ដំបៅ​មិន​ឈឺ យក​ឈើ​រុក​

ភ្នំពេញ: សភាពការណ៍​នយោបាយ​នៅ​កម្ពុជា ហាក់​បាន និង​កំពុង​ឡើង​កំដៅ​យ៉ាងខ្លាំង និង​ឆាប់រហ័ស​ដែលជា​កត្តា​ព្រួយបារម្ភ​របស់​អ្នកវិនិយោគទុន ពាណិជ្ជករ អ្នករកស៊ី​ទទួលទាន​គ្រប់​វិស័យ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ជាពិសេស ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។​

​តាមពិតទៅ មានរឿង​រ៉ាវ​នយោបាយ​ធំៗ​ពីរ ដែល​បាន​កើតឡើង ដែល​អ្នក​សង្កេត​បញ្ហា​សង្គម​យល់ថា នាំឱ្យ​កម្តៅ​នយោបាយ​កើនឡើង​នោះ គឺ​ទីមួយ ការចោទប្រកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​ជន​ផ្តាច់ការ ពួក​ហ្វា​ស៊ី​ស (fascist) និង​ទី​ពីរ ការធ្វើ​សន្និសីទកាសែត​របស់លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​ទីក្រុង តូ​ក្យូ ប្រទេស​ជប៉ុន​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅនេះ​។​

​ទីមួយ​៖ រឿងរ៉ាវ​ចោទប្រកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​ជន​ផ្តាច់ការ ដូច​ហ្គា​ដា​ហ្វី ឬ​ពួក​ហ្វា​ស៊ី​ស ត្រូវបាន​លោក សម រង្ស៊ី លើកឡើង​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង បន្ទាប់ពី​ការ​ពិសារ​អាហារ​ពេល​ល្ងាច ជា​លក្ខណៈ​មហា​គ្រួសារ រវាង​គ្រួសារ​លោក ហ៊ុន សែន និង​គ្រួសារ​លោក សម រង្ស៊ី​។

​ករណីនេះ លោក ហ៊ុន សែន ធ្លាប់បាន​ទាមទារ​ឱ្យមាន​ការបកស្រាយ​ឱ្យបាន​ច្បាស់លាស់ ក៏ប៉ុន្តែ មិន​ត្រឹម​គ្មាន​ការឆ្លើយតប​ណាមួយ​ពី​លោក សម រង្ស៊ី ឬ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ តែ​ថែមទាំង​ថ្លែង​ចោទប្រកាន់​លោក ហ៊ុន សែន បន្ថែមទៀត នៅក្នុង​ពិធី​ជួបជុំ​អ្នកគាំទ្រ​របស់ខ្លួន​មួយ នា​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ នៅ​ប្រទេស​បារាំង ថា មេដឹកនាំ​បែប​ពួក​ហ្វា​ស៊ី​ស​។

​រីឯ​ទី​ពីរ​៖ រឿងរ៉ាវ​ដែល​បាន​កើតឡើង​ដោយសារតែ​ការធ្វើ​សន្និសីទកាសែត​របស់លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុង​គោលដៅ​កេងចំណេញ​នយោបាយ​យ៉ាងតិច ៥​ចំណុច​គឺ គោលដៅ​ទី​១៖ បន្ត​បំប៉ោង​ប្រាប់​បរទេស​អំពី​រឿងរ៉ាវ​ទី​១ ធំ ខាងលើនេះ​ផង​។

​គោលដៅ​ទី​២៖ កេងចំណេញ​នយោបាយ​ពី​ការយល់ឃើញ​របស់​មហា​ជន​ក្នុងស្រុក ចំពោះ​ការបោះឆ្នោត​នៅ​ប្រទេស​ភូមា​ដែល​គណបក្ស​លោកស្រី អ៊ុង​សាន ស៊ូ​ជី បានឈ្នះ​ឆ្នោត​យ៉ាង​លើសលប់​។

​គោលដៅ​ទី​៣៖ មេដឹកនាំ​បក្សប្រឆាំង ចង់​ញុះ និង​ជំរុញ​ទឹកចិត្ត​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកគាំទ្រ​របស់ខ្លួន ឱ្យធ្វើ​សកម្មភាព​គ្រប់បែបយ៉ាង​ដើម្បី​យកជ័យ​ជំនះ ឱ្យខាងតែបាន​នៅពេល​បោះឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាងមុខ​។

