អ្នកនាំពាក្យ​៖ មិនមាន​កូនកាត់​ខ្មែរ​អាមេរិក ស្លាប់ ក្នុង​អំពើ​វាយប្រហារ​ភេរវកម្ម នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ទេ​

ភ្នំពេញ: ​រហូតដល់​យប់​ថ្ងៃទី​១៦​វិច្ឆិកា​នេះ លោក ជុំ​សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​បញ្ជាក់ថា ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង បានផ្តល់ដំណឹង​​មក​ថា ស្ត្រី​ម្នាក់ ដែល​ស្លាប់​នៅ​មន្ទីរពេទ្យ ដែលរងរបួសក្នុង​​​ការវាយប្រហារ​ដោយ​អំពើ​ភេរវកម្ម នៅ​ទីក្រុង​ប៉ារីស​នោះ មិនមែនជា​កូនកាត់​ខ្មែរ​អាមេរិក ទេ​។​

​លោក​ជុំ​សុន្ទរី បាន​ថ្លែង​ដូច្នេះ ក្រោយពី​នៅ​រសៀលថ្ងៃទី១៦វិច្ឆិកា​​នេះ លោក​បាន​ប្រាប់​​អ្នកកាសែត​ថា ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​បារាំង ទើបតែ​បាន​ផ្តល់ដំណឹង​មក​ថា ក្មេងស្រី​ម្នាក់ ដែលមាន​ម្តាយ​ជា​ជនជាតិខ្មែរ និង​ឪពុក​ជា​ជនជាតិ​អាមេរិក បាន​របួស​ក្នុងការ​វាយប្រហារ នៅ​ភោជនីយដ្ឋាន​ខ្មែរ នៅ​ទីក្រុង​ប៉ារីស កាលពី​យប់​ថ្ងៃ​សុក្រ ទី​១៣​វិច្ឆិកា​។ ក្មេងស្រី​នោះ បាន​ស្លាប់ នៅ​មន្ទីរពេទ្យ នា​រសៀល​ថ្ងៃទី​១៦​វិច្ឆិកា​នេះ​។

​អំពើ​ភេរវកម្ម បាញ់ប្រហារ និង​បំផ្ទុះ​គ្រាប់បែក នៅ​ទី​ក្រុ​ប៉ារីស ប្រទេស​បារាំង កាលពី​យប់​ថ្ងៃ​សុក្រ ទី​១៣​វិច្ឆិកា ឆ្នាំ​២០១៥ បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងហោចណាស់ ១២៩ នាក់ និង​របួស ៣៥០ នាក់ ក្នុងនោះ ៩៩ នាក់ រងរបួស​ធ្ងន់​។ រហូតដល់​ថ្ងៃទី​១៦​វិច្ឆិកា​នេះ ចំនួន​អ្នកស្លាប់ បាន​កើន​ដល់ ១៣២ នាក់​ហើយ​៕​