បារាំង​បើក​ការ​វាយប្រហារ​ទ្រង់ទ្រាយធំ​ទៅលើ​មូលដ្ឋានក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី

លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ ធ្លាប់​បាន​លើកឡើង​ថា ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស គឺ​មាន​ន័យ​ស្មើ​នឹង​ការ​ប្រកាស​សង្រ្គាម​លើ​បារាំង គឺ​ប្រកាស​សង្រ្គាម​ដោយ​​​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម ហើយ​​ថា បារាំង​នឹង​ធ្វើការ​វាយប្រហារ​តបតវិញ “ដោយ​ឥតប្រណី”។ ចម្លើយតប​របស់​បារាំង​ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​រយៈពេល​តែ​ប្រមាណ​ជា ៤៨ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​ភេរវកម្ម​នៅ​ក្រុង​ប៉ារីស ដោយ​យន្តហោះចម្បាំង​របស់​បារាំង​ជាច្រើន​គ្រឿង បាន​បើក​ការ​វាយប្រហារ​ទៅលើ​ទីក្រុង​រ៉ាខា ដែល​ជា​មូលដ្ឋាន​ធំបំផុត​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម នៅ​ក្នុង​ប្រទេស​ស៊ីរី។