លទ្ធផល កិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេស នៃកិច្ច សហប្រតិបត្តិការ មេគង្គ-ឡាងឆាង លើកទី១

ភ្នំពេញ៖ តបតាមការអញ្ជើ របស់លោក វ៉ាង យី (Wang Yi) រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋ ប្រជាមានិតចិន ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង លើកទី១ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១១ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយបានទទួលលទ្ធផលផ្លែផ្កាមួយចំនួន។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា នេះ បានឲ្យដឹងអំពីលទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងកិច្ចប្រជុំរយៈពេល៣ថ្ងៃ ដែលប្រព្រឹត្តនៅទីក្រុងយីងហុង ខេត្តយូណាន សាធារណរដ្ឋ ប្រជាមានិតចិន នោះថា កិច្ចប្រជុំបានអនុម័ត “ឯកសារទស្សនាទាន ស្តីពីក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការ មេគង្គ-ឡានឆាង” ដែលផ្តោតលើវិស័យគន្លឹះចំនួន៣ ទី១.បញ្ហានយោបាយ និងសន្តិសុខ, ទី២.សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព និង៣.ការផ្លាស់ប្តូរសង្គម វប្បធម៌ និងប្រជាជន-ប្រជាជន និងវិស័យសហប្រតិបត្តិការទាំង៣នេះ ស្របតាមសរសរស្តម្ភទាំង៣ របស់អាស៊ាន។
កំណត់អំពីរចនាសម្ព័ន្ធ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រួមមានកិច្ច  ប្រជុំកំពូល កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស កិច្ចប្រជុំឧត្តមមន្រ្តី និងកិច្ចប្រជុំ ក្រុមការងារ។ កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាងលើកទី១ នឹងប្រារព្ធធ្វើតាមពេលវេលា សមស្របក្នុងឆ្នាំ២០១៦ ភ្ជាប់ជាមួយកិច្ចប្រជុំវេទិកាបូអាវ ( Boao Forum) ដែលអាចធ្វើនៅក្នុងខែមីនា ឆ្នាំ២០១៦ ហើយចិននឹងអញ្ជើញ សម្តេចតេជោនាយករដ្ឋមន្ត្រី ចូលរួម ។ ផ្អែកលើ ”គម្រោងដែលធ្វើឆាប់ៗ” (Early Harvest Projects) របស់ចិន កម្ពុជា បានលើកសំណើចំនួន ១៣ គម្រោង ហើយប្រទេសផ្សេងទៀតក៏មានគម្រោង ច្រើនដែរ។ កិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីក្នុងពេលខាងមុខ នឹងពិនិត្យជ្រើសរើសគម្រោងណាខ្លះដែលអាចចាប់អនុវត្តបានឆាប់។

ក្នុងកិច្ចប្រជុំឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង បានលើកសំណើថា ការធ្វើម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង  ត្រូវធ្វើតាមតួអក្សរ ហើយកិច្ចប្រជុំលើកលើកទី២ នឹងធ្វើនៅកម្ពុជា (ខេត្តសៀមរាប) នៅចុងឆ្នាំ ២០១៦ ឬដើមឆ្នាំ២០១៧ ព្រមជាមួយ“ការសំដែងវប្បធម៌មេគង្គ-ឡានឆាង” នៅមុខប្រាសាទអង្គរវត្ត ដើម្បីជំរុញបន្ថែមនូវការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ រវាងចិន និងប្រទេសមេគង្គ ជាពិសេសកម្ពុជា។ អង្គប្រជុំ បានឯកភាព។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់បន្ថែមទៀត អំពីជំនួបពិភាក្សាការងារទ្វេភាគី ជាមួយរដ្ឋមន្រ្តីការបរទេសចិន ថា ឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង បានរំលឹកអំពីសំណើដែល សម្តេចតេជោ បានលើក ជាមួយលោកប្រធានាធិបតី ស៊ី ជីនភីង ក្នុងជំនួបនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ ក្នុងឱកាស សម្តេចអញ្ជើញចូលរួម “សន្និសីទពិសេស របស់គណៈបក្សនយោបាយអាស៊ីស្តីពីផ្លូវសូត្រ”  ពាក់ព័ន្ធនិងការ កសាងផ្លូវហាយវេយពីភ្នំពេញ-ព្រះសីហនុ ដើម្បីសំរួលការដឹកជញ្ជូនទំនិញ ស្របពេល ដែលចិនកំពុងកសាងតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ, កសាងព្រលានយន្តហោះថ្មីនៅខេត្តសៀមរាប ដើម្បីឆ្លើយតបនឹងកំណើនទេសចរណ៍  រួមទាំងទេសចរណ៍ចិនផង, បើសិនចិនអាចទិញអង្ករពីកម្ពុជា ថែមលើសពី១០ម៉ឺនតោន ជាការល្អណាស់ ហើយឧបនាយករដ្ឋមន្ត្រី ហោ ណំាហុង ក៏បានពាំនាំ នូវការថ្លែងអំណរគុណដ៏ជ្រាលជ្រៅរបស់ សមេ្តចនាយករដ្ឋមន្ត្រី ចំពោះលោកប្រធានាធិបតី ស៊ី ជីនភីង ដែលបានផ្ដល់ ជំនួយឥតសំណង ១០០០លានយ័ន សំរាប់កសាង ពហុកីឡដ្ឋានជាតិមតក តេជោ។ ជាមួយគ្នានោះ រដ្ឋមន្រ្តីការបរទេសចិន បានមានប្រសាសន៍ថា លោកប្រធានាធិបតីចិន ស៊ី ជីនភីង នឹងសូមគោរពយាង ព្រះករុណាព្រះមហាក្សត្រកម្ពុជា ទៅបំពេញ ព្រះរាជទស្សនៈកិច្ចផ្លូវរដ្ឋ នៅចិននៅឆ្នាំ២០១៦។

