អារម្មណ៍​​​ពលរដ្ឋ​ខ្មែរ​ម្នាក់​​ដែល​រស់​នៅ​​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​បំផ្ទុះ​គ្រាប់​បែក​នៅ​ប៉ារីស

អារម្មណ៍​​​ពលរដ្ឋ​ខ្មែរ​ម្នាក់​​ដែល​រស់​នៅ​​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​បំផ្ទុះ​គ្រាប់​បែក​នៅ​ប៉ារីស

បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​​ នៅ​ប៉ុន្មាន​តំបន់​ក្នុង​ទី​ក្រុង​ប៉ារីស​ដែល​ក្នុង​នោះ​ក៏​មាន​​ភោជនីយដ្ឋាន​ខ្មែរ​មួយ​ដែរ បារាំង​ក៏​បាន​ប្រកាស​​ដាក់​ប្រទេស​របស់​ខ្លួន​ក្នុង​គ្រោះអាសន្ន​។ ទោះ​បី​ជា​បែប​នេះ​ក៏​ដោយ​​លោក​វើក​ ហ្សេរ៉ា​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភោជនីយដ្ឋាន​ Le Petit Cambodge បាន​ប្រាប់​ Sabay តាម​ទូរសព្ទ​មុន​នេះ​បន្តិច​​ថា​ សម្រាប់​លោក​មិន​សូវ​ជា​ភ័យ​ខ្លាច​ខ្លាំង​​ចំពោះ​ព្រឹត្តិការណ៍​ដ៏​ល្បី​ល្បាញ​ពេញ​បណ្ដាញ​សារព័ត៌មាន​ជុំ​វិញ​ពិភព​លោក​នេះ​ទេ។

 

មូល​ហេតុ​ដែល​លោក​​លើក​ឡើង​យ៉ាង​ដូច្នេះ​ដោយ​សារ​លោក​យល់​ថា​ យោធា​បាន​ដាក់​ពង្រាយ​កម្លាំង​ជុំ​វិញ​តំបន់​សំខាន់​ៗ​ ដូច​ជា​ផ្សារ​ទំនើប ស្ថាន​ទូត និង កន្លែង​ផ្សេង​ទៀត​ដែលមាន​មនុស្ស​ច្រើន ហើយ​ម្យ៉ាង​ទៀត​ពួក​ជ្រុល​និយម​ ទំនង​មិន​ធ្វើ​ការ​វាយ​ប្រហារ​លើ​ផ្ទះ​ប្រជាជន​ទេ​ ពោល​គឺ​ពួក​គេ​មាន​គម្រោង​វាយ​ប្រហារ​តាម​តំបន់​ ឬ ទី​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​តែ​ប៉ុណ្ណោះ។

 

 

អារម្មណ៍​​​ពលរដ្ឋ​ខ្មែរ​ម្នាក់​​ដែល​រស់​នៅ​​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​បំផ្ទុះ​គ្រាប់​បែក​នៅ​ប៉ារីស

រូប​តំណាង​ (ប្រភព៖ girlguidetoparis)

 

 

លោក ហ្សេរ៉ា​បាន​បន្ត​ទៀត​ថា​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​ មាន​ព្រះ​សង្ឃ​ខ្មែរ​ប្រហែល​ បួន​ឬ​ប្រាំ​អង្គ​ បាន​និមន្ត​ទៅ​សូត្រ​មន្ត​នៅ​ ភោជនីយដ្ឋាន Le Petit Cambodge នោះ​ដែរ​ខណៈ​ពេល​ដែល​បារាំង​បាន​កាន់​ទុក្ខ​ប្រទេស​របស់​ខ្លួន​រយៈ​ពេល​បី​ថ្ងៃ ហើយ​នេះ​ជា​ថ្ងៃ​កាន់​ទុក្ខ​ទី​ពីរ​។ ចំពោះ​មូល​ហេតុ​ដែល​គេ​និមន្ត​ព្រះ​សង្ឃ​ខ្មែរ​ទៅ​សូត្រ​ធម៌​នៅ​ភោជនីយដ្ឋាន​ខ្មែរ​យ៉ាង​ណា​នោះ​ លោក​មិន​​បាន​ដឹង​នោះ​ទេ។

 

 

ចំពោះ​ផល​ប៉ះ​ពាល់​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​វិញ​ លោក​ហ្សេរ៉ា​បាន​ឱ្យ​ដឹង​ថា មិន​មាន​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ​ ព្រោះ​លោក​នៅ​តែ​អាច​ទិញ​ម្ហូប​អាហារ​តាម​ហាង​តូច​ៗ​ក្បែរ​ផ្ទះ​បាន​ ហើយ​លោក​ក៏​បាន​លើក​ឡើង​ថា​ ប្រជាជន​បារាំង​មួយ​ចំនួន​នៅ​តែ​ ដើរ​ហើរ​ដូច​ជា​គ្មាន​ឧប្បត្តិហេតុ​កើត​ឡើង​ដដែល។

 

 

 

អារម្មណ៍​​​ពលរដ្ឋ​ខ្មែរ​ម្នាក់​​ដែល​រស់​នៅ​​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​បំផ្ទុះ​គ្រាប់​បែក​នៅ​ប៉ារីស

 

(រូបពី BBC)

 

 

ចំពោះ​បុគ្គលិក​រដ្ឋ​វិញ​ ពួក​គេ​នៅ​តែ​បន្ត​ការ​ធ្វើ​ការ​ជា​ធម្មតា​ ដោយ​ឡែក​សាលា​រៀន​មួយ​ចំនួន​ត្រូវ​បាន​បិទ​ទ្វារ​បណ្ដោះ​អាសន្ន។ ចំណែក​លោក​ហ្សេរ៉ា​វិញ​មិន​បាន​ទៅ​ធ្វើ​ការ​ដោយ​សារ​តែ​លោក​មាន​ច្បាប់​លំហែ​មាតុភាព​ភរិយា​រយៈ​ពេល​បី​សប្ដាហ៍​ ប៉ុន្តែ​លោក​​បាន​បញ្ជាក់​ថា អាទិត្យ​ក្រោយ​លោក​នឹង​​ទៅ​ធ្វើ​ការ​វិញ​ដូច​ធម្មតា៕

 

 

ចំពោះ​ព័ត៌មាន​បន្ត​ទៀត​យ៉ាង​ណា​ Sabay នឹង​ជម្រាប​ជូន​បន្ត​​ទៀត។​​​​​​​​​​

 

អត្ថបទ៖ ណេង ណេង