រាល់កៃ​ព្រួញ​បាញ់​កណ្តុរ​ត្រូវ​គ្នា​ឯង ជាប់​គ្រាប់​ព្រួញ​ប្រវែង​ជិត​១​ម៉ែត្រ

ខេត្តបាត់ដំបង ៖ ក្មេង​ប្រុស​ម្នាក់​ដែល​តែងតែ​ដើរ​ប្រមាញ់​សត្វ​កណ្ដុរ​ពេល​យប់​ជា​ប្រចាំ ទំនងជា​ភ្លាត់ស្នៀត​បាន​រាលកៃ​ព្រូ​ញ​បាញ់​កណ្ដុរ​របស់​ខ្លួន​ធ្វើ​ឲ្យ​គ្រាប់​ដែល​មាន​ប្រវែង​ជិត​១​ម៉ែត្រ​ហោះ​ទៅ​ទម្លុះ​ឆ្អឹងជំនី​គូកន​របស់​ខ្លួន​ម្នាក់​ទៀត ដែល​កំពុង​ដើរ​ខាង​មុខ​បណ្ដាល​ឲ្យ​​បៀម​គ្រាប់​ជាប់​របួស​ជា​ទម្ងន់​កាលពី​វេលា​ម៉ោង​៨​យប់​ ថ្ងៃ​ទី​១៥ វិច្ឆិកា ២០១៥ ខណៈ​ពេល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​ទៅ​បាញ់​សត្វ​កណ្ដុរ​នៅ​ខាងក្រោយ​ភូមិ​អន្លង់​ស្ដី ឃុំ​ប៊ួ​រ ស្រុក​ភ្នំព្រឹក ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ អៀ​ប វិ​ន អាយុ​១៤​ឆ្នាំ រីឯ​ក្មេង​ប្រុស​បង្ក​ឈ្មោះ ស្រៀ​ង ស្រេង អាយុ​១៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​-ឃុំ​ខាងលើជាមួយ​គ្នា​ ។ មន្ត្រី​ដដែល​និយាយ​ថា ពួក​គេ​ជា​មិត្តភក្ដិ​ដែល​មានផ្ទះ​នៅ​ក្បែរ ហើយ​តែងតែ​ចេញ​ទៅ​ប្រមាញ់​សត្វ​កណ្ដុរ​ជាមួយ​គ្នា​ស្ទើរ​រាល់​យប់ ប៉ុន្តែ​នៅ​យប់​កើតហេតុ​ទំនងជា​ភ្លាត់ស្នៀត​ទើប​បានជា​រាលកៃ បណ្ដាល​ឲ្យ​គ្រាប់​ព្រូ​ញ​ហោះ​ទៅ​ត្រូវ​គ្នា​ឯង​ចំ​ឆ្អឹងជំនី​ក្រោម​ក្លៀក​ខាងស្ដាំ​បៀ​ប​គ្រាប់​តែ​ម្ដង ។

បើ​តាម​ការ​ស្រង់​សំដី​ក្មេង​ប្រុស​បង្ក​ឈ្មោះ ស្រៀ​ង ស្រេង បាន​ប្រាប់​សមត្ថកិច្ច​ថា ពេល​ចេញពី​បាញ់​សត្វ​កណ្ដុរ គឺ​ខ្លួន​ជា​អ្នក​លី​ព្រូ​ញ​ដែល​បាន​តម្លើង​គ្រាប់​រួច​ជា​ស្រេច ។ ព្រាន​កណ្ដុរ​វ័យក្មេង​រូប​នេះ​បញ្ជាក់​ថា ពេល​នោះ​ឈ្មោះ អៀ​ប វិ​ន ដើរ​ខាង​មុខ រីឯ​ខ្លួន​លី​ព្រូ​ញ​ដើរ​ខាងក្រោយ លុះ​ចេញ​ផុត​ពី​ផ្ទះ​បន្តិច​ស្រាប់តែ​ព្រួញ​រាលកៃ​គ្រាប់​ហោះ​ទៅ​ចំ​ឈ្មោះ វិ​ន ជាប់​គ្រាប់​ឆ្កឹង​តែ​ម្ដង ធ្វើ​ឲ្យ​ពួក​ខ្លួន​ភ័យ​ក៏​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ​ឲ្យ​ឪពុក​ជួយ តែ​ខ្លួន​គ្មាន​ចេតនា​ទេ ។

