អាមេរិក​ជំរុញ​ឲ្យ​សភា​ប្រគល់​សមាជិកភាព​សភា​និង​អភ័យឯកសិទ្ធិ​ឲ្យ​លោក សម រង្ស៊ី វិញ

សហរដ្ឋអាមេរិក​ជំរុញ​ឲ្យ​រដ្ឋសភា​កម្ពុជា​ប្រគល់​សមាជិកភាព​សភា និង​អភ័យឯកសិទ្ធិ​សភា​ទៅ​ឲ្យ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ​វិញ។ ការ​ទទូច​នេះ ធ្វើ​ឡើង​ភ្លាម​ៗ បន្ទាប់​ពី​រដ្ឋសភា​បាន​សម្រេច​ដក​ទាំង​ស្រុង​នូវ​សិទ្ធិ បុព្វសិទ្ធិ និង​សមាជិកភាព​ជា​សមាជិក​សភា របស់​លោក សម រង្ស៊ី ពី​មណ្ឌល​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ចុះ​ផ្សាយ​នៅ​ថ្ងៃទី១៦ ខែ​វិច្ឆិកា លើក​ឡើង​ថា សហរដ្ឋអាមេរិក មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​ដក​សមាជិកភាព​សភា លោក សម រង្ស៊ី ដោយ​គណបក្ស​ប្រជាជនកម្ពុជា។

សហរដ្ឋអាមេរិក ដែល​ចាត់​ទុក​ការ​ដក​សមាជិកភាព​សភា​លោក សម រង្ស៊ី ថា​កំពុង​តែ​ធ្វើ​ឲ្យ បរិយាកាស​ប្រជាធិបតេយ្យ​នៅ​កម្ពុជា រិតតែ​ធ្លាក់​ចុះ​មួយ​កម្រិត​ទៀត​នោះ ជំរុញ​ឲ្យ​រដ្ឋសភា​ប្រ គល់​សមាជិកភាព​សភា និង​អភ័យឯកសិទ្ធិសភា​ទៅ​ឲ្យ​លោក សម រង្ស៊ី វិញ​ជា​បន្ទាន់។

សហរដ្ឋអាមេរិក ក៏​ទទូច​ឲ្យ​រដ្ឋាភិបាល​ដក​ចេញ​នូវ​ដីកា​តាម​ចាប់​ខ្លួន​លោក សម រង្ស៊ី ក្នុង សំណុំ​រឿង​បរិហារកេរ្តិ៍ លោក ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួងការបរទេស ដែល​សហរដ្ឋអាមេរិក លើក​ឡើងថា បាន​កើត​ឡើង​រយៈពេល​៧ឆ្នាំ​មក​ហើយ​នោះ។

សហរដ្ឋអាមេរិក​កត់​សម្គាល់​ថា ចំណាត់​ការ​របស់​រដ្ឋសភា​មក​លើ​លោក សម រង្ស៊ី ពេល​នេះ គឺ​ជា​ឧប្បត្តិហេតុ​ថ្មីៗ​បំផុត​មួយ​ទៀត ដែល​បង្ហាញ​ពី​ការ​យាយី និង​គំរាមកំហែង​ទៅ​លើ​បក្ស​ប្រឆាំង ក្នុង​នោះ​រួម​មាន​តាំង​ពី​ការ​វាយ​ប្រហារ ទៅ​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នៅ​មុខ​រដ្ឋសភា និង​ការ​ដក​តំណែង​លោក កឹម សុខា ពី​អនុប្រធានទី១​រដ្ឋសភា​ផង​ដែរ។ សហរដ្ឋអាមេរិក លើក​ឡើង​ថា ព្រឹត្តិការណ៍​ទំាង​នេះ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។