​គោលដៅ​ទី​៤៖ ចោទប្រកាន់​រាជរដ្ឋាភិបាល ថា​មាន​ចេតនា​បង្កើត​លេស​មិនឱ្យ​មានការ​បោះឆ្នោត នៅ​ឆ្នាំ​២០១៨ ខាងមុខ​។​

​និង​គោលដៅ​ទី​៥៖ ការប្រើ​សង្គ្រាមពាក្យសំដី ដូចជា​ការបោះឆ្នោត​កន្ល​ង​ទៅ ត្រូវបាន​គេ​លួច​បន្លំ ការដឹកនាំ​គ្រប់គ្រង​បែប​ផ្តាច់ការ ហ្វា​ស៊ី​ស ការទាមទារ​ឱ្យ​ផ្ទេរអំណាច​ដោយ​សន្តិវិធី​នៅ​ឆ្នាំ​២០១៨ ជាដើម ដើម្បី​បំបាក់​គូប្រជែង ដោយ​មិនបាច់​ធ្វើ​សកម្មភាព​។​

​ដោយសារតែ​ការលើកឡើង​របស់លោក សម រង្ស៊ី យ៉ាង​ដូច្នេះហើយ ទើប​ធ្វើឱ្យ​លោក ហ៊ុន សែន មិនអាច​ទ្រាំ​នឹង​ការចោទប្រកាន់​ទាំងនេះ ហើយ​សរសេរ​ឆ្លើយតប វាយបក​ទាំងយប់​ម៉ោង​២ និង​១៤ នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក ដោយ​ផ្តើមចេញពី​ការប្រៀបធៀប​ស្ថានការណ៍​នយោបាយ សេដ្ឋកិច្ច សង្គម របស់​ប្រទេស​ភូមា និង​កម្ពុជា វីរៈភាព និង​ចរិតលក្ខណៈ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី និង​លោក សម រង្ស៊ី និង​ភាព​ផ្សេងគ្នា​រវាង​ឪពុក​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែលជា​វីរៈជន​រំដោះជាតិ​ភូមា​ពី​អាណានិគម និង​ករណី​រឿងរ៉ាវ​របស់លោក សម សារី ឪពុក​របស់លោក សម រង្ស៊ី ដែល​ក្នុងសម័យ​សង្គមរាស្ត្រនិយម​របស់​សម្តេចឪ ព្រះ​បរម​រតន​កោដ្ឋ បាន​ចោទប្រកាន់ថា​ជា​ជន​ក្បត់ជាតិ​នៅពេលនោះ​។​

​ប៉ុណ្ណឹង​ហើយ​លោក សម រង្ស៊ី នៅ​មិនទាន់​អស់ចិត្ត ក៏​បន្ត​ឆ្លងឆ្លើយ ដឺ​ដង​ចាក់​សាំង​លើ​ភ្លើង តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា​នេះ ដោយ​លើកឡើងថា “​លោក​នឹង​ការពារ​កូនលោក ហ៊ុន សែន បើ​ថ្ងៃ​ណាមួយ​លោក ហ៊ុន សែន មានរឿង​នៅ​តុលាការ ចោទប្រកាន់​ពីបទ​ល្មើស​អ្វីមួយ​នោះ​”​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​អ្នកវិភាគ​នៅតែ​ចាត់ទុកថា អាច​ប្រើប្រាស់​វប្បធម៌​សន្ទនា ដែល​លោក សម រង្ស៊ី តែងតែ​ចាត់ទុកជា​មធ្យោបាយ​ផ្សះផ្សារ​រក​ដំណោះស្រាយ​នោះ ឱ្យ​សភាពការណ៍​វិល​ត្រឡប់មក​ធម្មតា​វិញ​បាន ពីព្រោះ​គេ​មើលឃើញថា លោក ហ៊ុន សែន តែងតែ​ស្វាគមន៍​នូវ​រាល់​ដំណោះស្រាយ​រវាង​ខ្មែរ និង​ខ្មែរ​ជានិច្ច​។