សេចក្តីប្រកាសព័ត៌មាន ក៏បានបញ្ជាក់អំពីសុន្ទរកថា របស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលបានថ្លែងទៅកាន់កិច្ចប្រជុំ ដោយបានគូសបញ្ជាក់ថា ឧបនាយករដ្ឋមន្រ្តីកម្ពុជា មានសុទិដ្ឋិនិយមថា  កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបំពេញឲ្យសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ទន្ទឹមនឹងនេះ វានឹងធ្វើឲ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ធ្វើឲ្យការតភ្ជាប់កាន់តែល្អប្រសើរ និង ជម្រុញកិច្ចសហប្រតិបត្តិការឧស្សាហម្ម កសិកម្ម និងទេសចរណ៍ រវាងបណ្តាប្រទេសមេគង្គក្រោម និងចិន។ ឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង ក៏ជឿជាក់ដែរថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង វាស៊ីគ្នាជាមួយ នឹង វិថីសូត្រសមុទ្រសតវត្សទី ២១ ផ្តួចផ្តើមឡើងដោយប្រធានាធិបតីចិន ស៊ី ជីនភីង ហើយនិងធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋអាស៊ី (AIIB)  ដែលនឹងជំរុញការតភ្ជាប់តំបន់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លើកកម្ពស់ការផ្លាស់ប្តូររបស់ ប្រជាជន យុវជន និងទេសចរណ៍  ហើយនិងជំរុញសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់។ ម្យ៉ាងទៀត កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងមិន ត្រឹមតែ ជួយដំណើរការសមាហរណកម្មអាស៊ាន និងការកសាងសហគមន៍អាស៊ាន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកស្ទួយភាពជាដៃគូ យុទ្ធសាស្ត្ររវាងអាស៊ាន-ចិន ថែម ទៀត ។

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏គិតផងដែរថា ដំណើរការរបស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងជួយការពារ និងគ្រប់គ្រងធនធានទឹករបស់ទន្លេមេគង្គ ប្រព័ន្ធអេកូឡូស៊ី និង ជីវសាស្រ្ត សំរាប់ផលប្រយោជន៍ជំនាន់ក្រោយ ដោយជារៀងរាល់ឆ្នាំ បណ្តាប្រទេស មេគង្គក្រោម និងចិន បានទទួលរងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដូចជា ទឹកជំនន់ ភាពរាំងស្ងួត ខ្យល់ព្យះ ។ល។ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាព រស់នៅរបស់ប្រជាជនយើង និងធ្វើឲ្យខាតបង់ហិរញ្ញវត្ថុយ៉ាងច្រើន។ ដោយឡែកលើផ្នែកសង្គម-វប្បធម៌ និងការផ្លាស់ប្តូរប្រជាជន-ប្រជាជន លោកជឿជាក់ថា វិស័យកិច្ចសហប្រតិបត្តិការនេះ នឹងធ្វើឲ្យយើងខិតជិតថែមទៀតទៅនឹងគ្រឹះនៃភាព ជាអ្នកជិតខាងល្អ។ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងរបស់យុវជន ហើយនិងទេសចរណ៍ នឹងនាំទៅដល់ការយល់គ្នាកាន់តែល្អ រវាងប្រជាជនយើង។ ចំពោះផ្នែកទេសចរណ៍ និងវប្បធម៌ ដោយបណ្តាប្រទេសមេគង្គក្រោម និងចិនសំបូរ ដោយមរតកវប្បធម៌ លោកឧបនាយករដ្ឋមន្រ្តី គិតថាជើងហោះហើរត្រង់រវាងទីតាំងវប្បធម៌ទាំងនេះ នឹងជំរុញថែមទៀតនូវសន្ទុះបច្ចុប្បន្ននៃទេសចរណ៍ចិន ទៅកាន់បណ្តាប្រទេសមេគង្គក្រោម ហើយក៏ជំរុញផងដែរនូវការធ្វើដំណើរ របស់ប្រជាជនយើង មកកាន់ប្រទេសចិន៕