប្រឹក្សា​សន្តិសុខ​ជាតិ​រង​របស់​លោក​អូ​បា​ម៉ា ឱ្យ​ដឹង​ថា សហរដ្ឋ​អា​េ​ម​រិ​ក​នឹង​ធ្វើការ​រួម​ជាមួយ​បារាំង ដើម្បី​បង្កើន​ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី និង​នៅ​អីុ​រ៉ា​ក់ ៕