តុលាការ​រាជធានី​ភ្នំពេញ ចេញ​ដីកា​ចាប់​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម សឺ​ង ហាយ​

ភ្នំពេញ: តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​ចាប់​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម សឺ​ង​ហាយ​។ ព្រះ​តេជគុណ សឺ​ង ហាយ ត្រូវបាន​តុលាការ សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ​រយៈពេល ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ដាក់ចូល​ថវិការដ្ឋ​ចំនួន ៦ លាន​រៀល ពីបទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ( ឆាយា​គណៈមហានិកាយ ) និង​ស្លៀកដណ្តប់​បែប​ព្រះពុទ្ធសាសនា​ដោយ​គ្មាន​សិទ្ធិ ប្រព្រឹត្តិ​នៅ​ចំណុច​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​

​ក្នុង​ដីកា ចុះ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ចៅក្រម ឃី ឆៃ ដែល​គេ​ទើបតែ​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៦​វិច្ឆិកា​នេះ បានសម្រេច​ឲ្យ​កងកម្លាំង​សាធារណៈ​ស្រាវជ្រាវ​រក​ចាប់ និង​ឃុំខ្លួន​ពិរុទ្ធជន ឈ្មោះ សឺ​ង ហាយ និង​ឲ្យ​ប្រធាន​ពន្ធនាគារ ឬ​មណ្ឌល​កែប្រែ​ម​១ ទទួល និង​ឃុំខ្លួន​ជននេះ រហូតដល់​មាន​បទបញ្ជា​ថ្មី សម្រេច​ផ្សេង​ពីនេះ​។​

​សូម​រម្លឹកថា ព្រះ​តេជគុណ សឺ​ង ហាយ ត្រូវបាន​អាជ្ញាធរ​សមត្ថកិច្ច ចាប់ខ្លួន ជាមួយនឹង​ស្ត្រី​បឹងកក់ ដែល​បាន​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤​។ ភ្លាមៗ​នោះ អាជ្ញាធរ​សមត្ថកិច្ច បាន​ចាប់​ផ្សឹក ហើយ​នាំ​ព្រះអង្គ ទៅ​ឃុំឃាំង និង​កាត់ទោស​។

​ក្រោយពី​ការចរចា​ខាង​នយោបាយ​ត្រូវរ៉ូវ​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​​សង្គ្រោះ​ជាតិ ស្ត្រី​បឹងកក់​ជាង ១០ នាក់ និង​អតីត​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម សឺ​ង ហាយ ត្រូវបាន​ដោះលែង​មកវិញ នៅ​មួយថ្ងៃ មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ នា​ខែមេសា ឆ្នាំ​២០១៥​។ ព្រះ​តេជគុណ សឺ​ង ហាយ បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​ធ្វើបាតុកម្ម​ប្រឆាំង​វៀតណាម នៅមុខ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​។​

​ក្រោយពី​ចេញពី​ពន្ធនាគារ ព្រះ​តេជគុណ សឺ​ង ហាយ បាន​បួស​ឡើងវិញ ហើយ​ពេលនេះ បាន​ចាក​ចេញពី​កម្ពុជា ទៅ​គង់នៅ​ក្រៅប្រទេស ដើម្បី​គេច​ពី​ការ​តាម​ចាប់ខ្លួន​៕​

តុលាការ​រាជធានី​ភ្នំពេញ ចេញ​ដីកា​ចាប់​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម សឺ​ង ហាយ​

តុលាការ​រាជធានី​ភ្នំពេញ ចេញ​ដីកា​ចាប់​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម សឺ​ង ហាយ​