ស្ត្រី​ខ្មែរ​ពី​នាក់​ទៀត និង​ស្ត្រី​ម្នាក់ បុរស​ម្នាក់ ត្រូវបាន​ជួយសង្គ្រោះ ពី​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ចិន​

ភ្នំពេញ: លោក​ជុំ​សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស បានប្រកាស​នៅ​ថ្ងៃទី​១៦​វិច្ឆិកា​ថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ពល​ការិនី​ខ្មែរ​រងគ្រោះ​ចំនួន ២​នាក់ ដែល​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ជួប​ការលំបាក​ក្នុង​ការងារ ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។ រីឯ​ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់ទៀត ក៏​ត្រូវបាន​ស្ថានទូត​កម្ពុជា ជួយសង្គ្រោះ នៅ​ប្រទេស​ចិន​ផងដែរ​។​
 
​ក្នុង​សេចក្តីប្រកាស លោក​ជុំ​សុន្ទរី លើក​ឡោះ​ង​ថា ពល​ការិនី​ទាំងពីរ​នាក់ មានឈ្មោះ​៖
- ហេង ច័ន្ទ​វាសនា អាយុ ៣៩​ឆ្នាំ នៅ​ភូមិ​នា​ងគ​ង្ហី​ង ឃុំ​សំបួរមាស ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ ពល​ការិនី​រូបនេះ មាន​ជំងឺសរសៃប្រសាទ​។ ស្ថានទូត បានចេញ​លិខិត​ធ្វើដំណើរ​បណ្ដោះអាសន្ន បង់ថ្លៃ​ពិន័យ​អោយ​រដ្ឋាភិបាល​ម៉ាឡេស៊ី និង​ទិញ​សំបុត្រ​យន្តហោះ​អោយ​។​

-​លឿន ទឿ​ន  អាយុ ៣១​ឆ្នាំ នៅ​ភូមិ​ទួល  ឃុំ​បាធាយ ស្រុក​បាធាយ ខេត្តកំពង់ចាម​។ ពល​ការិនី​រូបនេះ បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី​ដោយ​ខ្លួនឯង នៅ​ឆ្នាំ​២០១២ ទៅធ្វើ​ការ​នៅ​ហាង​នំ​ប៉ាវ បន្ទាប់មក​នៅ​ខែកញ្ញា ឆ្នាំ​២០១៥ បាន​ទៅធ្វើ​ការ​នៅ​រោងចក្រ​។​

​លោក​ជុំ​សុន្ទរី បាន​លើកឡើងថា ពល​ការិនី​ខ្មែរ​រងគ្រោះ​ទាំង ២​នាក់ មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង ០៤:០០ នាទី រសៀល តាម​ជើងយន្តហោះ AK៥៣៤ ។​

​លោក​ជុំ​សុន្ទរី បន្តថា តាម​ពាក្យបណ្ដឹង​របស់​អ្នកស្រី ថត គឹម​សាន ជា​ពលរដ្ឋ រស់នៅ​ភូមិ កោះ​ប្រាក់​ក្នុង ឃុំ​កោះ​ទន្ទឹម ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បានស្នើ​សុំអោយ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ក្វាង​ចូ​វ ប្រទេស​ចិន អន្តរាគមន៍​ជួយ​ដល់​ប្អូនស្រី​របស់គាត់​ឈ្មោះ ថត ថា​វី អាយុ ៣៤ ឆ្នាំ  ដែល​ត្រូវបាន​មេខ្យល់​ជនជាតិ​ចិន បោក​បញ្ឆោត​យកទៅ​ធ្វើកា​រ​នៅ​ប្រទេស​ចិន កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១២ និង​ប្អូនប្រុស​របស់គាត់​ម្នាក់ទៀត ឈ្មោះ ថត វិចិត្រ អាយុ​២៦ ឆ្នាំ បាន​ទៅលេង​បងស្រី ថត ថា​វី ហើយ​បាន​ស្នាក់នៅ​ប្រទេស​ចិន ហួស​ទិដ្ឋាការ  ដើម្បីអោយ ពួកគេ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។​

​លោក​ជុំ​សុន្ទរី បន្តថា បច្ចុប្បន្ន ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ក្វាង​ចូ​វ បានផ្តល់​កន្លែង​ស្នាក់នៅ​ដល់​អ្នក​ទាំងពីរ និង​កំពុង​ទាក់ទង​ជាមួយ​អាជ្ញាធរ​ចិន ដើម្បី​ជួយ​ពួកគេ​អោយបាន​វិល​ត្រឡប់មក កម្ពុជា​វិញ​៕​