បារាំង​មិនទាន់​ទាញ​សមាជិក​ណា​តូ​មក​ធ្វើសង្គ្រាម​ប្រឆាំង​ភេរវជន​រដ្ឋ​ឥស្លាម

​បារាំង​ចាប់ផ្តើម​សងសឹក​ក្រុម​រដ្ឋ​ឥស្លាម​នៅ​កាលពី​យប់ម្សិល​មិញ​នេះ​ដោយ​បង្កើន​ការទម្លាក់​គ្រាប់បែក​ស្រោច​លើ​ទីតាំង​រើស​សមាជិក​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។ ទោះជា​បារាំង​រង​ការវាយប្រហារ​ផ្ទួនៗ​គ្នា​ក្តី ក៏​គេ​មិនទាន់​ឃើញ​រដ្ឋាភិបាល​ក្រុងប៉ារីស សម្រេចចិត្ត​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​ទាញយក​មាត្រា ៥​នៃ​សន្ធិសញ្ញា​ណា​តូ  ដើម្បី​ប្រមូលផ្តុំ​កម្លាំង​រដ្ឋ​សមាជិក​ធ្វើសង្គ្រាម​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​ឡើយ​។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ការវាយប្រហារ ភេរវកម្ម​នៅ​បារាំង​សម្លាប់​រង្គាល​ប្រជាជន​អស់​ជា​១០០​នាក់​នោះ​ក្លាយជា​សោកនាដកម្ម​ដ៏​ខ្លោចផ្សា​និង​ព្រៃផ្សៃ​បំផុត​មួយ​កម្រ​កើតមាន​ក្នុង​ប្រវត្តិសាស្ត្រ​អឺរ៉ុប​។ ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​នេះ​ជា​ស្នាដៃ​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ដែល​ចង់​សងសឹក​បារាំង​ព្រោះ​បារាំង​បាន​កម្ទេច​ទីតាំង​របស់ខ្លួន​នៅក្នុង​ទឹកដី​ស៊ី​រី​និង​អ៊ីរ៉ាក់​កន្លងមក​។ 

​ក្រោយ​ការវាយប្រហារ​ប្រធានាធិបតី​បា​រាំំ​ង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បានប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន និង​ដាក់​បញ្ជា​តាម​ប្រមាញ់​ក្រុម​នេះ​ផង​។ ការតាមប្រមាញ់​ក្រុម​ដែល​ពាក់ព័ន្ធ​ចលនា​ភេរវកម្ម​នេះ​កំពុង​បន្ត​ទៅមុខ ហើយ​អាជ្ញាធរ​បានកំណត់​មុខសញ្ញា​ជន​ដែល​ជាប់​ពាក់ព័ន្ធ​នេះ​ផងដែរ​។ ប៉ុន្តែ រឿង​គួរ​ឲ្យ​បារម្ភ​មួយទៀត​នោះ​គឺ គេ​បាន​រកឃើញ​លិខិត​ឆ្លង​ស៊ី​រី​ដែន​នៅក្បែរ​សាកសព​ជន​បំផ្ទុះ​គ្រាប់បែក ហើយ​មាន​សាក្សី​បាន​ស្តាប់លឺ ខ្មាន់កាំភ្លើង​ស្រែកថា​៖«​នេះ​សម្រាប់​ស៊ី​រី​»​ផងដែរ​ក្នុងពេល​វាយប្រហារ​។ ដោយសារតែ​បញ្ហា​នេះ​បណ្តាល​ឲ្យ​មានការ ការសង្ស័យថា ការហូរចូល​នៃ​ជនភៀសខ្លួន​អាចជា​ផ្នែក​មួយ​នៃ​ចលនា​ជ្រុលនិយម​នេះដែរ​។

​ដោយឡែក ជាការ​ឆ្លើយ ការវាយប្រហារ​ប្រឆាំង​ប្រជាជន​បារាំង​នេះ រដ្ឋាភិបាល​ក្រុងប៉ារីស​បានចាប់ផ្តើម​បង្កើន​ប្រតិបត្តិការ​យោធា​តាម​ផ្លូវអាកាស​ទ្រង់ទ្រាយ​ធំ​លើកដំបូង​ដើម្បី​កម្ទេច​ទីតាំង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​តំបន់ Raqa  ក្រោយ​ការវាយប្រហារ​នៅ​ប៉ារីស​។

