បែកធ្លាយ លោក ប៉រ ត្រី​សៈ​ឌី មានកូន​ស្រី​អាយុ ២ ឆ្នាំ ដោយ​មិនមាន​ពិធីមង្គលការ​

Sanofi

បន្ទាប់ពី​លោក ប៉រ ត្រី​សៈ​ឌី (Por Tridsadee) ត្រូវបាន​បញ្ចូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​ឆ្លង​ជំងឺគ្រុនឈាម​កម្រិតធ្ងន់​ប្រភេទ​ទី ២ និង នៅតែ​ស្ថិតក្នុង​សភាព​គ្រោះថ្នាក់ អ្នកនាង វែ​ន​ដា មុត​ថា​សុ​វ័ន ដែលមាន​ឈ្មោះ​ហៅ​លេង​ថា បូ ហើយ​ដែល​ទស្សនិកជន​ស្គាល់​ជា​សង្សារ​របស់លោក ប៉រ ត្រី​សៈ​ឌី រយៈពេល​ជាង ១០ ឆ្នាំ បាន​នាំ​កូនស្រី​អាយុ ២ ឆ្នាំ មក​មន្ទីរពេទ្យ និង អះអាងថា នេះ​ជា​កូនស្រី​របស់​អ្នកនាង និង លោក ប៉រ ត្រី​សៈ​ឌី​។​




សម្រាប់​ការ​បែកធ្លាយ​រឿងអាស្រូវ​នេះ បានធ្វើឱ្យ​មិត្ត​អ្នកគាំទ្រ​ជាច្រើន​បញ្ចេញ​គំនិត​ឈ្លោះ​គ្នា​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​អ្នកខ្លះ​ថា មិនមែនជា​រឿង​ពិត រីឯ​អ្នកខ្លះ​ក៏​តបត​វិញ​ថា វា​សុទ្ធតែជា​រឿង​ពិត​។ សម្រាប់​បញ្ហា​នេះ អ្នកគ្រប់គ្រង​របស់លោក ប៉រ ត្រី​សៈ​ឌី ក៏បាន​ចេញមុខ​ធ្វើការ​បកស្រាយ​ថា ក្មេងស្រី ២ ឆ្នាំ ម្នាក់នេះ​គឺ​ពិតជា​កូនស្រី​បង្កើត​របស់លោក  ប៉រ ត្រី​សៈ​ឌី ជាមួយនឹង​មិត្តស្រី​របស់លោក​ពិតមែន ហើយ​លោក ប៉រ ត្រី​សៈ​ឌី ក៏​ជា​អ្នក​ដាក់ឈ្មោះ​ឱ្យ​កូនស្រី​ដោយផ្ទាល់ ដោយ​កូនស្រី​របស់លោក​មានឈ្មោះ​ថា «​មៈ​លី ផា​ខៈ​វ័ន​» ព្រោះ​លោក​ចង់ឱ្យ​កូនស្រី​ម្នាក់នេះ​មានឈ្មោះ​ពិ​រោះ​បែប​ជា​ជនជាតិ​ថៃ​។​



​គួរបញ្ជាក់​ផងដែរ​ថា កន្លងមកនេះ អស់​រយៈពេល ១០ ឆ្នាំ​មកនេះ គឺ​លោក ប៉រ ត្រី​សៈ​ឌី និង មិត្តស្រី​ធ្លាប់​ទទួល​ការរង​ការរិះគន់​យ៉ាងខ្លាំង ព្រោះ​មិត្តស្រី​របស់​ជា​ប្រពន្ធ​របស់​មិត្ត​ជិតស្និទ្ធ​របស់លោក ដូចនេះ​នៅពេលដែល​នាង​លែងលះ​ជាមួយ​ប្តី​របស់​នាង ម្នាក់ៗ​បាន​ចោទថា លោក ប៉រ ត្រី​សៈ​ឌី ជា​មូលហេតុ​ឱ្យ​ប្តី​ប្រពន្ធ​គេ​បែកបាក់​។



​ដោយសារតែ​ព័ត៌មាន​វាយប្រហារ​អ្នកនាង បូ រួមទាំង​រូបលោក​ខ្លាំងពេក ដូចនេះ លោក ប៉រ ត្រី​សៈ​ឌី ក៏​ចេញមុខ​បកស្រាយ​ជា​សាធារណៈ​ថា ចំពោះ​អ្នកនាង បូ គឺ​លោក​មាន​ទាំង​ក្តី​អាណិតអាសូរ និង ក្តី​ស្រឡាញ់ ជីវិត​របស់​អ្នកនាង បូ ជួប​រឿង​ឈឺចាប់​ច្រើន​មកហើយ តែ​លោក​ក៏​មិន​ចង់​ទម្លាយ​ការពិត​ថា តើ​អតីត​ប្តី​របស់​នាង​បានធ្វើ​បាប​នាង​យ៉ាងណាខ្លះ ហើយក៏​គ្មាន​មនុស្ស​ស្រី​ណា​ចង់​មានឈ្មោះ​ជា​មេម៉ាយ​នោះទេ​។