​ក៏ប៉ុន្តែ​ចៃដន្យ ការសើរើ​ស្នើសុំ​របស់លោក ការ សា​វុ​ត្ថ មេធាវី​តំណាង​ដោយ​អាណត្តិ​ឱ្យ​លោក ហោ ណាំហុង នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ឱ្យ​អនុវត្ត​សាលដីកា​ស្ថាពរ​លេខ​១៧ ក្រ​៥.​ប ចុះ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៣ របស់​សាលាឧទ្ធរណ៍ ពាក់ព័ន្ធ​នឹង​រឿង​បរិហាកេរ្តិ៍​ជា​ធា​រណៈ និង​ការ​ញុះញង់​ឱ្យមាន​ការរើសអើង ដែលជា​រឿង​ឯកជនរ​វា​លោក សម រង្ស៊ី និង​លោក ហោ ណាំហុង នោះមក បានធ្វើឱ្យ​លោក សម រង្ស៊ី យល់ថា ជា​វិធានការ​របស់​រាជរដ្ឋាភិបាល ហើយ​និយាយ​បិទផ្លូវ​ខ្លួនឯង នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា​នេះ ថា “​ជោគជ័យ​ដ៏​ត្រចះត្រចង់ និង​ជា​ប្រវត្តិសាស្ត្រ​របស់​ចលនា​ប្រជាធិបតេយ្យ​ប្រឆាំង​អំណាច​ផ្តាច់ការ ក្នុងការ​បោះឆ្នោត​ថ្មីៗ​នេះ នៅ​ប្រទេស​ភូមា បណ្តាល​ឲ្យ​មាន​ភាព​តក់ស្លុត និង​ស្លន់ស្លោ ដល់​អ្នកដឹកនាំ​ផ្តាច់ការ​។

​ហើយ​ចរន្ត​នយោបាយ​នេះ ធ្វើ​ឲ្យ​របប​ផ្តាច់កា​រលើ​ពិភពលោក​ដួលរលំ​ម្តង​មួយៗ នឹង​ឈាន​មកដល់​ប្រទេស​កម្ពុជា​ដែរ ក្នុងពេល​ឆាប់ៗ ខាងមុខនេះៗ​”​។ អ្នកវិភាគ​យល់ថា លោក សម រង្ស៊ី មិនគួរ​ប្រើ​ភាសា​នេះ លើកឡើង​នៅពេល​នេះឡើយ ពីព្រោះ​វា​គ្មាន​លក្ខណៈ​ស្ថាបនា​ទាល់តែសោះ គឺ​បានត្រឹមតែ​ការបង្ក​អស្ថេរភាព​នយោបាយ និង​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​។​

​ជារួម​គេ​សង្កេតឃើញថា ការឡើង​កំដៅ​នយោបាយ​នៅ​កម្ពុជា​ចុងក្រោយ​នេះ គឺ​ឡើង​កំដៅ​តែ​ខាង​បក្សប្រឆាំង កើតឡើង​ដោយ​មេបក្ស​ប្រឆាំង គឺ​កើតចេញពី​ការប្រើ​សង្គ្រាម​វោហារសាស្ត្រ ដើម្បី​ទាញយក​សមានចិត្ត អ្នកគាំទ្រ​របស់ខ្លួន ជាពិសេស លោក សម រង្ស៊ី ដោយ​មិន​គិត​ខិតខំ​រក​ដំណោះស្រាយ​តាម​សន្តិវិធី នៅពេលដែល​ទ្វារ​នៅតែ​បើកចំហរ​នោះ ជាងនេះទៅទៀត បែរ​ខំ​ដុត​កម្តៅ​ឱ្យ​កាន់តែ​ក្តៅ ឬ​បង្កើត​បញ្ហា នៅពេលដែល​គ្មាន​បញ្ហា ដូច​ពាក្យចាស់​ថា “​ដំបៅ​មិន​ឈឺ យក​ឈើ​រុក​”​។

​មិនតែប៉ុណ្ណោះ មិន​ត្រឹមតែ​មិន​អាចជួយ​រួមចំណែក​កសាង​ជាតិ និង​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​នោះទេ សូម្បី​អ្នកគាំទ្រ​របស់ខ្លួន និង​អ្នក​កំពុង​ជាប់ឃុំ ក៏ត្រូវ​ខកចិត្ត​យ៉ាងខ្លាំង​ដែរ​៕​