  បើតាម​ក្រសួងការពារជាតិ​បារាំង ម្សិលមិញ​ទ័ពអាកាស​បារាំង​បាន​វាយ​សំពោង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​យ៉ាងដំណំ​។ បើ​បារាំង​មិន​បង្កើន​ការវាយប្រហារ​ទេនោះ វា​បង្ហាញ​ច្បាស់​ថា​បារាំង​ទន់ខ្សោយ​និង​បាក់ស្បាត​ដោយសារ​ក្រុម​ភេរវជន​នេះ​។ យុទ្ធនាការ​យោធា​នេះ​បាន​កម្ទេច​ប៉ុស្តិ៍​បញ្ជា​របស់​ក្រុម​រដ្ឋ​ឥស្លាម​មួយកន្លែង ទីតាំង​ជ្រើសរើស​សមាជិក​ថ្មី​មួយកន្លែង រួមជាមួយ​ទីតាំង​ហ្វឹកហាត់​របស់​ក្រុម​នេះ​ផងដែរ​។ បារាំង​ប្រហែលជា​ត្រូវ​បន្តសកម្មភាព​វាយប្រហារ​ឲ្យ​កាន់តែខ្លាំង​ថែមទៀត​ដោយ​សហការ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ផង​។

​ជុំវិញ​ការប្រយុទ្ធប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម បារាំង​មិនទាន់​ប្រើប្រាស់​មាត្រា ៥ នៃ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង​ដែល​បង្កើត​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ឡើយ​។ មាត្រា​៥  ស្តីពី​គោលការណ៍​ការការពារ​ខ្លួន​សហភាព ដែល​ចែងថា ៖«​បើ​មានការ​វាយប្រហារ​លើរ​ដ្ឋ​សមាជិក​ណាមួយ​នោះ មានន័យថា​ជាការ​វាយប្រហារ​លើស​មា​ជិ​ក​ទាំង​២៨​។​» ក្រោយ​លើក​មាត្រា​នេះ គេ​អាច​ប្រើប្រាស់​អន្តរាគមន៍​យោធា​អនុលោម​តាម​មាត្រា ៥១​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ។

​ប៉ុន្តែ​បារាំង​ប្រហែលជា​មិន​ប្រើប្រាស់​មាត្រា​នេះឡើយ ព្រោះ​បារាំង​ជា​រដ្ឋ​ស្ថាបនិក​សម្ព័ន្ធ​អន្តរជាតិ​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​ជ្រុលនិយម​អ៊ីរ៉ាក់​និង​ស៊ី​រី​នេះ​រួចទៅហើយ​។ ហើយ​ម្យ៉ាង​រដ្ឋ​អឺរ៉ុប​និង​សមាជិក​ណា​តូ​ច្រើន​ដែរ ជា​សមាជិក សម្ព័ន្ធ​អន្តរជាតិ​នេះ​។ អ្វីដែល​បារាំង​ត្រូវ​ធ្វើជា​ចម្បង​គឺ​បង្កើន​ការចែករំលែក​ព័ត៌មាន​ចារកម្ម ពង្រឹង​ការគ្រប់គ្រង​លំហូរ​មនុស្ស​ចេញចូល​ឆ្លងដែន និង​បង្កើន​ការ​រឹតបន្តឹង​សន្តិសុខ​តំបន់​និង​ផ្ទៃក្នុង​ថែមទៀត​។ កន្លងមក ប្រជាជន​បារាំង​មិនតិច​ឡើយ​ដែល​លួច​ចាក​ចេញពី​ប្រទេស​ជាមួយ​បណ្តា​ប្រជាជន​អ៊ឺរ៉ុប​ផ្សេង​ដើម្បី​ទៅធ្វើ​សង្គ្រាម​សាសនា​នៅ​មជ្ឈិមបូព៌ា ដែល​នេះ​វា​ជា​បញ្ហា​ចម្បង​សម្រាប់​បារាំង​និង​អ៊ឺរ៉ុប​ទាំងមូល​។​

​ត្រលប់​មកវិញ គេ​ធ្លាប់​ឃើញ​ម្តង​ការប្រើប្រាស់​មាត្រា​៥​នេះ​កាលពី​ឆ្នាំ ២០០១ ដោយ​សហរដ្ឋអាមេរិក​ប្រកាសសង្គ្រាម​ប្រឆាំង​ភេរវកម្ម​និង​ដឹកនាំ​ក្រុម​រដ្ឋ​ណា​តូ​ក្រោយ​ការវាយប្រហារ​អាគារ​ពា​ណិ​ជ្ជ​កម្ម​ថ្ងៃ​៩​ខែកញ្ញា​។ ចាប់តាំងពី​ពេលនោះ​មក​គេ​មិន​ដែរ​ឃើញ​មាន​ការលើក​មាត្រា​នេះ​ទៀតឡើយ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​