សង្គ្រាមលោកលើកទី ៣ អាច​ផ្ទុះឡើង​ ដោយសារ​តែ​…….

Sanofi

យោងតាម​បណ្តាញ​ព័ត៌មាន CNN បាន​រាយការណ៍​ថា ក្រោយពី​មានការ​វាយប្រហារភេរវកម្មនៅ​ទីក្រុង ប៉ារីស កាលពី​រាត្រី​ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ មកនេះ ​នៅ​ប្រទេស​ប៊ែល​ហ្សិ​ក ​បាន​ចាប់​ជនសង្ស័យ ដែលជា​ភេរ​វករ ៥​នាក់ ។ នៅ​ប្រទេស​បារាំង​គេ​បានកំណត់​អត្តសញ្ញាណ​ភេរវ​ករដោយក្នុង​ចំណោម អ្នក​ទាំងនោះ​មាន​ជនជាតិ​បារាំង​ម្នាក់ និង ​ទំនងជា​ជនជាតិ​ស៊ី​រី​ម្នាក់ទៀត។ ដូច្នេះ​រឿង​អាក្រក់​ដ៍​គួរ​ឲ្យ ភ័យខ្លាចរបស់​ជនជាតិ​អឺរ៉ុប ទំនង​អាច​ក្លាយជា​ការពិត​ដោយសារតែ​កាលពីពេល​ថ្មីៗនេះ​ គឺ​យ៉ាងហោចណាស់​ក៏មានភេរ​វករម្នាក់​បាន​លួច​ចូលក្នុង​ប្រទេស​អឺរ៉ុប​ដោយ​ខុសច្បាប់ ។

របាយការណ៍​បាន​បន្តទៀតថា ពួកក្រុម ISIS កំពុងតែ​អនុវត្ត​នូវ​គម្រោង​ការដែល​បានរៀបចំ​ពីមុន​មកនេះ​បើតាម​សម្តី​របស់​ភេរវ​ករ​ម្នាក់​ឈ្មោះ Achmed ដែលមាន​ជំនាញ​ផ្នែក​ភេរវកម្ម​បាន​រៀបរាប់ថា កាលពី​ថ្ងៃទី ៣ ខែតុលា មាន​ការបន្លំ​ខ្លួន​ជា​ជន​ចំណាកស្រុក​ធ្វើដំណើរ​មកដល់​កោះ Leros ប្រទេស​ក្រិ​ក។ បន្ទាប់មក​ឆ្លង កាត់​តាម​ប្រទេស​ម៉ា​សេ​ដន​ ស៊ែ​ប៊ី និង​ ប្រទេស​ក្រូ​អាស៊ី ទើប​មកដល់​ប្រទេស​បារាំង។​

​តាម​ការចុះផ្សាយ​របស់​កាសែត Le Parisien របស់​បារាំង​បាន​ឲ្យ​ដឹងថា ប្រទេស​ប៊ែ​ល​ហ្សិ​ក បានក្លាយជា​មូលដ្ឋាន​បង្អែក​នៃ​ពួក​ភេរ​វករ ISIS ដោយ​ប្រទេសមួយ​នេះ​ធ្លាប់មាន​ការទាក់ទង​ភេរវកម្ម​ជាច្រើន​ករណី។ តួ យ៉ាង​ដូចជា​ភេរវកម្ម​នៅលើ​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ពី​ទីក្រុង​ប្រ៊ុ​យ​សែ​ល ទៅ ប៉ារីស គឺ ​ភេរ​វករ​ជិះ​រថភ្លើង ចេញពី​ទីក្រុង​ប្រ៊ុ​យ​សែ​លផងដែរ ។​

លោក Moran ព្រះរាជអាជ្ញា​ទទួលបន្ទុក​រឿងក្តី​នៃ​ការវាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស បានប្រកាស​នៅក្នុង​សន្និសីទ​ការ​សែត​ថា ករណី​នៃ​ការវាយប្រហារ​របស់​ពួក​ភេរ​វករ គឺមាន​គោលដៅ មាន​អង្គការ​ចាត់តាំង និង ​កំណត់​ពេលវេលា​នៃ​ការវាយប្រហារ​ច្បាស់លាស់។ ពួកគេ​បែង​ចែកជា ៣​ ក្រុម និង​ អនុវត្តព្រមៗគ្នា​ក្នុងពេល​តែមួយ ដោយ​ពួក​ភេរវ​ករ​ទាំងនោះ​ធ្វើការ​វាយប្រហារ​នៅក្បែរ​ពហុកីឡាដ្ឋាន Stade de France នៅក្នុង​សាល​មហោស្រព​តន្ត្រី Bataclan ភោជនីយដ្ឋាន និង​ ក្លឹប​កម្សាន្ត​ជាច្រើន​កន្លែង​ទៀតផង ។ ក្នុង​ឧប្បត្តិហេតុនៃ​ការវាយប្រហារ​ភេរវកម្ម​នៅ​ចំ​កណ្តាល​ទីក្រុង​ប៉ារីសលើក​នេះ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស ១៣២​ នាក់ របួស ៣៥២ នាក់​ដោយ​ក្នុងនោះ​រងរបួស​ធ្ងន់ ៩៩ ​នាក់​។ ក្នុង​ហេតុការណ៍​នេះ​ក៏បាន​ធ្វើឱ្យ​ក្រុម​ភេរ​វករ​ស្លាប់ ៧​ នាក់​ផងដែរ​។​

​បើតាម​ការចុះផ្សាយ​រប​ស់ទស្ស​នាវ​ដ្តីអាល្លឺម៉ង់ Time Magazine ដែលមាន​ចំណងជើង​ថា «​អាល្លឺម៉ង់ និង​បារាំង​ត្រូវ​រួមដៃគ្នា​ការពារ​អឺរ៉ុប​» ដូច្នេះ ប្រទេស​ទាំង ២​ នេះ ​ត្រូវតែ​បង្កើត​កងទ័ព​រួម។ ចំណែកកាសែត Daily Mirror របស់​អាល្លឺម៉ង់ ដែរនោះ​ក៏បាន​ចុះផ្សាយ​នៅក្នុង​ទំព័រ​អត្ថាធិប្បាយ​ថា ការវាយប្រហារភេរវកម្ម​នា​រាត្រី​ថ្ងៃ​សុក្រ​ទី ១៣ នោះ​គឺមាន​ការ​ភ័យរន្ធត់​ខ្លាំងណាស់។ ដូច្នេះ ពួកលោក​ខាងលិច​មិនអាចមិន​សារ​ភាព​នោះឡើយ​ ហើយ​ទូទាំង​ពិភពលោក​ទាំងមូល​កំពុង​តែ​ប្រឈមមុខ​នឹង​សង្គ្រាមលោកលើកទី​៣ ៕

គ ឡេង






Related