ស្ថានទូតអាម៉េរិក អំពាវនាវឱ្យរដ្ឋសភា ផ្តល់អភ័យឯកសិទ្ធិជូន លោក សម រង្ស៊ី វិញ

ភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា បានចេញសេចក្តី ថ្លែងការណ៍មួយដោយអំពាវនាវឱ្យរដ្ឋសភាជាតិរបស់ កម្ពុជា ផ្តល់អភ័យឯកសិទ្ធិជូនដល់លោក សម រង្ស៊ី ឡើងវិញ ហើយទម្លាក់ចោលរាល់ការចោទប្រកាន់លើប្រធាន គណបក្សប្រឆាំងរូបនេះផងដែរ។

ការអំពាវនាវរបស់ស្ថានទូតអាមេរិក បានធ្វើឡើងស្របពេលកម្តៅនយោបាយក្នុងប្រទេសកម្ពុជា កើតឡើងជាថ្មី  បន្ទាប់ពីមានការវាយតំណាងរាស្រ្ត ដកតំណែងលោក កឹម សុខា អនុប្រធានទី១ នៃរដ្ឋសភា និងការចេញដីកាចាប់ ខ្លួន លោក សម រង្ស៊ី ជាហេតុនាំឲ្យបាត់សិទ្ធិ និងបុព្វសិទ្ធិជាសមាជិកសភា របស់លោកផងដែរ។

ស្ថានទូតអាម៉េរិក បានលើកឡើងថា «យើងមានកង្វល់យ៉ាងជ្រាលជ្រៅចំពោះការដកលោក សម រង្ស៊ី មេដឹកនាំ គណបក្សសង្គ្រោះជាតិកម្ពុជា ចេញពីរដ្ឋសភាជាតិ នៅថ្ងៃនេះ ដែលត្រូវបានធ្វើឡើងជាឯកតោភាគីដោយ គណ បក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច»។

ស្ថានទូតអាម៉េរិក បានបន្ថែមថា «យើងសូមអំពាវនាវអោយរដ្ឋសភាជាតិប្រគល់សមាជិកភាពក្នុងសភាជាតិ និងផ្ត ល់អភ័យឯកសិទ្ធិសភាជូនលោក សម រង្ស៊ី វិញជាបន្ទាន់។ យើងសូមអំពាវនាវផងដែរដល់ រដ្ឋាភិបាលអោយដក ចេញនូវដីការចាប់ខ្លួនលោក សម រង្ស៊ី ទាក់ទងនឹងការចោទប្រកាន់ស្តីពីបទបរិហារកេរ្តិ៍ ដែលមានអាយុកាល៧ ឆ្នាំ មកហើយ ហើយអនុញ្ញាតអោយរូបលោក និងសមាជិកសភាដទៃទៀតនៃ គណបក្សប្រឆាំងវិលត្រឡប់មកប្រទេស កម្ពុជាវិញ ដោយគ្មានការភ័យខ្លាចការចាប់ខ្លួន ឬការធ្វើទុក្ខបុកម្នេញ»។

ស្ថានទូតអាម៉េរិក បានបញ្ជាក់ទៀតថា ចំណាត់ការនាថ្ងៃនេះ គឺជាឧប្បត្តិហេតុថ្មីៗបំផុត នៃការយារយី និងការគំរាម កំហែងទៅលើគណបក្សប្រឆាំង របស់ប្រទេសកម្ពុជា ក្នុងនោះ រួមមានផងដែរ នូវការវាយដំដោយហឹង្សាក្នុងពេល  ថ្មីៗនេះ ទៅលើសមាជិកសភា ២ រូបរបស់គណបក្សប្រឆាំង និងការដកដំណែងជាអនុប្រធានទី១ នៃរដ្ឋសភាជាតិ  ពីលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង។ ព្រឹត្តិការណ៍ទាំងនេះ ប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យរបស់ ប្រទេសកម្ពុជា ហើយផ្ទុយទៅនឹងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា។

ជាមួយគ្នានេះ ស្ថានទូត នៃប្រទេសមហាអំណាចពិភពលោកមួយនេះ អំពាវនាវឲ្យរាជរដ្ឋាភិបាលប្រកាន់ជំហានជា បន្ទាន់ ដើម្បីធានាបរិយាកាសនយោបាយ ដែលគ្មានការគំរាមកំហែង ឬ ការសំឡុតនៅកម្ពុជា ហើយអំពាវនាវឲ្យ រ ដ្ឋាភិបាល និងគណបក្សប្រឆាំងធ្វើការសន្ទនាគ្នាដោយហ្មត់ចត់ និង ប្រកបដោយអត្ថន័យ លើសកម្មភាព ដែលត្រូវ ធ្វើ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ ទៅអនាគតរបស់ប្រទេសកម្ពុជា៕

ស្ថានទូតអាម៉េរិក អំពាវនាវឱ្យរដ្ឋសភា ផ្តល់អភ័យឯកសិទ្ធិជូន លោក សម រង្ស៊ី វិញ