លទ្ធផល​ប្រកួត​បាល់ទាត់​អន្តរក្រសួង​-​ស្ថាប័ន​ស​ប្ដា​ហ៍​ទី​4​កន្លង​មកនេះ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​អន្តរក្រសួង​-​ស្ថាប័ន​ដែល​ធ្វើ​ឡើង​ចាប់តាំងពី​ថ្ងៃ​សុក្រ​ទី​១៣ វិច្ឆិកា កន្លង​មកនេះ​នៅ​ទីលាន​សិប្បនិម្មិត​ទួល​គោក បាន​ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៤​ហើយ ។ ការ​ប្រកួត​ធ្វើ​ឡើង​តាម​រូបមន្ត​ជម្រុះ​តាម​ពូ​ល​ដើម្បី​ស្វែងរក​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាងគេ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត ។

ជា​លទ្ធផល​ការ​ប្រកួត​ជម្រុះ​នៅ​ក្នុង​ពូ​ល​«​ឃ​»​កាលពី​ថ្ងៃ​សុក្រ​ដែល​មាន​២​ប្រកួត​នោះ ក្រុម​ក្រសួងពាណិជ្ជកម្ម បាន​យកឈ្នះ​ក្រុម​ក្រសួងយុត្តិធម៌ ២-១ ខណៈ​មួយ​ប្រកួត​ទៀត ក្រុម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ក្រុម​សាលា​រាជធានី​ភ្នំពេញ​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើគ្នា ១-១ ។ នៅ​ក្នុង​ពូ​ល «​ឃ​» មាន​តែ​ក្រុម​សាលា​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ដែល​មាន​ពិន្ទុ​នាំមុខ​គេ​ដោយ​ប្រកួត​២​លើក​ឈ្នះ​១​ស្មើ​១​មាន​៤​ពិន្ទុ ។ ចំណែក​ក្រុម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកួត​បាន​២​លើក​ដូច​គ្នា​ស្មើ​១​ចាញ់​១​មាន​១​ពិន្ទុ​ប៉ុណ្ណោះ ។ ក្រុម​ក្រសួងយុត្តិធម៌ និង​ក្រុម​ក្រសួងពាណិជ្ជកម្ម​ប្រកួត​បាន​២​លើក​ក្នុង​នោះ​ឈ្នះ​១​ចាញ់​១​ដូច​គ្នា ទើបតែ​រកបាន​៣​ពិន្ទុ​ម្នាក់​ប៉ុណ្ណោះ​។
 
 ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍​ដែល​មាន​២​ប្រកួត​ដែរ​នោះ​សម្រាប់​ការ​ប្រកួត​ជម្រុះ​នៅក្នុង​ពូ​ល «​គ​» ក្រុម​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​លត់​ក្រុម​ក្រសួង​កិច្ចការ​នារី​ក្នុង​លទ្ធផល​១៤-២ ខណៈ​មួយ​ប្រកួត​ទៀត​ជា​ការ​ប្រកួត​ជម្រុះ​នៅ​ក្នុង​ពូ​ល «​ក​» ក្រុម​ក្រសួងបរិស្ថាន​បាន​យកឈ្នះ​ក្រុម​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ក្នុង​លទ្ធផល
៥-១ ។ ក្រុម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​កំពុង​តែ​មាន​ពិន្ទុ​នាំមុខ​គេ​ដោយ​ប្រកួត​២​លើក​ឈ្នះ​ទាំង​២​លើក​មាន​៦​ពិន្ទុ រីឯ​ក្រុម​ក្រសួង​កិច្ចការ​នារី​ប្រកួត​២​លើក​ចាញ់​ទាំង​២​លើក ។ ដោយឡែក​ក្រុម​ក្រសួងបរិស្ថាន និង​ក្រុម​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​វិញ​ប្រកួត​បាន​២​លើក​ឈ្នះ​១​ចាញ់​១​មាន​៣​ពិន្ទុ​ដូច​គ្នា ។

រីឯ​ការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ​ដែល​មាន​តែ​មួយ​ប្រកួត​នោះ​គឺជា​ការ​ប្រកួត​ជម្រុះ​នៅ​ក្នុង​ពូ​ល​«​គ​»​ជា​លទ្ធផល​ក្រុម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​យកឈ្នះ​ក្រុម​ក្រសួង​អភិវឌ្ឍន៍ជនបទ​២-០ ។ ក្រុម​ក្រសួង​អប់រំ​យុវជន​និង​កីឡា​កំពុង​តែ​មាន​ពិន្ទុ​នាំមុខ​គេ​តាម​រយៈ​ការ​ប្រកួត​២​លើក​ឈ្នះ​ទាំង​២​លើក មាន​៦​ពិន្ទុ ។ ចំណែក​ក្រុម​ក្រសួង​អភិវឌ្ឍន៍ជនបទ​ប្រកួត​បាន​២​លើក​ឈ្នះ​១​ចាញ់់​១​មាន​៣​ពិន្ទុ ៕