សម្តេច​ហ៊ុនសែន អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​ប្រទេស​ម៉ាឡេស៊ី ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២​វិច្ឆិកា​

ភ្នំពេញ: ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល ពាក់ព័ន្ធ​មួយចំនួន ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។​

​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស ចុះ​ថ្ងៃទី​១៦​វិច្ឆិកា​នេះ បង្ហាញថា អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន រួមជាមួយ​មេដឹកនាំ​អាស៊ាន​ដទៃទៀត នឹង​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ ចំនួន ៣ រួមមាន​៖ “​សេចក្តីថ្លែងការណ៍​គូ​ឡា​ឡាំ​ពួរ ឆ្នាំ​២០១៥ ស្តីពី ការបង្កើត​សហគមន៍​អាស៊ាន​” “​សេចក្តីថ្លែងការណ៍​គូ​ឡា​ឡាំ​ពួរ ស្តីពី អាស៊ាន ឆ្នាំ​២០២៥៖ រីកចម្រើន​ទៅមុខ​ទាំងអស់គ្នា​” និង “​អនុសញ្ញា​អាស៊ាន ស្តីពី ការប្រឆាំង​ការជួញដូរ​មនុស្ស ជាពិសេស​ស្ត្រី និង​កុមារ​”​។​

​សេចក្តី​ជូន​ព័ត៌មាន​ដដែល ក៏បាន​លើកឡើងថា ក្នុងឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៧ សម្តេច​ហ៊ុនសែន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល គឺ​កិច្ចសន្ទនា​វិនិយោគិន​សកល​-​សម័យប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន ព្រមទាំង​កិច្ចប្រជុំ​កំពូល​ធុរៈកិច្ច​អាស៊ាន និង​វិនិយោគ ឆ្នាំ​២០១៥​។​

​សេចក្តី​ជូន​ព័ត៌មាន បាន​បញ្ជាក់ថា បន្ថែម​ពីនេះ សម្តេច​ហ៊ុនសែន នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ស៊ិន​ហ្សូ អា​បេ ( Shinzo Abe ) នាយករដ្ឋមន្ត្រី ជប៉ុន លោក​ម៉ា​ល់​ខូ​ម ធើ​ន​ប៊ូល ( Malcolm Turnbull ) នាយករដ្ឋមន្ត្រី អូស្ត្រាលី និង​លោក ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី ( Narendra Modi ) នាយករដ្ឋមន្ត្រី ឥណ្ឌា​៕