ជីដូន​ឃើញ​ចៅ ពីរ​នាក់​លង់ទឹក ចុះទៅ ជួយ​ក៏​លង់ ស្លាប់​ទាំង​៣​នាក់​

កោះកុង:  ជីដូន​ឃើញ​ចៅស្រី​ពីរ​នាក់​លង់ទឹក​ស្លាប់ ចុះទៅ​ជួយ​លង់​ស្លាប់​ទាំងអស់គ្នា​តែម្តង​។ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​រសៀល​ថ្ងៃ ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥  ស្ថិតនៅភូមិ​អូរជ្រៅ ឃុំ​បឹង​ព្រាវ ស្រុក ស្រែអំបិល ខេត្ដ​កោះកុង  ។​

​មន្ដ្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជន រងគ្រោះ​ទី​១ ឈ្មោះ​ហង្ស ឃីម អាយុ​៦០​ឆ្នាំទី​២ ឈ្មោះ​ណៅ សារី​ម អាយុ​១៩​ឆ្នាំ និង ទី​៣​ឈ្មោះ​ខំ រី​ណា អាយុ​៨​ឆ្នាំ គឺជា​ចៅស្រីពួកគេ​ទាំងបី​នាក់​រស់នៅ​ភូមិ​ស្ទឹង​ឆាយ​ជើង ឃុំ​ស្ទឹង​ឆាយ ស្រុកស្រែ​អំបិល ខេត្ដកោះកុង​។​

​មន្ដ្រីនគរបាល​មូលដ្ឋាន​បាន​បន្តថា ករណី​លង់ទឹក​ស្លាប់​ទាំងបី​នាក់ ទាំង​ជីដូន និងចៅស្រី​ទាំងពីរ​នាក់​នេះ បានកើត​ឡើង បន្ទាប់ពី​ចៅស្រី​ទាំងពីរ​នាក់ បាននាំគ្នា​ទៅចាប់​ត្រី​ក្នុង​ស្រះ​ទឹក ក៏បាន​លង់​ស្រែក​ឲ្យ​គេ ជួយ ។ ពេលនោះ ស្ដ្រី​ជា​ជីដូន​ឃើញចៅ ទាំងពីរ​នាក់ លង់ទឹក​ស្រះ​យ៉ាង​ដូច្នេះ​ក៏​ចុះទៅ​ជួយ​​បណ្ដាល​ឲ្យ​លង់​ស្លាប់​ទាំងអស់គ្នា​តែម្ដង​។​

​ក្រោយ​មាន​ករណី នេះ​កើតឡើង កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន ចុះទៅ​សួរនាំ ហើយធ្វើ​កោសល្យវិច័យ​សព ជនរងគ្រោះ​ទាំងបី​នាក់ រួច​ប្រគល់​ឲ្យ​ក្រុម គ្រួសារ​៕​