សោកនាដកម្ម លង់ទឹក​ស្លាប់​ទាំងជីដូន និង​ ចៅស្រីៗ​ ២​ នាក់

Sanofi

​លោកយាយវ័យ ៦០ ​ឆ្នាំ បាន​នាំ​ចៅស្រី ២ ​នាក់ ទៅ​រាយ​មងយក​ត្រី​មក​ធ្វើ​ម្ហូប តែ​ជា​អកុសល​ចៅស្រី​ម្នាក់​បាន​រអិល​ជើង​ធ្លាក់ទឹក​ជ្រៅ ហើយ​ចៅ​ម្នាក់ទៀត​ក៏បាន​ចុះទៅ​ជួយ ក៏​លង់ទឹក​ស្លាប់​ម្នាក់ទៀត ចុងក្រោយ​លោកយាយក៏បាន​ចុះទៅ​ជួយ ហើយ​បណ្ដាលឱ្យ​លង់ទឹក​ស្លាប់​ទាំង ៣​ នាក់​តែម្ដង​។ ករណីនេះ​បានកើត​ឡើង​នៅវេលា ម៉ោង ​២:០០​នាទី​ រសៀល​ថ្ងៃទី​១៥ ខែ វិច្ឆិកា ឆ្នាំ២០១៥ នៅក្នុង​ចម្ការ​ធុ​រេ​ន ស្ថិតក្នុងភូមិ​អូរជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្ដ​កោះកុង ​(​ព្រំប្រទល់់​ខេត្ដ​ព្រះសីហនុ​)​។​

​លោក ហួត ចាន់​ធី អធិការស្រុកកំពង់​សិលា បានឱ្យដឹងថា ជនរងគ្រោះនៅក្នុង​ករណី​លង់ទឹក​ស្លាប់​ខាងលើនេះ​ទី ១-​ឈ្មោះ ហង្ស ឃីម ភេទ​ស្រី អាយុ​ ៦០ ឆ្នាំ ​(​យាយ​) ទី​២-​ឈ្មោះ ពៅ សារី​ម ភេទ​ស្រី អាយុ​១៩ ​ឆ្នាំ​ (​ចៅ​) និង​ទី​៣- ឈ្មោះ ខុម រី​ណា ភេទ​ស្រី អាយុ ៨​ ឆ្នាំ អ្នក​ទាំង ៣​ មាន​ទីលំនៅ​ភូមិស្ទឹង​ឆាយ​ខាងជើង ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ដព្រះសីហនុ​។​

​តាម​ប្រភពព័ត៌មាន​ពីក្រុមគ្រួសារ​ជនរងគ្រោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​នាំគ្នា​ទៅរក​ត្រី​នៅក្នុង​បឹង​មួយ​ជិត​ចម្ការ​ផ្លែ​ធុ​រេន ។

ពេលនោះ​ជនរងគ្រោះ​ដែលជា​យាយ​ទំនងជា​ឱ្យ​ចៅស្រី​អាយុ ១៩​ ឆ្នាំ កាន់​ចុង​មង​ម្ខាង ហើយ​រូបគាត់​ទាញ​រាយ​ចុង​មង​ទៅ​ម្ខាង ហើយ​ទុក​ចៅស្រី​អាយុ ៨​ ឆ្នាំ​ នៅ​លេង​ក្បែរ​មាត់បឹងប្រហែលជារអិល​ជើង​ធ្លាក់ទឹក ហើយ​ឃើញ​ដូច្នេះ ចៅស្រី​អាយុ ១៩ ​ឆ្នាំ​ បាន​លោត​ចុះទៅ​ជួយ​ក៏លង់​ទាំង ២ ​នាក់ គ្រានោះ​ជនរងគ្រោះ ដែលជា​យាយ​ក៏បាន​ចុះទៅ​ជួយ​ម្នាក់ទៀត ទើប​បណ្ដាលឱ្យ​លង់​ស្លាប់​ទាំង ៣ ​នាក់​តែម្ដង​។ ​បន្ទាប់ពី​ធ្វើ​កោសល្យវិច័យ​រួច សាកសព​ជនរងគ្រោះ​ត្រូវបាន​ក្រុម គ្រួសារ​ដឹកជញ្ជូន​និង​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន៕ សុទ្ធ គឹម​សឿន​

​ 

Related