នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​ទៅ​ដាក់​កម្រងផ្កាគោរព​វិញ្ញាណ​ក្ខន្ធ​​ចំពោះ​ពលរដ្ឋ​បារាំងដែល​បាន​ស្លាប់ នៅក្នុង​អំពើ​ភេរវក – វិសាល

រាជធានី​ភ្នំពេញ៖  នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៦ វិច្ឆិកានេះលោកហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល អញ្ជើញ​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​អ្នក​ស្លាប់ ក្នុង​ព្រឹត្តិការណ៍​អំពើ​ភេ​វរ​កម្ម​បំផ្ទុះ​គ្រាប់​នៅ​ក្រុងប៉ារីស​កាលពី​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា​កន្លង​មកនេះ នៅ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ក្បែរ​រង្វង់​មូល​គល់​ស្ពាន​ជ្រោយចង្វារ​ប៉ែក​ខាងលិច។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានធ្វើការ​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា ចំពោះ​ការវាយប្រហារ​ពី​សំណាក់​ក្រុម​ភេរ​វករ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម នៅក្នុង​សាល​ប្រគុំ​តន្ត្រី​បា​តា​ក្លង់ និង​ទីកន្លែង​ផ្សេងទៀត ដែល​ក្នុងនោះ មាន​ភោជនីយដ្ឋាន​ខ្មែរ​មួយ​ដែរ ដែល​បាន​បណ្តាល​ឲ្យ​ប្រជាជន​ជាច្រើន​រយ​នាក់​ស្លាប់ និង​របួស នៅ​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​នៅក្នុង​សារ​រំលែក​ទុក្ខ​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ផ្ញើជូន​ជូន​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ប្រធានាធិបតី នៃ​សាធារណរដ្ឋ​បារាំង កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ បានសរសេរថា “​ខ្ញុំ​មាន​ក្តី​រន្ធត់​តក់ស្លុត​ដោយបាន​ទទួលដំណឹង​ស្តីពី​ការវាយប្រហារ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម នៅក្នុង​សាល​ប្រគុំ​តន្ត្រី​បា​តា​ក្លង់ និង​នៅ​ទីកន្លែង​ផ្សេងទៀត នៅ​ទីក្រុង​ប៉ារីស បណ្តាល​ឲ្យ​ប្រជាជន​ជាច្រើន​នាក់​ស្លាប់ និង​របួស កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដែល​ក្នុងនោះ​មាន​ភោជនីយដ្ឋាន​ខ្មែរ​រ​មួយ​ដែរ​។ នៅក្នុង​ឱកាស​ដ៏​ក្តុកក្តួល​របស់​ប្រជាជន​បារាំង តាងនាម​ឲ្យ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​សម្តែង​ជូន​ឯកឧត្តម នូវ​ក្តី​រន្ធត់ និង​ការចូលរួម​មរណៈទុក្ខ​ដ៏​ក្រៀមក្រម​បំផុត​ជូន​ចំពោះ​ប្រជាជន​បារាំង និង​គ្រួសារ​អ្នករងគ្រោះ​”​។​

គួរ​បញ្ជាក់​ថា យោង​តាម​តុល្យការ​បណ្តោះអាសន្ន​ក្នុង​ការ​វាយប្រហារ​កាលពី​យប់​ថ្ងៃ​សុក្រ ទី​១៣ វិច្ឆិកា​នៅ​ក្រុងប៉ារីស បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​កើនឡើងដល់ ១៣២នាក់ និង​របួស​៣៥១​នាក់ ក្នុង​នោះ​៨០​នាក់​រង​របួសធ្ងន់។នេះ​បើយោងតាម​ការ​ចេញ​ផ្សាយរបស់ AFP ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥៕4444