លោក សុង ស្រៀ​ង ដែល​ជា​ឪពុក​ជន​បង្ក​បាន​និយាយ​ថា កូនប្រុស​គាត់​ និង​ជន​រង​គ្រោះ​តែងតែ​នាំ​គ្នា​ទៅ​បាញ់​សត្វ​កណ្ដុរ​ជា​រៀង​រាល់​យប់ ។ គាត់​និយាយ​ថា ជា​ទម្លាប់​ពួក​គេ​តែងតែ​តម្លើង​គ្រាប់​រួច​ជា​ស្រេច​មុន​ពេល​ចេញដំណើរ តែ​នៅ​យប់​កើតហេតុ គ្រាន់តែ​ចេញ​ផុត​ពី​ផ្ទះ​បន្តិច​ស្រាប់តែ​ពួក​គេ​ដើរ​ត្រឡប់​មក​វិញ ជាមួយនឹង​សម្លេង​ស្រែក​ឲ្យ​ជួយ​ថា «​ព្រូ​ញ​រាលកៃ​ត្រូវ​គ្នា​ឯង​ហើយ​» លុះ​ពេល​មើល​ក៏​ឃើញ​ម្នាក់​ដើរ​ខាង​មុខ​ក្ដោប​ក្លៀក ម្នាក់​ដើរ​ក្រោយ​ទប់​គ្រាប់​ព្រូ​ញ ។

លោក ស្រៀ​ង បញ្ជាក់​ថា ពេល​ឃើញ​បែប​នេះ​គ្មាន​ន​ណា​ហ៊ាន​ប៉ះពាល់​ទេ ព្រោះ​គ្រាប់​ព្រូ​ញ​វែង​ពេក ទើប​សម្រេចចិត្ត​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​តែ​ម្ដង​ទៅ ។

ជុំវិញ​ករណី​នេះ​ ឪពុក​ជន​រង​គ្រោះ​លោក ឡុ​ង អៀ​ប បាន​និយាយ​ថា លោក​មិន​បាន​ប្ដឹងផ្ដល់​ទេ ព្រោះ​ជា​មនុស្ស​នៅ​ក្បែរ​ខាង និង​រាប់អាន​គ្នា​ផង ម្យ៉ាង​កូនប្រុស​គាត់​ក៏​ត្រូវ​បាន​គ្រួ​ពេទ្យ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​រួច​ផុត​ជីវិត​ហើយ​ដែរ ដូច្នេះ​លោក​គ្រាន់តែ​សុំ​ឲ្យ​ភាគី​បង្ក​ជួយ​ចេញថ្លៃ​ព្យាបាល​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​នាំ​ក្មេង​ប្រុស​ឈ្មោះ ស្រៀ​ង ស្រេង ទៅ​សួរនាំ​អំពី​មូលហេតុ​ផង​ដែរ តែ​ដោយសារ​ភាគី​រង​គ្រោះ​មិន​ប្ដឹង ទើប​សមត្ថកិច្ច​គ្រាន់តែ​ធ្វើការ​ដកហូត​ព្រូ​ញ​បាញ់​កណ្ដុរ​យក​ទៅ​ទុក និង​ធ្វើការ​អប់រំ​ដល់​ក្មេង​ប្រុស និង​អាណាព្យាបាល​ឲ្យ​ប​ញ្ឍ​ប់​ការ​ប្រើប្រាស​ព្រួញ​បាញ់​កណ្ដុរ ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​គ្រប់​បែប​យ៉ាង និង​គ្រប់ពេលវេលា ៕