លោក សម រង្ស៊ី ធ្វើដំណើរទៅកាន់ ប្រទេសបារាំងវិញ បន្ទាប់ពីលេបការសន្យា មិនចូលមកកម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីការលើកពេលចូលមកប្រទេស កម្ពុជា ដើម្បីគេចចេញពីការតាមចាប់របស់កម្លាំង សមត្ថកិច្ចកម្ពុជា  លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបង្វែរដំណើរទៅកាន់ប្រទេសបារាំង ដែលជាប្រទេសសញ្ជាតិ ទីពីររបស់លោក ហើយក៏ជាកន្លែងរូបលោក តែងតែពួនសម្ងំរាល់ពេល មានការតាមចាប់ពីកម្លាំងសមត្ថកិច្ចរបស់កម្ពុ ជាផងដែរ។

មន្រ្តីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបញ្ជាក់នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ថា លោក សម រង្ស៊ី  បានដូរជើងហោះ ដោយចាកចេញពីប្រទេសកូរ៉េខាងត្បូង ទៅកាន់ប្រទេសបារាំងវិញ ក្រោយប្រកាសពន្យារពេល មកកម្ពុជា។

លោក សម រង្ស៊ី ក្នុងជំនួបជាមួយពលករខ្មែរនៅកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា កន្លងទៅនេះ បាន ប្រកាសយ៉ាងក្តែងៗថា លោកនឹងវិលត្រឡប់មកកម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា នេះ បើទោះបីមានការប្រកាសតាម ចាប់ពីសមត្ថកិច្ចកម្ពុជា តាមអំណាចសាលដីការសាលាឧទ្ធរណ៍ ពាក់ព័ន្ធបណ្តឹងរបស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំ ហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ការប្រកាសវិលត្រឡប់មកកាន់កម្ពុជា បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកតាមដានស្ថានការណ៍ នយោបាយនៅកម្ពុជា។ តែនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា លោក សម រង្ស៊ី បានប្រកាសលើកពេលការវិលមកកម្ពុជា ទាំងគ្មានបញ្ជាក់ពេលកំណត់។

ការលើកពេលនេះ ត្រូវបានលោក សម រង្ស៊ី បានបញ្ជាក់ថា ទុកពេលឲ្យមជ្ឈដ្ឋានទូត និងប្រទេសជាមិត្តរកយន្តការ បន្ថយកំដៅ នយោបាយនៅកម្ពុជា៕

លោក សម រង្ស៊ី ធ្វើដំណើរទៅកាន់ ប្រទេសបារាំងវិញ បន្ទាប់ពីលេបការសន្យា មិនចូលមកកម្ពុជា