មន្ត្រីនគរបាលនឹងចាប់ខ្លួនលោកសម រង្ស៊ីនៅពេលដែលលោកមកដល់ – សុធី

រាជធានីភ្នំពេញ៖ លោកអគ្គស្នងការរងនគរបាលជាតិឧត្តមសេនីយ៍ឯកគៀត ច័ន្ទថារិទ្ធ បានឲ្យដឺងថា «យើង នឹងអនុវត្តច្បាប់ … នេះជាកាតព្វកិច្ចរបស់ប៉ូលីស ហើយប៉ូលីស គឺជាអ្នកអនុវត្តច្បាប់ ហើយនៅពេលដែល មានការបញ្ជាពីតុលាការ, ដូច្នេះប៉ូលីស និងត្រូវតែអនុវត្តដោយសារវាជាកាតព្វកិច្ចរបស់ពួកគេ»។

លោកបន្ថែមថា”ប៉ូលីសដឹងពីរបៀបក្នុងការធ្វើទោះបីជាមានការព្រួយបារម្ភផងដែរ … ប៉ុន្តែពេលអនុវត្តពួកគេ ដឹងពីរបៀប ថាតើត្រូវធ្វើរបៀបណាហើយ»។

សូម​បញ្ជាក់​ថា សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ពាក់ព័ន្ធ​ករណី​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង ដែល​បាន​ប្រព្រឹត្តិ​កាលពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០០៨​។ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ចុះហត្ថលេខា​ដោយ​លោក ស៊ឺ វណ្ណ​នី តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ក្រោយពី​បាន​ពិនិត្យ​នាមត្រកូល និង​នាម​ខ្លួន សម រង្ស៊ី ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៥៧៦ ផ្លូវជាតិ​លេខ​២ ក្រុម​ទី​៣១ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ​ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ត្រូវ​ចោទ​ពី​បទ “​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​” ប្រព្រឹត្តិ​នៅ​សារមន្ទីរ​ជើងឯក សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០០៨ តាម​មាត្រា​៣០៥ មាន​ត្រា​៤៩៤ មាត្រា​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ។​

ដីកា​បញ្ជាក់​ទៀត​ថា តាម​អំណាច​សាលក្រម និង​សាលដីកា​ស្ថាពរ​ខាងលើ បាន​ចូល​ជា​ស្ថាពរ មាន​ប្រសិទ្ធភាព​អនុវត្ត​ហើយ។ ឈ្មោះ សម រង្ស៊ី ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល ហើយ​សាលា​ឧទ្ធរណ៍​បានសម្រេច​ចំណាយ​សំណុំរឿង​ចេញពី​បញ្ជី​ក្តី​សាលាឧទ្ធរណ៍ តាម​សាលដីកា​ស្ថាពរ​លេខ​១៧ ក្រ ៥.​ប ចុះ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៣ តែ​ឈ្មោះ សម រង្ស៊ី ពុំ​ទាន់​បាន​អនុវត្ត​ទោស​នៅឡើយ ដូច្នេះ​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ សម រង្ស៊ី ដែល​មាន​អត្តសញ្ញាណ​ខាងលើ តាម​អំណាច​សាលដីកា​ស្ថាពរ។

ការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​តុលាការ​បាន​ទទួល​ពាក្យ​ស្នើសុំ​អនុវត្ត​សាលដីកា​ស្ថាពរ ចុះ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ របស់​លោក ការ សា​វុ​ត្ថ មេធាវី​ការពារ​ក្តី​ឲ្យ​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ហើយ​តាម​ដីកា​លោក សម រង្ស៊ី ជាប់ចោទ​ក្នុង​សំណុំរឿង​ក្តី​ជាមួយ​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា​កាលពី​ឆ្នាំ​២០០៨ ដែល​កាលនោះ​លោក សម រង្ស៊ី លើក​ឡើង​ថា ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជា​ប្រធាន​គុក​បឹងត្របែក​នៅ​សម័យ​ខ្មែរក្រហម ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​លោក សម រង្ស៊ី ដាក់​ពន្ធនាគារ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៨​លាន​រៀល៕

Screen Shot 2015-11-16 at 07.39.20