វាយប្រហារ​ក្រុងប៉ារីស​ការ​ស៊ើបអង្កេត​ជឿនលឿន​ជន​អត្តឃាត​3​នាក់​កំណត់​ដឹង​អត្តសញ្ញាណ

ការ​ស៊ើបអង្កេត​លើ​ការ​វាយប្រហារ​ភេរវកម្ម​យ៉ាង​បង្ហូរឈាម​ពុំ​ធ្លាប់​មាននៅ​បារាំង​២​ថ្ងៃ​ក្រោយមក អាច​កំណត់​ដឹង​អត្តសញ្ញាណ​ជន​អត្តឃាត​៣​នាក់ ក្នុង​ចំណោម​ជន​អត្តឃាត​ទាំង​៧​នាក់ ចំណែក​តាម​រយៈ​សាក្សី​ម្នាក់​គេ​កំពុង​តាម​ស្វែងរក​ប្អូនប្រុស​របស់​ជន​អត្តឃាត​ម្នាក់​ដែល​ចាត់ទុកជា​មនុស្ស​គ្រោះថ្នាក់ ។

តុលាការ​បារាំង​តាម​រយៈ​ការ​ស្រាវជ្រាវ​កំណត់​ពី​បណ្តា​សមាជិក​របស់​ក្រុម​ភេរវកម្ម​៣​ក្រុម ដែល​វាយប្រហារ​កាលពី​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា នៅ​ស្តា​ត​បារាំង នៅ​មហោស្រព BATACLAN  និង​តាម​បារ ព្រមទាំង​ភោជនីយដ្ឋាន​ក្រុងប៉ារីស​ជា​ច្រើន ។

អយ្យការ​បារាំង​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ថា ក្រៅពី​ជន​អត្តឃាត​ម្នាក់​ដែល​ស្គាល់​អត្តសញ្ញាណ​រួច​ហើយ​ចាប់តាំងពី​ថ្ងៃ​ទី​១៤ វិច្ឆិកា មក ភេរវ​ករ​២​នាក់​ទៀត ទើប​កំណត់​ដឹង​អត្តសញ្ញាណ​ទៀត ដោយសារ​ស្នាម​ក្រយៅ​ដៃ​ពួក​គេ ។ ភេរវ​ករ​២​នាក់​ទៀត​នោះ​រស់នៅ​ប្រទេស​បែ​ល​ហ្ស៊ិ​ក​តែ​មាន​សញ្ជាតិ​បារាំង ។

ភេរវ​ករ​ម្នាក់​ឈ្មោះ BILAL HADFI អាយុ​៣០​ឆ្នាំ ជា​ជន​អត្តឃាត​ក្នុង​ចំណោម​ជន​អត្តឃាត​៣​នាក់​ដែល​វាយប្រហារ​នៅ​ស្តា​ត​បារាំង ។ ចំណែក​ភេរវ​ករ​ម្នាក់​ទៀត​ឈ្មោះ BRAHIM ABDESLAM  អាយុ​៣១​ឆ្នាំ ជា​អ្នក​ធ្វើ​ឱ្យ​ផ្ទុះ​នៅ​មហាវិថី VOLTAIRE  ដែល​ពុំ​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ ។ ប្អូនប្រុស​ម្នាក់​ក្នុង​ចំណោម​បងប្អូន​របស់​គេ​មានឈ្មោះ​ថា MOHAMED  ត្រូវ​ចាប់ខ្លួន​នៅ​បែ​ល​ហ្ស៊ិ​ក ។ បណ្តា​ភ្នាក់ងារ​ប្រឆាំង​ភេរវកម្ម​បាន​តាម​រក​ពុំ​ឃើញ​ជន​ទី​៣​ម្នាក់​ទៀត​ឈ្មោះ SALAH ដែល​អាច​ជា​ជន​អត្តឃាត​ម្នាក់ ឬ​ជា​ជន​កំពុង​រត់គេច​ខ្លួន ។ SALAH ត្រូវ​បាន​កំណត់​ដឹង​ថា ជា​អ្នក​ជួល​រថយន្ត POLO ពណ៌​ខ្មៅ​មួយ​គ្រឿង មាន​ស្លាក​លេខ​បែ​ល​ហ្ស៊ិ​ក ហើយ​រថយន្ត​នេះ​រក​ឃើញ​ចត​នៅ​មុខ​មហោស្រព BATACLAN ជា​កន្លែង​វាយប្រហារ​របស់​ជន​អត្តឃាត​៣​នាក់ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៨៩​នាក់ ។ រួច​ជន​ឈ្មោះ BRAHIM បាន​ជួល​រថយន្ត​ធុន SEAT ពណ៌​ខ្មៅ​មួយ​គ្រឿង​មាន​ស្លាក​លេខ​បែ​ល​ហ្ស៊ិ​ក​ដែរ ហើយ​រក​ឃើញ​នៅ MONTREIIL ក្បែរ​ជាយ​ក្រុងប៉ារីស​ជាមួយ​កាំភ្លើង AK ៣​ដើម  បង់​គ្រាប់​ទទេ​១១ និង​បង់​គ្រាប់​ពេញ​៥​បង់ ។

សរុប​មនុស្ស​៧​នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​បែ​ល​ហ្ស៊ិ​ក​ទាក់ទិន​នឹង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស ។ អត្តសញ្ញាណ​របស់​ជន​អត្តឃាត​ដែល​កំណត់​ដឹង​អត្តសញ្ញាណ​មុនគេ​ចេញផ្សាយ​រួច​ហើយ ជា​ជនជាតិ​បារាំង អាយុ​២៩​ឆ្នាំ ម្នាក់​ឈ្មោះ OMAR ISMAIL MOSTEFAI ដែល​ជា​អ្នកចូលរួម​វាយប្រហារ​នៅ BATACLAN ។

ម្យ៉ាងទៀត ពួក​អ្នកស៊ើប​អង្កេត​រក​ឃើញ​នៅ​ក្បែរ​សាកសព​ជន​អត្តឃាត​ម្នាក់​ឯ​ស្តា​ត​បារាំង​នូវ​លិខិតឆ្លងដែន​ស៊ី​រី​មួយ​មានឈ្មោះ AHMAD ALMOHAMMAD អាយុ​២៥​ឆ្នាំ ជា​ជនអន្តោប្រវេសន៍​ម្នាក់​ចុះ​ឈ្មោះ​នៅ​ប្រទេស​ក្រិ​ក ។ តែ​ប្រភព​មួយទៀត​និយាយ​ថា នេះ​ជា​លិខិតឆ្លងដែន​ក្លែងក្លាយ​ទេ ។

២​ថ្ងៃក្រោយ​ការ​វាយប្រហារ​ភេរវកម្ម បារាំង​ស្រាវជ្រាវ​រក​ឃើញ​បណ្តើរ​ៗ​នូវ​ឈ្មោះ​របស់​អ្នក​ស្លាប់ ។ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ វិច្ឆិកា នាយក​រដ្ឋមន្ត្រី​បារាំង លោក MANUEL VALLS រាយការណ៍​ថា សាកសព​មនុស្ស​១០៣​នាក់ កំណត់​ដឹង​អត្តសញ្ញាណ​ហើយ ៕