ក្រុមហ៊ុន Keystone ប្រារព្ធខួប ២០ឆ្នាំ ចំពោះការបើក អាជីវកម្ម រកស៊ីនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនខ្សែភ្លើង Keystone ដែលជាក្រុមហ៊ុនលក់ខ្សែភ្លើងម៉ាក Keystone មាន គុណភាពខ្ពស់ ផលិតនៅប្រទេសសិង្ហបុរី បានប្រារព្ធខួប២០ឆ្នាំរបស់ខ្លួន ចំពោះដំណើរការនៃការចាប់ផ្តើមទីផ្សាររបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៥មក។

ថ្លែងក្នុងពិធីប្រារព្ធខួបលើកទី២០ របស់ក្រុមហ៊ុនខ្សែភ្លើង Keystone កាលពីល្ងាចថ្ងៃទី១៤ វិច្ឆិកា នាសណ្ឋាគារសុខាអូតែល រាជធានីភ្នំពេញ លោក ដារ៉េត អគ្គនាយកក្រុមហ៊ុន Keystone បានមានប្រសាសន៍ថា ប្រទេសកម្ពុជា គឺជាទីផ្សារដ៏ពិសេសមួយរបស់ក្រុមហ៊ុន ដែលវាស្រប ពេលដែលក្រុមហ៊ុន បន្តខិតខំប្រឹងប្រែងក្នុងការផ្តល់នូវខ្សែភ្លើងប្រកបដោយ គុណភាពខ្ពស់ដល់ទីផ្សារនៅប្រទេសកម្ពុជា។

លោក បញ្ជាក់ថា ក្រុមហ៊ុនខ្សែភ្លើង Keystone ត្រូវបានបង្កើតឡើង នៅក្នុងប្រទេសសិង្ហបុរី ក្នុងឆ្នាំ ១៩៩០ គឺមានរយៈពេល ២៥ឆ្នាំហើយមកដល់ពេលបច្ចុប្បន្ន។ ក្រុមហ៊ុនបានមកដល់ និងចាប់ផ្តើមលក់លើទីផ្សារកម្ពុជា តាំងពីឆ្នាំ១៩៩៥ អស់រយៈពេល២០ឆ្នាំមកហើយ។ បើទោះបីជាការចាប់ផ្តើមនៅមានកំរិតទាប នៅឡើយក៏យើងនៅតែបន្តការ វិនិយោគរបស់ពួកយើងនៅក្នុងប្រទេសកម្ពុជា។

លោក ក៏បានថ្លែងនូវការគោរព និងកោតសរសើរចំពោះដៃគូអាជីវកម្ម អតិថិជន និងមិត្តភក្តិរបស់ក្រុមហ៊ុននៅកម្ពុជា ដែលបានជួយគាំទ្រក្រុមហ៊ុន Keystone ជាច្រើនឆ្នាំមកនេះ ស្របពេលដែលក្រុមហ៊ុនបន្តខិតខំប្រឹងប្រែង ក្នុងការផ្តល់នូវខ្សែភ្លើង ប្រកបដោយគុណភាពខ្ពស់ដល់ទីផ្សារកម្ពុជា។

គួរបញ្ជាក់ថា ខ្សែភ្លើងម៉ាក Keystone កំពុងទទួលបាននូវការគាំទ្រយ៉ាងពេញនិយម ពីសំណាក់អ្នកវិនិយោគ លើផ្នែកវិស័យសំណង់នៅកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ ដោយពួកគេបានជ្រើសរើសខ្សែភ្លើងប្រភេទនេះ ក្នុងការបំពាក់នៅក្នុងគ្រឹះសំណង់របស់ពួកគេ៕

ក្រុមហ៊ុន Keystone ប្រារព្ធខួប ២០ឆ្នាំ ចំពោះការបើក អាជីវកម្ម រកស៊ីនៅកម្ពុជា