គ្រូ​ជប៉ុន​បង្ហើប​ចំណុច​ខ្សោយ​កម្ពុជា និង​​បញ្ជាក់​ថា​មិន​ប្រើ​ជម្រើស​ដំបូង​ទាំង​អស់​


គ្រូ​ជប៉ុន​បង្ហើប​ចំណុច​ខ្សោយ​កម្ពុជា និង​​បញ្ជាក់​ថា​មិន​ប្រើ​ជម្រើស​ដំបូង​ទាំង​អស់​

ក្នុង​សន្នីសីទ​កាសែត​មុន​ជំនួប​ជម្រុះ​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១៨ ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​កាល​ពី​​ល្ងាច​មិញ លោក Vahid Halilhodžić គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​បាន​បង្ហើប​ពី​​ចំណុច​ខ្សោយ​របស់​ក្រុម​កម្ពុជា ហើយ​អះ​អាង​ថា ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លះ ដោយ​​មិន​ប្រើ​កីឡាករ​ជម្រើស​ដំបូង​ទាំង​អស់​ឡើយ។

 

លោក Vahid Halilhodžić បាន​និយាយ​​ក្នុង​សន្នីសីទ​កាសែត​​នា​ពហុកីឡដ្ឋាន​ជាតិកាល​ពី​ល្ងាច​​មិញ​ថា ការ​ប្រកួត​នៅ​ទឹក​ដី​កម្ពុជា​លើក​នេះ​អាច​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​យុទ្ធសាស្រ្ត​ខ្លះ ដោយ​លោក​មិន​ប្រើ​កីឡាករ​ជម្រើស​ដំបូង​ទាំង​អស់​នោះ​ទេ ហើយ​ទុក​ឱកាស​ឲ្យ​កីឡាករ​វ័យ​ក្មេង​មួយ​ចំនួន​បង្ហាញ​សមត្ថភាព​លើ​ទីលាន ព្រម​ទាំង​សង្ឃឹម​ថា​ពួក​គេ​ធ្វើ​បាន​ល្អ​ បើ​ទោះ​បី​លេង​ក្រៅ​ដី​ក៏​ដោយ។

 

គ្រូ​ជប៉ុន​បង្ហើប​ចំណុច​ខ្សោយ​កម្ពុជា និង​​បញ្ជាក់​ថា​មិន​ប្រើ​ជម្រើស​ដំបូង​ទាំង​អស់​

គ្រូ​បង្វឹក​ជម្រើស​ជាតិ​ជប៉ុន

 

គ្រូ​បង្វឹក​ជនជាតិ​បូស្នី​រូប​​នេះ​បាន​បញ្ជាក់​ថា ជំនួប​ជាមួយ​ក្រុម​ជម្រើស​កម្ពុជា​នា​ថ្ងៃ​ស្អែក គឺ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១៥ នេះ ដូច្នេះ​ហើយ​ទើប​លោក​ចង់​ទទួល​បាន​ជ័យ​ជម្នះ​មុន​ឆ្លង​ចូល​ឆ្នាំ​ថ្មី ហើយ​ឈ្នះ​ដោយ​ត្រចះ​ត្រចង់​ទៀត​ផង។ បុរស​វ័យ ៦៣​ឆ្នាំ​រូប​នេះ បាន​ស្គាល់​ច្បាស់​ពី​ទម្រង់​លេង​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ហើយ​ក៏​មាន​សង្ឃឹម​ថា​ឈ្នះ​ខ្ពស់​ដែរ។

 

លោក Vahid បាន​បញ្ជាក់​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​ប្រើ​ទម្រង់​ការពារ​ខ្លាំង​ដូច​កាល​លេង​ជើង​ទី១ ហើយ​វាយ​បក​ម្ដង​ៗ​ពេល​មាន​ឱកាស​ដែល​លោក​ត្រូវ​ប្រុង​ប្រយ័ត្ន​នៅ​តំបន់​ការពារ​ដូច​គ្នា ព្រោះ​ខ្សែ​ប្រយុទ្ធ​កម្ពុជា​មាន​ល្បឿន​លឿន។ លោក​បាន​បង្ហើប​ពី​​ចំណុច​ខ្សោយ​ក្រុម​កម្ពុជា​ថា ប្រឹង​លេង​តែ​តំបន់​ការពារ ប៉ុន្តែ​បែរ​ជា​ទូលាយ​នៅ​តំបន់​កណ្ដាល និង​តំបន់​ប្រយុទ្ធ។

 

ក្រុម​ជម្រើស​ជាតិ​ជប៉ុន​នឹង​ត្រូវ​ប្រកួត​ជើង​ទី២ ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្នុង​ជំនួប​ជម្រុះ​ពាន​រង្វាន់​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១៨ ជុំ​ទី២ នៅ​តំបន់​អាស៊ី ពូលE លើ​ទីលាន​ពហុកីឡដ្ឋាន​ជាតិ​ថ្ងៃ​ស្អែក។ សំបុត្រ​ទស្សនា​ប្រភេទ​១ បាន​លក់​អស់​ហើយ នៅ​សល់​តែ​ប្រភេទ២ តម្លៃ ៣​ដុល្លារ​ប៉ុណ្ណោះ។ ការ​ប្រកួត​នេះ ក៏​មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​បាយ័ន​ព័ត៌មាន BTV ផង​ដែរ៕

គ្រូ​ជប៉ុន​បង្ហើប​ចំណុច​ខ្សោយ​កម្ពុជា និង​​បញ្ជាក់​ថា​មិន​ប្រើ​ជម្រើស​ដំបូង​ទាំង​អស់​

អត្ថបទ៖ គង់ វិសាល​