​លោក ប៉រ ត្រី​សៈ​ឌី បាន​បញ្ជាក់ថា លោក​មិនបាន​ដណ្តើម​ប្រពន្ធ​អ្នកណា​គេ​នោះទេ ហើយ​ចាប់តាំងពី​លោក​ស​ម្រ​ច​ចិត្ត​ចាប់ផ្តើម​ជាមួយ​អ្នកនាង បូ គឺ​លោក​មិន​ខ្វល់​ពី​អតីតកាល​របស់​នាង​នោះទេ ហើយ​លោក​ក៏​បន្ថែមទៀតថា បើ​បុរស​ម្នាក់​ស្រឡាញ់​នារី​ម្នាក់​ដោយស្មោះ គឺ​គេ​មិន​មើល​ពី​អតីតកាល​របស់​នាង​បាន​ឆ្លងកាត់​អ្វី​នោះទេ លោក​នឹង​នៅ​ជាមួយ​បច្ចុប្បន្ន​របស់​នាង ហើយនឹង​គិតថា តើ​ពេលអនាគត​គួរ​ធ្វើយ៉ាងណា​ដើម្បីឱ្យ​នាង​រស់​នៅមាន​សេចក្តីសុខ និង សុភមង្គល​។​



​គួរបញ្ជាក់​ផងដែរ​ថា កន្លងមកនេះ ទស្សនិកជន​គ្រាន់តែ​ដឹងថា​លោក ប៉រ ត្រី​សៈ​ឌី និង អ្នកនាង បូ ជា​សង្សារ​រយៈពេល ១០ ឆ្នាំ តែ​តាមពិត​ទើបតែ​បើក​ទម្លាយ ដោយ​លោក ប៉រ ត្រី​សៈ​ឌី និង អ្នកនាង បូ គឺជា​ប្តី​ប្រពន្ធ​ពេញ​ច្បាប់ ហើយ​ពួកគេ​បាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​តាំងតែ​ពី​ឆ្នាំ ២០១៣ នៅពេលដែល​កូនស្រី​របស់លោក​ចាប់កំណើត គ្រាន់តែ​មិនមាន​ពិធី​រៀបការ​។

 

កន្លងមកនេះ លោក ប៉រ ត្រី​សៈ​ឌី ក៏​សុំ​អ្នកនាង បូ រៀបចំ​ពិធីមង្គលការ​ដើម្បីឱ្យ​មហាជន​ដឹងឮ តែ​ដោយ​អ្នកនាង​ធ្លាប់មាន​ប្រវត្តិ​រៀបការ​រួច​ម្តង ដូចនេះ​នាង​ក៏​មិន​ព្រម តែ​ក៏មាន​ព័ត៌មាន​ចុះផ្សាយ​ថា អ្នក​ទាំងពីរ​នឹងមាន​ដំណឹង​រៀបការ​ក្នុងពេល​ឆាប់ៗ ព្រោះ​លោក ប៉រ ត្រី​សៈ​ឌី មិន​ចង់ឱ្យ​កូនស្រី​មាន​អារម្មណ៍​ថា នាង​ធំ​បាន​ប៉ុន​នេះហើយ ហេតុអ្វី​ក៏​ឪពុកម្តាយ​របស់​នាង​ទើបតែ​រៀបការ ប៉ុន្តែ​រឿង​ល្អ​មិនទាន់បាន​ឆ្លង​ផង លោក ប៉រ ត្រី​សៈ​ឌី ក៏មាន​ជំងឺ​ធ្ងន់ធ្ងរ​បែបនេះ​ទៅ​។​


​សម្រាប់​អាការ​បច្ចុប្បន្ន​របស់លោក ប៉រ ត្រី​សៈ​ឌី នៅតែ​មិនទាន់​ផុតពី​គ្រោះថ្នាក់ ព្រោះ​អាការ​របស់លោក​ធ្វើទុក្ខ​រាល់ថ្ងៃ ដោយ​ខាង​មន្ទីរពេទ្យ​នៅតែ​មិន​ផ្លាស់​លោក​ចេញពី​បន្ទប់សង្គ្រោះបន្ទាន់ ហើយ​បច្ចុប្បន្ននេះ គឺ​ជីវិត​របស់លោក​ពឹង​ផ្អែកលើ​ឧបករណ៍​ជួយ​ដកដង្ហើម និង បេះដូង​នៅឡើយ ហើយដោយ​សញ្ញា​ទាំងអស់​មិនទាន់​ឃើញ​ប្រសើរ​សោះឡើយ​៕ ខេ​រី​
(​ប្រភព​៖ ខាវ​ស៊ុ​ក​)

Related