ជំនួប​កម្ពុជា​-​ជប៉ុន ទាក់ទាញ​អ្នកគាំទ្រ​លើសលប់​តាំងពី​មុន​ប្រកួត

រាជធានី​ភ្នំពេញ ៖ ជំនួប​កម្ពុជា​-​ជប៉ុន​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ World Cup  ល្ងាច​នេះ​បាន​ទាក់ទាញ​អ្នកគាំទ្រ​ច្រើន​លើសលប់​តាំងពី​មុន​ប្រកួត ទោះបី​លទ្ធផល​ចាញ់​ឈ្នះ​នៅ​តែ​ធ្វើ​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​ហាលអាវ​សម្រាប់​ជំហាន​បន្ត​ក្ដី ក៏​មានការ​កត់​សម្គាល់ថា អ្នកគាំទ្រ​នៅ​ក្នុង​ប្រទេស​រាប់​ម៉ឺន​នាក់​បាន​ផ្ដោត​ការ​ចាប់អារម្មណ៍​ចំពោះ​ព្រឹត្តិការណ៍​នេះ តាំងពី​មុន​ប្រកួត​ខុស​ពី​ការ​ប្រកួត​កន្លង​មក ។ ជាក់ស្ដែង សំបុត្រ​រាប់​ម៉ឺន​សន្លឹក​ត្រូវ​គេ​កក់​ទិញ​យក​អស់​ច្រើន​ភាគរយ​តាំងពី​ប៉ុន្មាន​ថ្ងៃមុន​ម្ល៉េះ ខណៈ​នៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ឯណេះ​វិញ ក៏​មានការ​ជជែក​គ្នា​ពី​រឿង​នេះ​យ៉ាង​ផុសផុល ដោយ​ភាគច្រើន​បាន​ចាត់​ទុក​ថា នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​ពួក​គេ​មិន​អាច​ខកខាន​បាន​ទៀត​ផង ។

 ហេតុផល​តែ​មួយ​គត់​ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​ជម្រុះ World Cup នៅ​ល្ងាច​ថ្ងៃ​ទី​១៧ វិច្ឆិកា​នេះ​មានការ​ទាក់ទាញ​ខ្លាំង គឺ​ដោយសារ​តែ​អ្នកគាំទ្រ​ចង់​មើល​ការ​ប្រកួត​ផ្ទាល់​របស់​ក្រុម​យក្ស​នៅ​ទ្វីបអាស៊ី​គឺ​ជប៉ុន​ដែល​បង្ហាញខ្លួន​នៅ​កម្ពុជា​ជា​ប្រវត្តិសាស្ត្រ​នេះ​។ ធៀប​នឹង​ការ​ប្រកួត​ដែល​កម្ពុជា​ធ្លាប់​ធ្វើ​ជា​ម្ចាស់ផ្ទះ​កន្លង​មក ការ​ប្រកួត​រវាង​ក្រុម​ជប៉ុន​និង​ក្រុម​កម្ពុជា​ដែល​នៅ​សល់​តែ​ប៉ុន្មាន​ម៉ោង​ទៀត​នេះ ហាក់​មាន​អ្នក​ចាប់អារម្មណ៍​ច្រើន​ជាង​មុន ។ ជាក់ស្ដែង ក្រុម​អ្នក​ស្នេហា​កីឡាបាល់ទាត់​ស្ទើរ​គ្រប់​ស្រទាប់​បាន​បង្ហាញ​ការ​សាទរ​ចំពោះ​ក្រុម​ជប៉ុន​តាំងពី​មក​ដល់​ប្រទេស​កម្ពុជា​ភ្លាម​ៗ​ម្ល៉េះ ។ អ្នកគាំទ្រ​ស្ទើរ​ទាំងអស់​បង្ហាញ​ទស្សនៈ​ដូច​គ្នា​ថា ក្រុម​កម្ពុជា​គ្មាន​សមត្ថភាព​យកឈ្នះ​ក្រុម​ជប៉ុន​នៅ​លើ​ទឹកដី​របស់​ខ្លួន​បាន​ទេ​សម្រាប់​ការ​ប្រកួត​ល្ងាច​នេះ ប៉ុន្តែ​មានការ​ព្យាករ​រួច​ជា​ស្រេច​ទៅ​ហើយ​ថា​នឹង​មាន​អ្នក​ទស្សនា​មិន​ក្រោម​៧​ម៉ឺន​នាក់​នោះ​ទេ ដោយសារ​តែ​ក្រុម​ជប៉ុន​គឺជា​ក្រុម​ល្បី​លំដាប់​ពិភពលោក ហើយ​មាន​អ្នក​ស្នេហា​កីឡាបាល់ទាត់​នៅ​ក្នុង​ប្រទេស​ចង់​មើល​ការ​ប្រកួត​ដោយ​ផ្ទាល់​ភ្នែក​ច្រើន​ជាង​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍ ។

នៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក ឃើញ​មានការ​ត្រៀមខ្លួន​ខុស​ប្លែក​ពី​សំណាក់​យុវវ័យ​ដែល​ចង់​ឃើញ​ការ​ប្រកួត​របស់​ក្រុម​កម្ពុជា និង​ក្រុម​ជប៉ុន បើ​ទោះជា​ដឹង​ថា ក្រុម​ជម្រើសជាតិ​របស់​ខ្លួន​នឹង​ជួប​វាសនា​ច្រំ​ដែល​នៅ​លើ​ទីលាន​ប្រកួត​ក្ដី ។ ម្នាក់​ៗ​ក៏​បាន​ត្រៀម​ទុក​នូវ​ទង់ជាតិ និង​ស្ទី​គ័​រ​រូប​ទង់ជាតិ​តូច​ៗ​ដើម្បី​បិទ​លម្អ​លើ​មុខ ជា​ការ​លើកទឹកចិត្ត​ដល់​ក្រុម​កម្ពុជា​ផង​ដែរ​។ មានការ​អះអាង​ថា ជនបរទេស​ជា​ពិសេស​ជនជាតិ​ជប៉ុន​មិន​តិច​នោះ​ទេ បាន​កក់​សំបុត្រ​ទុក​ក្នុង​បរិមាណ​ច្រើន បើ​ធៀប​នឹង​ការ​ប្រកួត​មុន​ៗ ។

ដោយឡែក នៅ​ក្នុងថ្ងៃនេះ​ក៏​មាន​ពិធី​ប្រគល់​រង្វាន់​ដល់​អ្នកស្រី​កែ ឡេ​ង ដែល​ជា​ម្ចាស់​មេដាយមាស​ពិភពលោក​ផ្នែក​ប៉េតង់​ពី​សំណាក់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ផង​ដែរ ទើប​មានការ​ប៉ាន់​ស្មានថា នៅ​តាម​ដងផ្លូវ​ជា​ពិសេស​នៅ​ជុំវិញ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ពិតជា​កកកុញ​ដោយ​ហ្វូង​មនុស្ស​តាំងពី​រសៀល​នេះ​ម្ល៉េះ ។ យ៉ាងណា​ក៏​ដោយ មន្ត្រី​អាជ្ញាធរ​បាន​អះអាង​ថា នឹង​រៀបចំ​សណ្ដាប់ធ្នាប់​ចរាចរណ៍ មិន​ឱ្យ​កកស្ទះ​នៅ​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​នោះ​ទេ ដើម្បី​សម្រួល​ឱ្យ​ពិធី​ដង្ហែ​ក្បួន​ក្រោយ​ការ​ប្រគល់​រង្វាន់​ដល់​អ្នកស្រី​កែ ឡេ​ង និង​ការ​រៀបចំ​បាល់ទាត់​ពិភពលោក​រវាង​ក្រុម​កម្ពុជា និង​ក្រុម​ជប៉ុន​ដំណើរការ​ទៅ​ដោយ​រលូន ។ ការ​ប្រកួត​ល្ងាច​នេះ ត្រូវ​គេ​ប៉ាន់​ស្មានថា​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​មាន​អ្នក​ទស្សនា​ណែនណាន់តាន់តាប់​ជាង​លើក​មុន​ទៅ​ទៀត បើ​ធៀប​នឹង​ការ​ប្រកួត​រវាង​ក្រុម​កម្ពុជា និង​សិង្ហ​បុរី ៕