លោក អ៊ូ វីរៈ៖ ជារឿង​ធម្មតា​សម្រាប់​លោក សម រង្ស៊ី ដែល​ប្រែក្រឡាស់​ត្រឡប់​មកកម្ពុជា​វិញ ខ្លាច​សមត្ថកិច្ច​ចាប់​ខ្លួន

ភ្នំពេញ៖ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតនយោបាយ បានលើកឡើងថា គ្មានអ្វីប្លែកទេចំពោះលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលតែងតែគេចវេសមិនចង់ឲ្យសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅពន្ធនាគារ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក អ៊ូ វីរៈ បានលើកឡើងថា "ខ្ញុំមិនភ្ញាក់ផ្អើលទេ ព្រោះអីលោកសម រង្ស៊ី គាត់មិនចង់ចូលពន្ធនាគារ។ តែតាមពិតគណបក្សប្រជាជន ក៏មិនចង់ឲ្យលោក សម រង្ស៊ី ចូលក្នុងពន្ធនាគារដែរ....។ គណបក្សសង្គ្រោះជាតិ កំពុងព្យាយាមចរចាជាមួយគណបក្សប្រជាជនតទៅទៀត"។

លោកបានបន្ថែមថា ការមិនទាន់វិលត្រឡប់មកកម្ពុជារបស់លោក សម រង្ស៊ី នេះ មិនបានប៉ះពាល់ និងបង្កការថ្នាំងថ្នាក់អ្វីច្រើនដល់អ្នកគាំទ្រ របស់បក្សប្រឆាំងមួយនេះដែរ ព្រោះភាគច្រើននៃអ្នកគាំទ្របានដឹងពីឥរិយាបថរបស់លោក សម រង្ស៊ី ហើយ នៅពេលដែលគេចង់ចាប់ខ្លួននោះ គាត់មិនហ៊ានចូលស្រុកនោះទេ ទាល់តែមានការអន្តរាគមន៍ពីភាគីជាតិ និងអន្តរជាតិណាមួយសិននោះ។

លោក អ៊ូ វីរៈ ក៏បានបញ្ជាក់ថា បើសិនសមត្ថកិច្ចកម្ពុជាចាប់ខ្លួន លោក សម រង្ស៊ី បានមែននោះ គឺកាន់តែធ្វើឲ្យលោក សម រង្ស៊ី មានប្រជាប្រិយភាពទ្វេឡើង និងមិនមានផលប្រយោជន៍អ្វីសម្រាប់គណបក្សប្រជាជនកម្ពុជានោះទេ។

លោក សម រង្ស៊ី បានសរសេរនៅលើ Facebook ផ្លូវការរបស់លោកថា "បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយសហការី នៅកម្ពុជា និងអង្គការអន្តរជាតិទ្រទ្រង់លទ្ធិប្រជាធិបតេយ្យ មួយចំនួន ដែលបានស្នើឲ្យខ្ញុំលៃលកមកដល់ភ្នំពេញ ពេលថ្ងៃ ចៀសវាងពេលយប់ ហើយបានស្នើឲ្យខ្ញុំទុកពេលបន្តិចឲ្យ មជ្ឈដ្ឋានការទូត និងមិត្តបរទេសមួយចំនួន មានពេលធ្វើអន្តរាគមន៍ រកដំណោះស្រាយដោយសន្តិវិធី ចំពោះការកើនឡើងនៃអំពើហិង្សាថ្មីៗនេះនៅប្រទេសកម្ពុជា ខ្ញុំមិនទាន់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅរាត្រីនេះទេ តែនឹងមកដល់ប្រទេសកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ"៕