ពលការិនីខ្មែរ ពីរនាក់ ដែលជួបការលំបាក ធ្វើការងារតាមផ្ទះ នៅម៉ាឡេស៊ី នឹងមកដល់មាតុភូមិវិញ នាល្ងាចនេះ

ភ្នំពេញ៖ ក្រោយពីមានកិច្ចអន្តរាគមន៍ ពីសំណាក់ឯស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ពលការិនីខ្មែររងគ្រោះចំនួន ០២នាក់ ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី   ហើយជួបការលំបាកក្នុងការងារ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា នេះបានឲ្យដឹងថា ពលការិនីខ្មែររងគ្រោះទាំងពីរនាក់ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ០៤:០០ នាទី រសៀល តាមជើងយន្តហោះ AK៥៣៤។ ពលការិនីរងគ្រោះទី១.ឈ្មោះ ហេង ច័ន្ទវាសនា អាយុ ៣៩ឆ្នាំ រស់នៅភូមិនាងគង្ហីង ឃុំសំបួរមាស ស្រុកកំពង់ សៀម ខេត្តកំពង់ចាម។ ពលការិនីរូបនេះមានជំងឺសរសៃប្រសាទ ខាងស្ថានទូត បានចេញលិខិតធ្វើដំណើរបណ្ដោះអាសន្ន បង់ថ្លៃពិន័យឲ្យរដ្ឋាភិបាលម៉ាឡេស៊ី និងទិញសំបុត្រយន្តហោះអោយ។ ឯពលការិនីរងគ្រោះទី២.ឈ្មោះ លឿន ទឿន  អាយុ ៣១ឆ្នាំ នៅភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ពលការិនីរូបនេះ បានទៅប្រទេសម៉ាឡេស៊ីដោយខ្លួនឯង នៅឆ្នាំ២០១២ ទៅធ្វើការនៅហាងនំប៉ាវ បន្ទាប់មកនៅខែកញ្ញា ឆ្នាំ២០១៥ បានទៅ ធ្វើការនៅរោងចក្រ។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងអំពីករណីមួយទៀតផងដែរ ជុំវិញនិងបញ្ហាបោកបញ្ឆោតជនរងគ្រោះពីរនាក់ ទៅធ្វើការនៅប្រទេសចិន ខាងក្រសួង បានទទួលពាក្យបណ្ដឹងរបស់អ្នកស្រី ថត គឹមសាន ជាពលរដ្ឋ រស់នៅភូមិ កោះប្រាក់ក្នុង ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានស្នើសុំឲ្យស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅទីក្រុងក្វាងចូវ ប្រទេសចិន អន្តរាគមន៍ជួយដល់ប្អូនស្រីរបស់គាត់ឈ្មោះ ថត ថាវី អាយុ ៣៤ ឆ្នាំ  ដែលត្រូវបានមេខ្យល់ជនជាតិចិន បោកបញ្ឆោតយកទៅធ្វើការនៅប្រទេសចិន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ និងប្អូនប្រុសរបស់គាត់ម្នាក់ទៀត ឈ្មោះ ថត វិចិត្រ អាយុ២៦ ឆ្នាំ បានទៅលេងបងស្រី ថត ថាវី ហើយបានស្នាក់នៅប្រទេសចិនហួសទិដ្ឋាការ ដើម្បីឲ្យពួកគេបានវិលត្រឡប់ មកកម្ពុជាវិញ។ បច្ចុប្បន្នស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅទីក្រុងក្វាងចូវ បានផ្តល់កន្លែងស្នាក់នៅដល់ អ្នកទាំងពីរ និងកំពុងទាក់ទងជាមួយ អាជ្ញាធរចិន ដើម្បីជួយពួកគេ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ៕